ភ្នំពេញ: ក្រសួង​ពាណិជ្ជកម្ម​បើកផ្លូវ​ឲ្យ​ក្រុមហ៊ុន K.C.C.V Plantation Co., Ltd ដែលជា​ក្រុមហ៊ុន​ឯកជន​ដែល​បាន​បង្កើត​ផ្សារ​អាហារ​សុវត្ថិភាព​ក្នុង​ខណ្ឌ​ជ្រោយចង្វារ ចូលរួម​អភិវឌ្ឍ​ខ្សែចង្វាក់​តម្លៃ​ផលិតផល​កសិពាណិជ្ជកម្ម បន្ថែម​សុវត្ថិភាព​ដែល​ក្រសួង​កំពុង​អនុវត្ត​ក្រោម​កម្ចី​ពី​មូលនិធិ​អន្តរជាតិ​សម្រាប់​អភិវឌ្ឍន៍​កសិកម្ម​ (IFAD)​។

ថ្នាក់ដឹកនាំ​ក្រសួង​ពាណិជ្ជកម្ម និង តំណាង​ក្រុមហ៊ុន​បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​កាលពី​ថ្ងៃ​អង្គារ​ដោយ​ភាគី​ទាំង​ ២ ​សុទ្ធតែ​អះអាង​ថា តាមរយៈ​អនុស្សរណៈ​នេះ​ភាគី​ទាំង​ ២ ​នឹង​មាន​លទ្ធភាព​ធ្វើ​ការងារ​កាន់តែ​ទូលំទូលាយ​ និង​កាន់តែ​ស៊ីជម្រៅ​លើ​ការអភិវឌ្ឍ​ទីផ្សារ​កសិកម្ម​ខ្នាតតូច​នេះ​។

លោក ប៉ាវ ហេងតារា រដ្ឋលេខាធិការ​នៃ​ក្រសួង​ពាណិជ្ជកម្ម​បាន​អះអាងថា ការចុះហត្ថលេខា​ជាមួយ​ក្រុមហ៊ុន​នេះ ដើម្បី​រួមចំណែក​ដោះស្រាយ​បញ្ហា​ប្រឈម​ទីផ្សារ​បន្លែ​នៅ​កម្ពុជា​។

លោក​ថ្លែងថា​៖ «​អនុស្សរណៈ​យោគយល់​គ្នា​នឹង​បង្កើន​កិច្ច​សហការគ្នា​កាន់តែ​ស៊ីជម្រៅ​រវាង​គម្រោង​ជំរុញ​ទីផ្សារ​សម្រាប់​កសិកម្ម​ខ្នាតតូច និង​ផ្សារ​ទំនើប ហើយ​វា​នឹង​ធ្វើឱ្យ​ប្រសើរ​ឡើង​នូវ​ខ្សែចង្វាក់​តម្លៃ​ផលិតផល​កសិពាណិជ្ជកម្ម​បន្លែ​សុវត្ថិភាព​ជាពិសេស​ជួយ​សម្រប​សម្រួល​ដល់​ក្រុម​ផលិត​បន្លែ​សុវត្ថិភាព​ដោយ​គាំទ្រ​ផែនការ​ផលិត​បន្លែ និង តភ្ជាប់​ទីផ្សារ​»​។

លោក​បន្តថា អនុស្សរណៈ​នឹង​ផ្តោតលើ​គម្រោង​ជំរុញ​ទីផ្សារ​សម្រាប់​កសិកម្ម​ខ្នាតតូច​ (AIMS) ​ដែល​ជា​គម្រោង​រួម​គ្នា​រវាង​រដ្ឋាភិបាល​កម្ពុជា​ជាមួយ​នឹង​មូលនិធិ​អន្តរជាតិ​សម្រាប់​អភិវឌ្ឍន៍​កសិកម្ម​ (IFAD)​។ ក្រសួងពាណិជ្ជកម្ម​ដែលជា​អ្នកដឹកនាំ​ប្រតិបត្តិ​គម្រោង​នេះ​បាន​ចងក្រង​បណ្តាញ​កសិករ​ផលិត​បន្លែ​សុវត្ថិភាព​នៅ​តាម​បណ្តា​ខេត្ត​គោលដៅ​ចំនួន​ ១៨ ​ដើម្បី​តភ្ជាប់​ទីផ្សារ និង​សម្របសម្រួល​ភាព​ជា​ដៃគូ​ជាមួយ​វិស័យ ឯកជន​ក្នុង​ការលើក​កម្ពស់​ផលិតភាព និង​ផលចំណេញ​លើ​វិស័យ​បន្លែ​។

លោក​និយាយថា​៖ «​គម្រោង​នេះ​នឹង​ផ្តោត​ការលើកកម្ពស់​ខ្សែចង្វាក់​តម្លៃ​ទំនិញ​ពាណិជ្ជ​ចំនួន​ ៥ ​មុខ​ដូចជា បន្លែ មាន់ អង្ករ​ក្រអូប ដំឡូងមី និង​សូត្រ​។ លើសពី​នេះ​គម្រោង​សម្របសម្រួល​វេទិកា​ពហុភាគី​ពាក់ព័ន្ធ​ជាមួយ​តួអង្គ​ខ្សែចង្វាក់​តម្លៃ​បន្លែ​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​វិស័យនេះ ដូចជា បច្ចេកទេស​ដាំដុះ​ការធ្វើផែនការ ហិរញ្ញវត្ថុ និង​អាជីវកម្ម ប្រព័ន្ធ​ស្រោចស្រព​ឥណទាន និង​ទីផ្សារ​»​។

លោក នេត អង្គារ អ្នកគ្រប់គ្រង​ទូទៅ​របស់​ក្រុមហ៊ុន K.C.C.V Plantation Co., Ltd បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ការចុះហត្ថលេខា​នេះ​នឹង​ផ្តល់​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន​របស់លោក​ទទួល​ទិញ​កសិផល ត្រី សាច់ ពី​កសិករ​ក្នុង​គម្រោង​ដើម្បី​ដាក់តាំង​លក់​នៅក្នុង​ផ្សារ​របស់​ក្រុមហ៊ុន​ឈ្មោះថា ផ្សារ​អាហារ​សុវត្ថិភាព​។

លោក​បន្តថា ផ្សារ​នេះ​គ្រោង​នឹង​បើក​លក់​ជា​ផ្លូវការ​នៅ​ថ្ងៃ​ ១១ ខែមិថុនា ខាងមុខ​នេះ​ដែល​សាងសង់​លើ​ផ្ទៃដី​ទំហំ ៣ ៧០០ ម៉ែត្រការ៉េ​ស្ថិត​នៅក្នុង​ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។

លោក​ថ្លែងថា​៖ «​យើង​នឹង​ទទួល​ទិញ​បន្លែ ត្រី​សាច់ ពី​កសិករ​នៃ​គម្រោង​នេះ​សម្រាប់​មក​ដាក់លក់​នៅ​ផ្សារ​របស់​យើង​។ ​យើង​នឹង​ទិញ​បន្លែ​ ១ ​មុខ​ចំនួន​ ២០ ​គីឡូ​ពី​កសិករ​ជា​ជំហាន​សាកល្បង ហើយ​សាច់​យើង​កំពុង​ចរចា​គ្នា​ថា​តើ​គួរ​ទិញ​ប៉ុន្មាន​គីឡូ​»​។

គម្រោង​ AIMS ​មាន​រយៈពេល​អនុវត្ត​ ៦ ​ឆ្នាំ​ចាប់ពី​ឆ្នាំ​ ២០១៧ ដល់​ឆ្នាំ​ ២០២៣ ក្នុង​ទំហំ​ទឹកប្រាក់​សរុប​ ៤៥ ​លាន​ដុល្លារ​ក្នុង​នោះ IFAD ​បានផ្តល់​មូលនិធិ​ចំនួន ៣៦,២៥ ​លាន​ដុល្លារ និង ៨,៦៨ លាន​ដុល្លារ​បាន​ពី​រដ្ឋាភិបាល​កម្ពុជា​៕