
លោក ប៉ាន សូរស័ក្តិ (កណ្តាល) ធ្វើជាសាក្សីក្នុងពិធីចុះ MoU ស្តីពី «គុយទាវភ្នំពេញ»។ ហេង ជីវ័ន
ភ្នំពេញៈ ក្រសួងពាណិជ្ជកម្មកម្ពុជាបានជំរុញឲ្យអាជីវករទាំងអស់ចូលរួមប្រើប្រាស់ម៉ាកសមូហភាព «គុយទាវភ្នំពេញ» ដែលត្រូវបានបង្កើតឡើងដោយមេចុងភៅខ្មែរឲ្យបានកាន់តែច្រើនដើម្បីជួយលើកកម្ពស់ម៉ាកយីហោក្នុងស្រុក។
ការលើកឡើងនេះបានធ្វើឡើងដោយលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មក្នុងឱកាសអញ្ជើញចូលរួមក្នុងពិធីប្រគល់វិញ្ញាបនបត្រអនុញ្ញាតឲ្យប្រើប្រាស់ម៉ាកសមូហភាព «គុយទាវភ្នំពេញ» និងធ្វើជាសាក្សីនៃពិធីចុះកិច្ចសន្យាផ្តល់សិទ្ធិប្រកបអាជីវកម្ម «អ៊ុយគុយទាវ» ដល់ភោជនីយដ្ឋានយ៉ីសាងកាលពីថ្ងៃសុក្រកន្លងមក។
«អ៊ុយគុយទាវ» គឺជាយីហោដែលគ្រប់គ្រងដោយក្រុមហ៊ុន អាល់មិនគ្រុប។ កាលពីអំឡុងខែតុលា ឆ្នាំ ២០១៩ ផលិតផល «អ៊ុយគុយទាវ» បានទទួលវិញ្ញាបនបត្រអនុញ្ញាតឲ្យប្រើប្រាស់ម៉ាកសមូហភាព «គុយទាវភ្នំពេញ»។
លោក ប៉ាន់ សូរស័ក្តិ បាននិយាយថា ការចូលរួមប្រើប្រាស់ម៉ាកសមូហភាព «គុយទាវ ភ្នំពេញ» គឺពិតជាមានសារៈសំខាន់ណាស់ក្នុងការរួមចំណែកជួយលើកតម្កើងផលិតផលក្នុងស្រុកក៏ដូចជាជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ម្យ៉ាងទៀតវាក៏ជាការកសាងម៉ូដែលគំរូអាជីវកម្មជាសមូហភាពមួយប្រកបដោយភាពជោគជ័យនៅកម្ពុជាផងដែរ។
លោកថ្លែងថា៖ «ខ្ញុំសូមអំពាវនាវ និងលើកទឹកចិត្តដល់បងប្អូនប្រកបអាជីវកម្មគុយទាវទាំងក្នុងស្រុក និងក្រៅស្រុក សូមចូលជាសមាជិកសមាគមចុងភៅកម្ពុជាឲ្យបានផុសផុល ដើម្បីបានប្រើប្រាស់ម៉ាក «គុយទាវភ្នំពេញ» ឲ្យបានកាន់តែទូលំទូលាយដែលនឹងចូលរួមចំណែកក្នុងការបំពេញបេសកកម្មកសាងម៉ូដែលអាជីវកម្មថ្មីមួយប្រកបដោយជោគជ័យ និងជាគំរូអាជីវកម្មដល់វិស័យផ្សេងៗទៀត»។
លោក លូ ម៉េង នាយកប្រតិបត្តិក្រុមហ៊ុន អាល់មិនគ្រុប បាននិយាយថា «អ៊ុយគុយទាវ» ត្រូវបានគេទទួលស្គាល់ថា មានរសជាតិឆ្ងាញ់ និងត្រូវបានបង្កើតឡើងដោយស្នាដៃរបស់កូនខ្មែរ។ លោកថ្លែងថា៖ «អ៊ុយគុយទាវមានមោទនភាពជាខ្លាំង ដែលក្លាយជាម៉ាកយីហោរបស់ខ្មែរមានការទទួលស្គាល់យ៉ាងទូលំទូលាយ និងត្រូវបានដំណើរការដោយអាល់មិនគ្រុប»។
ជាមួយគ្នានេះលោក លូ ម៉េង ក៏បានប្រាប់ដែរថា នេះជាលើកទី ១ ហើយដែលក្រុមហ៊ុនរបស់លោកសម្រេចផ្តល់សិទ្ធិប្រកបអាជីវកម្មឲ្យក្រុមហ៊ុនផ្សេងយកទៅប្រើប្រាស់។ ការផ្តល់សិទ្ធិប្រកបអាជីវកម្មនេះគឺបង្ហាញពីវឌ្ឍនភាពនៃការប្រើប្រាស់ម៉ាកសមូហភាព «គុយទាវភ្នំពេញ» ដែលជាម៉ាកយីហោមួយមានប្រព័ន្ធគ្រប់គ្រង ត្រួតពិនិត្យគុណភាព និងស្តង់ដាអនាម័យស្របតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ។
លោកបន្តថា៖ «គុយទាវភ្នំពេញ» មិនត្រឹមតែមានរសជាតិឈ្ងុយឆ្ងាញ់ប៉ុណ្ណោះទេ តែថែមទាំងអាចទាក់ទាញភ្ញៀវទេសចរបរទេសឲ្យស្គាល់រសជាតិម្ហូបខ្មែរផងដែរ។
បន្ទាប់ពីបើកដំណើរការដំបូងក្នុងឆ្នាំ ២០១៥ «ភោជនីយដ្ឋានអ៊ុយគុយទាវ» បានបើកសាខាទី ២ របស់ខ្លួននៅផ្សារទំនើបអ៊ីអនម៉លភ្នំពេញក្នុងឆ្នាំ ២០១៦ និងសាខាទី ៣ បើកនៅផ្សារទំនើបអ៊ីអនម៉លសែនសុខក្នុងឆ្នាំ ២០១៨។
តាមផែនការ អាល់មិនគ្រុប គ្រោងបើកសាខា «អ៊ុយគុយទាវ» ឲ្យបានយ៉ាងតិចចំនួន ២០ សាខាបន្ថែមក្នុងរយៈពេល ៥ ឆ្នាំខាងមុខ៕ LA