ភ្នំពេញៈ ខេត្ត​ចំនួន​ ២ ​បន្ថែម​ទៀត​នៅពេលនេះ​ត្រូវបាន​ផ្តល់​អំណាច​ឲ្យ​ចេញ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម (CO) ទម្រង់ D ដើម្បី​ជួយ​សម្រួល​ដល់​ក្រុមហ៊ុននាំចេញ​ឲ្យ​ទទួល​បាន​ភាព​កាន់តែ​ងាយស្រួល​ក្នុង​ការដាក់​ពាក្យសុំ​នៅតាម​ទីតាំង​របស់​ពួកគេ ខណៈ​រដ្ឋាភិបាល​គ្រោង​ផ្តល់​អំណាច​សម្រាប់​ការចេញ CO ដល់​​មន្ទីរ​ពាណិជ្ជកម្ម​នៅតាម​ខេត្ត​នីមួយៗ​នៅ​ឆ្នាំ​ខាងមុខ​។

ខេត្តព្រះវិហារ និង​ខេត្តពោធិ៍សាត់​អាច​ចេញ CO ទម្រង់ D ដល់​ក្រុមហ៊ុន​នាំចេញ​នៅក្នុង​ខេត្ត​ទាំងនេះ​បាន​ចាប់ពី​ថ្ងៃទី​ ៩ ខែធ្នូ ឆ្នាំនេះ​ទៅ​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួងពាណិជ្ជកម្ម​ដែល​ចេញផ្សាយ​នៅ​ថ្ងៃ​សុក្រ​មុន​។

សេចក្ដី​ប្រកាស​ព័ត៌មាន​នេះ​បាន​ឲ្យ​ដឹងថា​៖ «​ពាណិជ្ជករ និង​ក្រុមហ៊ុន​ផលិតកម្ម​នៃ​ផលិតផល​កសិកម្ម​ក្នុង​ខេត្ត​ភាគ​ឦសាន​ទាំង​​ ២ នេះ​អាចដាក់​ពាក្យសុំ​ទម្រង់​នេះ​តាមរយៈ​អនឡាញ​ដោយផ្ទាល់ ហើយ​ពួកគេ​អាច​ទទួលបាន CO ទម្រង់ D នៅ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​របស់​ពួកគេ​រៀងៗ​ខ្លួន​»​។

CO ទម្រង់ D ត្រូវបាន​តម្រូវ​ឲ្យ​មាន​ដោយ​ប្រទេស​នាំចូល​នៅក្នុង​ប្លុក​អាស៊ាន ដែល​នាំចូល​ផលិតផល​កសិកម្ម​ពី​ប្រទេស​កម្ពុជា​។

ក្រសួង​ពាណិជ្ជកម្ម​បាន​សម្រេចចិត្ត​ធ្វើ​ប្រតិភូកម្ម​ដល់​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត ក្នុង​ការចេញ CO ទម្រង់ D ក្នុង​គោលបំណង​ជួយ​សម្រួល​ដល់​ពាណិជ្ជករ​ក្នុង​ការដាក់​ពាក្យសុំ​ទម្រង់​នេះ​ដែល​មុន​ឆ្នាំ​ ២០១៧ ពាណិជ្ជករ​ជាពិសេស​ក្រុមហ៊ុន​នាំចេញ​នៅតាម​ខេត្ត​ត្រូវតែ​ដាក់​ពាក្យសុំ​ទម្រង់​នេះ​ដោយផ្ទាល់​នៅ​ក្រសួង​ដែល​ត្រូវបាន​គេ​មើលឃើញថា ខាត​ពេលវេលា​សម្រាប់​ពាណិជ្ជករ​។

ថ្មីៗ​នេះ​ក្រសួង​បានធ្វើ​ប្រតិភូកម្ម​សម្រាប់​ការចេញ​ទម្រង់ D នេះ​ទៅដល់​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​មួយចំនួន​ក្នុង​ប្រទេស ដើម្បី​ជួយ​សម្រួល​ដល់​សកម្មភាព​អាជីវកម្ម និង​ការនាំចេញ​។

សេចក្ដីប្រកាស​ព័ត៌មាន​បាន​ឲ្យ​ដឹងថា​៖ «​ក្រសួង​ពាណិជ្ជកម្ម​នឹង​បន្តធ្វើ​ប្រតិភូកម្ម​ដល់​ការចេញ CO ទម្រង់ D សម្រាប់​ការនាំចេញ​ផលិតផល​កសិកម្ម​ដល់​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ទាំងអស់​នៅពេល​ខាងមុខ​ក្នុង​ពេល​ឆាប់ៗ​នេះ​»​។

លោក ផាន សំអាង ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តព្រះវិហារ​បាន​ឲ្យ​ដឹងថា ការអនុញ្ញាត​ពី​ក្រសួង​គឺជា​ជំហាន​វិជ្ជមាន​មួយ ដើម្បី​អនុញ្ញាត​ឲ្យ​ខេត្ត​អាច​ចេញ CO ទម្រង់ D សម្រាប់​ក្រុមហ៊ុន​នាំចេញ ដោយសារ​តែ​វា​នឹង​មាន​ភាព​កាន់តែ​ងាយស្រួល កាត់បន្ថយ​ការចំណាយ​ប្រាក់ និង​ពេលវេលា​សម្រាប់​ពួកគេ​។

លោក​បាន​ថ្លែងថា​៖ «​យើង​ដំឡើង​ប្រព័ន្ធ​នេះ​រួចហើយ​នៅ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​របស់​យើង ដើម្បី​ឲ្យ​ពាណិជ្ជករ ឬ​ក្រុមហ៊ុន​នាំចេញ​ទាំងអស់​ដែល​ចង់​ធ្វើការ​នាំចេញ​ណាមួយ​នូវ​ផលិតផល​របស់​ពួកគេ ពួកគេ​អាច​ដាក់​ពាក្យសុំ​នៅទីនេះ​បាន​»​។

លោក​បន្ថែមថា​៖ «​នេះ​គឺជា​សញ្ញា​វិជ្ជមាន​មួយ​ជា​កិច្ចប្រឹងប្រែង​របស់​រដ្ឋាភិបាល​ក្នុង​ការជួយ​សម្រួល​ដល់​ពាណិជ្ជកម្ម​អាជីវកម្ម​របស់​យើង​»​។

ប្រធាន​មន្ទីរ​រូបនេះ​បាន​ឲ្យ​ដឹង​ទៀតថា ភាគច្រើន​នៃ​អាជីវកម្ម​នៅក្នុង​ខេត្ត​របស់លោក ភាគច្រើន​គឺ​ការនាំចេញ​ផលិតផល​កសិកម្ម​ទៅ​បណ្ដា​ប្រទេស​ជិតខាង ជាពិសេស​ប្រទេស​ថៃ​។

ទោះយ៉ាងណា​លោក​មិនមាន​ទិន្នន័យ​អំពី​ទំហំ​នៃ​ការនាំចេញ​ពាណិជ្ជកម្ម​ដែល​ខេត្ត​នេះ​មាន​នោះទេ​។

អ្នកស្រី ឈុន សេរីរ័ត្ន ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តពោធិ៍សាត់​ឲ្យ​ដឹងថា ក្រុមមន្ដ្រី​របស់​អ្នកស្រី​នឹង​ផ្សព្វផ្សាយ​សេចក្ដី​ប្រកាស​នេះ​ដល់​ពាណិជ្ជករ និង​សហគមន៍​អាជីវកម្ម​ទាំងអស់​ក្នុង​ខេត្ត ដើម្បី​ជូនដំណឹង​ដល់​ពួកគេ​អំពី​ការដាក់​ពាក្យសុំ CO ពី​មន្ទីរ​។

អ្នកស្រី​ថ្លែងថា​៖ «​ការចាប់ផ្ដើម​ពី​ថ្ងៃ​ស្អែក [​ថ្ងៃនេះ​] ក្រុម​មន្ដ្រី​របស់​យើង​នឹង​ធ្វើ​ដំណើរ​ដោយផ្ទាល់​ទៅ​ដល់​សហគមន៍​អាជីវកម្ម​ដែលមាន​សក្ដានុពល​ជាច្រើន និង​ជូនដំណឹង​ដល់​ពាណិជ្ជករ​របស់​យើង​ថា ចាប់ពី​ពេល​នេះ​តទៅ ពួកគេ​អាច​ដាក់​ពាក្យសុំ​នៅ​កន្លែង​យើង​បាន ដូច្នេះ​ពួកគេ​មិនចាំបាច់​ត្រូវ​ទៅ​ទីក្រុង​ភ្នំពេញ​ដើម្បី​ដាក់​ពាក្យសុំ​នៅ​ក្រសួង​ទេ បើ​ពួកគេ​ចង់​ធ្វើការ​នាំចេញ​ណាមួយ​»​។

អ្នកស្រី សេរីរ័ត្ន ឲ្យ​ដឹងថា ខេត្ត​របស់​លោកស្រី​សម្បូរ​ដោយ​ផលិតផល​កសិកម្ម ភាគច្រើន​ដំឡូង និង​ក្រូចពោធិ៍សាត់​ដែល​ភាគច្រើន​នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម និង​ថៃ​។

ចាប់តាំងពី​ឆ្នាំ​ ២០១៧ មក ក្រសួងពាណិជ្ជកម្ម​បាន​ធ្វើ​ប្រតិភូកម្ម​ដល់​ការចេញ CO ទម្រង់ D ដល់​ខេត្ត ៩ ដូចជា​ខេត្តរតនគិរី ត្បូងឃ្មុំ ប៉ៃលិន បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ ក្រចេះ ស្ទឹងត្រែង និង​មណ្ឌលគិរី​។

ស្ថិតក្រោម​ការកែទម្រង់​ថ្មី​នៃ​ផ្តល់​អំណាច​ចេញ CO ទម្រង់ D នេះ ដំណើរការ​នៃ​ការដាក់​ពាក្យសុំ CO នៅពេល​នេះ​ត្រូវការ​រយៈពេល​តែ ១៦ ​ម៉ោង​ប៉ុណ្ណោះ ធៀប​នឹង​ពី ១០ ថ្ងៃ​ដល់​ ២ ​សប្ដាហ៍ បើ​ការដាក់​ពាក្យសុំ​ត្រូវ​បាន​ធ្វើឡើង​នៅ​ក្រសួង​ពាណិជ្ជកម្ម​នៅ​ទីក្រុង​ភ្នំពេញ​៕ LA