ភ្នំពេញ៖ ក្រសួង​ពាណិជ្ជកម្ម​ធ្វើ​ការ​បំភ្លឺ​ចំពោះ​មតិ​រិះគន់​មួយ​ចំនួន​ថា ការ​អនុញ្ញាត​ឲ្យ​អាជីវករ​ចូលរួម​លក់​ទំនិញ​តាម​ទីតាំង​របស់​ក្រសួង​ពាណិជ្ជកម្ម​ដែល​បាន​បង្កើត​ក្នុង​ទ្រង់ទ្រាយ​តូចៗ គឺ​ផ្ទុយ​ទៅ​នឹង​វិធានការ​ការពារ​របស់​រាជរដ្ឋាភិបាល​ដែល​ហាម​ការ​ប្រមូល​ផ្តុំ ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូវីដ ១៩។

សេចក្តី​បំភ្លឺ​របស់​ក្រសួង​ពាណិជ្ជកម្ម​បាន​ផ្សាយ​នៅ​ថ្ងៃទី ២៧ មេសា​ថា ការ​អនុញ្ញាត​ឲ្យ​អាជីវករ​លក់​នៅ​ក្នុង​ទ្រង់ទ្រាយ​តូចៗ​នៅ​តាម​ទីតាំង​របស់​ក្រសួង គឺ​ស្មើ​គ្នា​នឹង​ការ​អនុញ្ញាត​ឲ្យ​បង្កើត​ផ្សារ​សាជាថ្មី​ឡើង​វិញ ដែល​អាច​ជា​ប្រភព​នៃ​ការ​ចម្លង​ខ្ពស់ ឬ​បង្កើន​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ កាន់​តែ​ខ្លាំង​ឡើង។

សេចក្តី​បំភ្លឺ​ឲ្យ​ដឹង​ថា ការ​ផ្តល់​មតិយោបល់​ជា​ចំហ​ក្នុង​ន័យ​ស្ថាបនា ក៏​ដូចជា​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ និង​មតិ​វាយ​ប្រហារ​បន្ទុច​បង្អាក់​សកម្មភាព​របស់​ក្រសួង​ពាណិជ្ជកម្ម​ក្នុង​ការ​សម្របសម្រួល​លក់​ផ្គត់ផ្គង់ ដឹក​ជញ្ជូន និង​ចែកចាយ​លក់​ស្បៀង​អាហារ និង​គ្រឿង​ឧបភោគ​បរិភោគ​ចាំបាច់​ជូន​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ក្រហម។

សេចក្តី​បំភ្លឺ​បញ្ជាក់​ថា កិច្ចការ​របស់​ក្រសួង​នេះ​បាន​ធ្វើ​ឡើង​ស្រប​តាម​សេចក្ដី​ណែនាំ​លេខ ០១ សណន ចុះ​ថ្ងៃទី ១៩ ខែ មេសា ឆ្នាំ ២០២១ របស់​រាជរដ្ឋាភិបាល។

សេចក្តី​បំភ្លឺ​ឲ្យ​ដឹង​ថា ដោយ​ហេតុ​ថា ទីផ្សារ និង​ទីកន្លែង​លក់​ម្ហូប​អាហារ និង​គ្រឿង​ឧបភោគ​បរិភោគ​មួយ​ចំនួន​ត្រូវ​បាន​ផ្អាក​សកម្មភាព​ជា​បណ្តោះអាសន្ន ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ ដូច្នេះ​ក្រសួង​ក៏​បាន​បញ្ចេញ​ស្បៀង​ឲ្យ​ចរាចរណ៍​ក្នុង​ទីផ្សារ​តាមរយៈ​រថយន្ត​ចល័ត​របស់​ក្រុមហ៊ុន ហ្គ្រីន ត្រេដ។

ក្រសួង​បាន​បញ្ចេញ​រថយន្ត​ចល័ត​ចំនួន ៨ គ្រឿង និង​ដំឡើង​ស្ដង់​លក់​ទំនិញ​របស់​ក្រសួង​ពាណិជ្ជកម្ម​សរុប​មាន ១១ ទីតាំង ដែល​មាន ២៥ ស្តង់ ដើម្បី​ទ្រទ្រង់​ស្ថិរភាព​ថ្លៃ​ទំនិញ ក៏​ដូចជា​ទប់ស្កាត់​ការ​ឡើង​ថ្លៃ​ហួសហេតុ​ដែល​បង្ក​ឡើង​ដោយ​ជន​ឆក់​ឱកាស និង​ជន​ខិលខូច​មួយ​ចំនួន។

ទន្ទឹម​នឹង​នេះ ក្រសួង​ពាណិជ្ជកម្ម​ក៏​បាន​ចាត់​មន្ត្រី​របស់​ខ្លួន​ឲ្យ​បន្ត​ចុះ​ត្រួត​ពិនិត្យ និង​តាម​ដាន​សន្ទស្សន៍​ថ្លៃ​ទំនិញ​តាម​ទីផ្សារ​ជា​ប្រចាំ ដើម្បី​ទប់ស្កាត់​ការ​បន្លំ​គុណភាព ការ​លក់ដូរ​បំប៉ោង​តម្លៃ​ទំនិញ ព្រម​ទាំង​ណែនាំ​ដល់​អាជីវករ​ទាំង​អស់​ឲ្យ​បិទ​ស្លាក​ថ្លៃ​នៅ​លើ​មុខ​ទំនិញ និង​កុំ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​ថ្លៃ​ទំនិញ​តាម​អំពើ​ចិត្ត​លើស​ពី​តម្លៃ​ទំនិញ ដែល​បាន​លក់​មុន​ពេល​បិទ​ខ្ទប់។

ក្រសួង​បញ្ជាក់​ថា ក្នុង​ករណី​មាន​ការ​លួច​បន្លំ​ដំឡើង​ថ្លៃ​ណា​មួយ​កើត​ឡើង ប្រជាពលរដ្ឋ​អាច​រាយការណ៍​ជា​បន្ទាន់​មក​កាន់​អាជ្ញាធរ​មាន​សមត្ថកិច្ច និង​អង្គភាព​ពាក់ព័ន្ធ​របស់​ក្រសួង ឬ​មន្ត្រី​ប្រចាំការ​នៅ​តាម​ស្តង់​លក់​ទំនិញ ដើម្បី​ចាត់​វិធានការ​ឲ្យ​បាន​ទាន់​ពេល​វេលា។

ក្រសួង​ពាណិជ្ជកម្ម​ក៏​បាន​សម្រប​សម្រួល​ជាមួយ​ក្រុមហ៊ុន​ឯកជន និង​អាជីវករ​មួយ​ចំនួន​ ដើម្បី​ចូលរួម​ផ្គត់ផ្គង់​ទំនិញ​ចាំបាច់​ដទៃ​ទៀត​ជូន​ដល់​ប្រជាពលរដ្ឋ​ផង​ដែរ។

តាមរយៈ​ការ​សម្របសម្រួល​នេះ ក្រសួង​ពាណិជ្ជកម្ម​បាន​តម្រូវ​ឲ្យ​មាន​ការ​លក់​តែ​ទំនិញ​ដែល​មាន​តម្រូវ​ការ​ចាំបាច់​បំផុត ដូចជា​មាន់ ត្រី សាច់ បន្លែ ផ្លែឈើ អាហារ​សម្រាប់​កុមារ និង​ម្ហូប​ក្រៀម​ផ្សេងៗ​ក្នុង​តម្លៃ​សម​ស្រប និង​តម្រូវ​ឲ្យ​ការ​លក់​មាន​របៀប​រៀបរយ​តាម​វិធានការ​ការពារ​របស់​ក្រសួង​សុខាភិបាល។

ក្នុង​រយៈពេល​ ៥ ថ្ងៃ គិត​ពី​ថ្ងៃទី ២២ ដល់ ២៦ ខែ មេសា ឆ្នាំ ២០២១ ក្រសួង​ពាណិជ្ជកម្ម​បាន​លក់​ស្បៀង​ជូន​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​តំបន់​ក្រហម​បាន​អង្ករ ១ ៤៥២ បេ មី ៤ ២៨៣ កេស ត្រីខ ២ ៨០៣ យួរ ទឹកត្រី ១ ១៦១ យួរ ទឹក​ស៊ីអ៊ីវ ១ ០៩៧ យួរ ទឹក​បរិសុទ្ធ ២៣០ យួរ ឆៃប៉ូវ ៦០២ ថង់ (១ ថង់ ២ គីឡូក្រាម) រួម​ទាំង​បន្លែ​បង្ការ​មួយ​ចំនួន​ទៀត៕