ភ្នំពេញ: ក្រសួងពាណិជ្ជកម្ម​បាន​ចេញប្រកាស​តម្រូវឱ្យ​អ្នកមាន​អាជីវកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ទៅ​ដាក់ពាក្យ​ស្នើសុំ​លិខិតអនុញ្ញាត និង​អាជ្ញាបណ្ណ​ដើម្បី​អាច​ប្រតិបតិ្តការ​ស្របច្បាប់​នៅ​កម្ពុជា ស្រប​ពេល​ដែល​អាជីវកម្ម​តាម​អេឡិចត្រូនិក​កំពុង​រីកចម្រើន​យ៉ាងខ្លាំង​ជាពិសេស​បន្ទាប់ពី​ការរីករាលដាល​ជំងឺ​កូវីដ​១៩​។

ច្បាប់​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​របស់​កម្ពុជា​ត្រូវបាន​ចូល​ជា​ធរមាន​កាលពី​ខែវិច្ឆិកា ឆ្នាំ​ ២០១៩​។ ច្បាប់​នេះ​បង្កើតឡើង​ក្នុង​គោលបំណង​គ្រប់គ្រង​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នៅ​កម្ពុជា​ដែល​វា​នឹង​ផ្តល់​លទ្ធភាព​ឱ្យ​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា​អាច​ភ្ជាប់​ខ្លួន​ទៅនឹង​ខ្សែចង្វាក់​ផលិតកម្ម និង​ទីផ្សារ​ក្នុងស្រុក និង​អន្តរជាតិ​។

ប្រកាស​របស់​ក្រសួង​ពាណិជ្ជកម្ម​ស្តីពី​ការផ្តល់​លិខិតអនុញ្ញាត ឬ​អាជ្ញាបណ្ណ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ដែល​ចុះហត្ថលេខា​ដោយ​លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កាលពី​ថ្ងៃទី​ ៩ ​ខែ​តុលា ឆ្នាំ ២០២០ ​នេះ​ឱ្យដឹងថា ប្រកាស​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​កំណត់​បែបបទ​ឯកសារ​តម្រូវ​ក្នុង​ការផ្តល់​ការបន្ត​សុពលភាព ការធ្វើ​បច្ចុប្បន្នភាព និង​ការកែប្រែ​ព័ត៌មាន​លិខិតអនុញ្ញាត ឬ​អាជ្ញាបណ្ណ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ដើម្បី​មាន​តម្លាភាព និង​បង្កលក្ខណៈ​ងាយស្រួល​ដល់​អ្នកស្នើសុំ​។

ប្រកាស​នេះ​បាន​បន្តថា បែបបទ និង​នីតិវិធី​នៃ​ការស្នើសុំ​លិខិតអនុញ្ញាត​បាន​តម្រូវឱ្យ​រូបវន្ត​បុគ្គល សហគ្រាស​ឯកជន​ដែល​នឹង​ប្រកប​អាជីវកម្ម ធ្វើ​ប្រតិបត្តិការ ឬ​សកម្មភាព​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ត្រូវដាក់​ពាក្យស្នើសុំ​លិខិតអនុញ្ញាត​នៅ​នាយកដ្ឋាន​ចុះបញ្ជី​ពាណិជ្ជកម្ម អគ្គនាយកដ្ឋាន​សេវា​ពាណិជ្ជកម្ម​នៃ​ក្រសួង​ពាណិជ្ជកម្ម​។

បន្ទាប់ពី​ទទួលបាន​ពាក្យ​ស្នើសុំ​មន្ត្រី​របស់​ក្រសួងពាណិជ្ជកម្ម​នឹង​ពិនិត្យ​លើ​ភាពត្រឹមត្រូវ​នៃ​លក្ខខណ្ឌ​តម្រូវ ព័ត៌មាន និង​ឯកសារ​ដែល​បាន​បំពេញ ហើយ​ត្រូវ​ឆ្លើយតប​ដល់​បុគ្គល​ស្នើសុំ​ក្នុង​រយៈពេល​យ៉ាងយូរ​ប្រាំ​ថ្ងៃ​នៃ​ថ្ងៃ​ធ្វើការ​។

លោក ស៊ាង ថៃ អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍ ​ថា ប្រកាស​នេះ​តម្រូវឱ្យ​អ្នក​ប្រកប​អាជីវកម្ម​លក់ទំនិញ​ ឬ​សេវាកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​សុំ​អាជ្ញាប័ណ្ណ​ពី​ក្រសួងពាណិជ្ជកម្ម​។ ការធ្វើ​បែបនេះ​ក៏​នឹង​ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​តាមរយៈ​ការប្រមូល​ចំណូល​ពន្ធ​ពី​ការលក់ដូរ​នោះ​។

លោក​ថ្លែងថា​៖ «​យើង​កំពុងមាន​ការវិវត្ត​ជឿនលឿន​ក្នុង​ឧស្សាហកម្ម ​៤.០ ដូច្នេះ​ច្បាប់​នេះ​នឹង​ជួយ​ឱ្យ​យើង​អាច​គ្រប់គ្រង​អាជីវកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ប្រកបដោយ​ប្រសិទ្ធ​ភាពទាក់ទង​នឹង​ជម្លោះ​ពាណិជ្ជកម្ម និង​ការប្រមូល​ពន្ធ​ពី​វិស័យនេះ​»​។

ទោះបី​យ៉ាងណា​ប្រកាស​នេះ​បាន​ឱ្យ​ដឹងថា ចំពោះ​រូបវន្តបុគ្គល ឬ​សហគ្រាស​ឯកជន​ដែល​ធ្វើ​សកម្មភាព​ ឬ​ប្រតិបត្តិការ​ដែល​ត្រូវបាន​លើកលែង​ការតម្រូវឱ្យ​ស្នើសុំ​លិខិត​អនុញ្ញាត​ប្រកប​អាជីវកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​រួមមាន​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​អំពី​ទំនិញ ឬ​សេវា​របស់​ខ្លួន រួម​បញ្ជូល​ទាំង​ការផ្សាយ​លក់ទំនិញ ឬ​សេវា​ដែល​មិនមែន​ជា​សំណើ​បង្កើត​កិច្ចសន្យា ការបម្រុង​ទុក​សេវា​ដែល​មិនមាន​ការ​កក់ប្រាក់ ឬ​ទូទាត់​កម្រៃ​ដោយ​អតិថិជន ឬ​អ្នកប្រើប្រាស់ ព្រមទាំង​ការលក់ទំនិញ ឬ​សេវាកម្ម​របស់​រូបវន្ត​បុគ្គល ឬ​សហគ្រាស​ឯកបុគ្គល ដែល​មាន​ផលរបរ​នៅក្រោម​កម្រិត​ផលរបរ​ជា​អ្នក​ជាប់ពន្ធ​តូច​។

ជាមួយ​គ្នា​នេះ​ការទិញ​លក់ ឬ​សេវា​ដែលមាន​លក្ខណៈ​គ្រួសារ ឬ​តាម​រដូវកាល​ប្រមូលផល ជា​ស្នាដៃ​សិល្បៈ​ផ្ទាល់ខ្លួន​សុទ្ធសាធ ការបង្ហាត់បង្រៀន​ដោយ​ឯកជន​ផ្ទាល់ខ្លួន ឬ​ការបង្ហាត់បង្រៀន ឬ​អប់រំ​សាសនា​របស់​រដ្ឋ ហើយ​ការបង្ហាត់បង្រៀន​ដោយ​សមាគម​ដែល​មិន​រកប្រាក់​ចំណេញ​ដោយផ្ទាល់ ឬ​ប្រយោល និង​សកម្មភាព​ប្រតិបត្តិការ​ដោយ​ស្ថាប័នរដ្ឋ ក្នុង​ការផ្តល់​សេវាសាធារណៈ​ក៏ត្រូវ​បាន​លើកលែង​ការតម្រូវ​ឱ្យ​ស្នើសុំ​លិខិតអនុញ្ញាត​ផងដែរ​។

លិខិត​អនុញ្ញាត​នឹងមាន​សុពលភាព​រយៈពេល​ ២ ​ឆ្នាំ និង​អាជ្ញាប័ណ្ណ​មាន​សុពលភាព​ក្នុង​រយៈពេល​ ៣ ​ឆ្នាំ​គិត​ចាប់ពី​ថ្ងៃ​ផ្តល់​លិខិតអនុញ្ញាត និង​អាជ្ញាប័ណ្ណ​ដោយ​ក្រសួង​ពាណិជ្ជកម្ម​។ នេះ​បើតាម​ប្រកាស​។

លោក ឡី សុភាព ប្រធាន​សហព័ន្ធ​ពាណិជ្ជកម្ម​តាម​អេឡិចត្រូនិក​កម្ពុជា​បានឱ្យដឹង​ក្នុង​វេទិកា​មួយ​កាលពី​ខែមីនា​ឆ្នាំនេះ ថា ពាណិជ្ជកម្ម​តាមរយៈ​អេឡិចត្រូនិក​បាន​បើកចំហ​ដល់​ពិភពលោក​នូវ​ឱកាស​ជាច្រើន​សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម (SMEs) ​ក្នុង​ស្រុក​។

លោក​ឱ្យដឹងទៀតថា ខណៈ​ដែល​អ្នកប្រើប្រាស់​ទូរស័ព្ទ​ស្មាតហ្វូន​កំពុង​កើនឡើង ហើយ​ប្រទេស​កម្ពុជា​កំពុង​ចាប់យក​បដិវត្តន៍​ឧស្សាហកម្ម​ទី ​៤ មាន​ក្រុមហ៊ុន​កាន់តែច្រើន​ជ្រើសរើស​ធ្វើឱ្យ​សេវា​របស់​ពួកគេ​អាច​រកបាន​តាមរយៈ​អនឡាញ​ដែល​កំពុងមាន​និន្នាការ​ពេញនិយម​នៅ​ទីផ្សារ​ប្រទេស​កម្ពុជា​៕ LA