ភ្នំពេញៈ ក្រសួងពាណិជ្ជកម្មកម្ពុជាបានចុះអនុស្សរណៈនៃការយោគយល់ (MoU) ជាមួយក្រុមហ៊ុន យ៉ាម៉ាតុ ហ្គ្រីន (Yamato Green) របស់ជប៉ុនក្នុងគោលបំណងដើម្បីអភិវឌ្ឍខ្សែចង្វាក់តម្លៃលើផលិតផលកសិពាណិជ្ជកម្ម។
បច្ចុប្បន្នក្រុមហ៊ុនជប៉ុនមួយនេះកំពុងទទួលជោគជ័យលើការដាំបន្លែសុវត្ថិភាពនៅខេត្តបាត់ដំបង និងមណ្ឌលគិរី។
MoU នេះចុះហត្ថលេខារវាងលោក សំរឹទ្ធ សាកុរា អគ្គនាយកស្តីទីនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស និងជានាយកគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) ជាមួយនឹង លោក Nabeshima Katsuhito អគ្គនាយកក្រុមហ៊ុន Yamato Green កាលពីថ្ងៃទី ៦ ខែ មករា ឆ្នាំ ២០២១ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ក្រោមអធិបតីភាពលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក Mikami Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា។
លោក ប៉ាន សូរស័ក្តិ បានថ្លែងថា MoU នេះជាការឆ្លើយតបទៅនឹងគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការលើកកម្ពស់វិស័យកសិពាណិជ្ជកម្មនៅកម្ពុជា។ លោកបន្តថា MoU នេះនឹងបង្កើតកិច្ចសហប្រតិបត្តិការល្អក្នុងការរួមដោះស្រាយបញ្ហាប្រឈមនានាក្នុងខ្សែចង្វាក់តម្លៃ និងពង្រឹងផលិតភាព គុណភាព ដើម្បីឆ្លើយតបទៅទីផ្សារ។
លោកថ្លែងថា៖ «ក្នុងនាមភាពជាដៃគូអភិវឌ្ឍន៍ឧស្សាហកម្ម និងកសិពាណិជ្ជកម្ម ក្រុមហ៊ុន Yamato Green នឹងក្លាយជាដៃគូសមស្របមួយសម្រាប់អភិវឌ្ឍផលិតកម្មកសិពាណិជ្ជកម្មប្រកបដោយនិរន្តរភាព និងការផ្តល់បច្ចេកទេសកែច្នៃ ការវេចខ្ចប់ ព្រមទាំងនីតិវិធីផ្សេងៗដើម្បីបង្កើនឱកាសផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញប្រកបដោយប្រសិទ្ធភាព»។
លោកបន្តទៀតថា ការចូលរួមរបស់ក្រុមហ៊ុន Yamato Green ក្នុងការអភិវឌ្ឍម៉ូដែលផលិតកម្មមួយដែលមានបច្ចេកវិទ្យាជឿនលឿន នឹងជំរុញផលិតកម្មក្នុងស្រុកនាពេលបច្ចុប្បន្ន ដើម្បីដោះស្រាយបញ្ហាប្រឈមដែលទាក់ទងនឹងផលិតកម្មតាមគំរូអាជីវកម្មប្រកបដោយនិរន្តរភាពនៅក្នុងយុគសម័យឌីជីថល។
លោកឱ្យដឹងទៀតថា៖ «ក្រុមហ៊ុន សហគ្រាសធុនតូច និងមធ្យម និងក្រុមកសិករផលិតនឹងមានលទ្ធភាពបង្កើតខ្សែចង្វាក់តម្លៃផ្គត់ផ្គង់ប្រកបដោយបរិយាប័ន្ន និងទទួលបាននូវឧត្តមភាពប្រកួតប្រជែងសម្រាប់ជ្រៀតចូលទីផ្សារ និងធ្វើពិពិធកម្មទីផ្សារឱ្យមានវិសាលភាពទូលំទូលាយ»។
លោក ហ៊ុន ឡាក់ អគ្គនាយកក្រុមហ៊ុន Tropicam Fruit and Vegetable Co., Ltd ប្រាប់ភ្នំពេញប៉ុស្តិ៍ថាអនុស្សរណៈក្នុងភាពជាដៃគូនេះគឺជាកិច្ចខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្មក្នុងការបើកទីផ្សារនាំចេញបន្លែកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។
លោកបាននិយាយថា៖ «តាមរយៈការសហការនេះ ក្រុមហ៊ុនជប៉ុននឹងអាចជួយឱ្យកសិផលរបស់យើងមានស្តង់ដា និងអាចនាំចេញបាននាពេលខាងមុខ»។
លោកឱ្យដឹងទៀតថា MoU នេះក៏នឹងផ្តល់ផលប្រយោជន៍ច្រើនដល់កសិករជាអ្នកផលិត ប្រសិនបើក្រុមហ៊ុននេះធ្វើការនាំចេញបន្លែពីកម្ពុជាបាន ហើយវាក៏បញ្ជាក់ថា កម្ពុជាអាចផលិតបន្លែតាមស្តង់ដាផងដែរ។
លោកមានប្រសាសន៍ថា៖ «ខ្ញុំមើលឃើញថា បន្លែយើងដែលមានសក្តានុពល ដូចជា ស្លឹកគ្រៃ ម្រុំ ខ្ញី និងម្រេច ជាដើម ដែលជាប្រភេទបន្លែធន់នឹងការដឹកជញ្ជូន និងមិនសូវមានការផលិតច្រើននៅក្រៅប្រទេស។ បន្លែទាំងអស់នេះយើងអាចផលិតបានច្រើន ហើយមានស្តង់ដាខ្ពស់»។
ជាមួយគ្នានេះលោក សូរស័ក្តិ បានផ្តល់អនុសាសន៍ឱ្យភាគីទាំង ២ គួរមានប្រព័ន្ធគ្រប់គ្រងព័ត៌មានមួយជាក់លាក់សម្រាប់ចែករំលែកភារកិច្ចទៅតាមមុខងារ និងផ្តល់ព័ត៌មានទៅវិញទៅមកទាន់ពេល ហើយក្រុមការងារគួររៀបចំប្រព័ន្ធសម្របសម្រួល និងយន្តការសម្រាប់រយៈពេលមធ្យម និងវែង ដើម្បីធានាថា ជំនួយបច្ចេកទេស និងអត្ថប្រយោជន៍ផ្តល់ដល់ក្រុមហ៊ុន សហគ្រាសធុនតូច និងមធ្យម និងក្រុមកសិករផលិត៕ LA