
ទិដ្ឋភាពទូកុងតឺន័រដែលដាក់តម្រៀបលើគ្នា នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុកាលពីខែមេសា។
ភ្នំពេញៈ ក្រសួងពាណិជ្ជកម្មកម្ពុជាបានឲ្យដឹងថា ពុំមានការយកតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលជាការគ្រប់គ្រងរបស់វិនិយោគិនចិន ធ្វើជាកន្លែងនាំចេញទំនិញចិនទៅអាមេរិក ដើម្បីគេចពីការបោះបង់ពន្ធនោះទេ។ នេះបើយោងតាមសេចក្តីប្រកាសរបស់អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មដែលចេញផ្សាយកាលពីថ្ងៃអាទិត្យ។
អ្នកនាំពាក្យនៃស្ថានទូតអាមេរិកប្រចាំកម្ពុជា លោក Arend Zwartjes បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃព្រហស្បតិ៍ថា នាយកដ្ឋានសន្តិសុខអាមេរិកបានពិន័យទៅលើក្រុមហ៊ុនចិនមួយចំនួននៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលបានបំពានបម្រាមគយរបស់អាមេរិក ដោយបានបញ្ជូនទំនិញពីប្រទេស ចិន មានដូចជា ទៅអាមេរិកតាមរយៈកម្ពុជាទៅអាមេរិក ដើម្បីគេចពីការបង់ពន្ធ។ លោកមិនបានបញ្ជាក់ពីមុខទំនិញដែលនាំចេញនោះទេ។
ប៉ុន្តែបើយោងតាមក្រសួងពាណិជ្ជកម្មកម្ពុជា ភាគីអាមេរិកបានអះអាថា ទំនិញចិនដែលនាំចេញពីកម្ពុជារួមមាន អាស៊ីតអាមីណូ ម្សៅអាហារធ្វើពីគ្រាប់ធញ្ញជាតិ (ពោត ស្រូវ ឬដំឡូង) និងបំពង់ដែកថែប។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកាលពីថ្ងៃព្រហស្បតិ៍បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ថា ក្រសួងបានបញ្ជូនក្រុមការងារទៅស៊ើបអង្កេតភ្លាមៗនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុលើករណីនេះ និងបានបង្ហាញពីលទ្ធផល ២ ថ្ងៃក្រោយ បន្ទាប់ពីការស៊ើបអង្កេតនេះ ដោយច្រានចោលនូវការលើកឡើងរបស់អ្នកនាំពាក្យស្ថានទូតអាមេរិក។
សេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា បន្ទាប់ពីបានចាត់មន្ត្រីជំនាញឲ្យចុះទៅស្រាវជ្រាវរួចមក ក្រសួងពាណិជ្ជកម្មសូមបញ្ជាក់ថា ការលើកឡើងនោះមិនមានមូលដ្ឋានច្បាស់លាស់ឡើយ ព្រោះនៅក្នុង SSEZ មិនមានក្រុមហ៊ុនណាផលិតផលិតផលដូចការអះអាងនោះទេ។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ស៊ាង ថៃ កាលពីម្សិលមិញ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ការលើកឡើងរបស់មន្ត្រីនៃស្ថានទូតអាមេរិក មិនឆ្លុះបញ្ចាំងពីភាពពិតជាក់ស្តែងនោះទេ ព្រោះផលិតផលចំនួន ២ មុខ គឺម្សៅអាហារធ្វើពីគ្រាប់ធញ្ញជាតិ និងបំពង់ដែកថែប មិនមានផលិតនៅក្នុង SSEZ ចំណែកផលិតផលអាស៊ីតអាមីណូ បានឈប់ដំណើរការតាំងពីឆ្នាំ ២០១៧ មកម្ល៉េះ។ ទោះយ៉ាងណាលោកបញ្ជាក់ថា៖ «ការលើកឡើងរបស់ស្ថានទូតអាមេរិកប្រហែលជាគេអាចមានអំណះអំណាងអ្វីមួយដែលខ្ញុំមិនដឹង ប៉ុន្តែសម្រាប់យើងបន្ទាប់ពីទទួលបានព័ត៌មាននេះ យើងបានដាក់អ្នកជំនាញឲ្យចុះទៅពិនិត្យមើលភ្លាមៗ តែយើងមិនបានរកឃើញអ្វីនោះទេ»។
តាមក្រសួងពាណិជ្ជកម្ម កន្លងក្រុមហ៊ុន Infinite Manufacturing Co., Ltd ដែលបានទទួលច្បាប់អនុញ្ញាតឲ្យវិនិយោគពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) លើការផលិតអាស៊ីតអាមីណូ តាំងពីដើមខែកុម្ភៈ ឆ្នាំ ២០១៥ និងចាប់ផ្តើមធ្វើប្រតិបត្តិការផលិត និងនាំចេញរហូត ខែសីហា ឆ្នាំ ២០១៧ បានបញ្ឈប់ប្រតិបត្តិការតាំងពីខែកញ្ញា ឆ្នាំ ២០១៧ មកម្ល៉េះ។
មិនអាចសុំអត្ថាធិប្បាយពី អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជា លោក Arend Zwartjes បានទេកាលពីថ្ងៃម្សិលមិញ។
ក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា SSEZ គឺជាតំបន់សេដ្ឋកិច្ច និងពាណិជ្ជកម្មពហុបំណង ដែលប្រមូលផ្ដុំដោយសហគ្រិនចិន កម្ពុជា អាមេរិក ជប៉ុន បារាំង កូរ៉េខាងត្បូង អៀរឡង់ វៀតណាម និងថៃ ជាដើម ដោយមានទំនិញចម្រុះដូចជា វាយនភណ្ឌ សម្លៀកបំពាក់ កាបូប និងផលិតផលស្បែកជើង និងឧបករណ៍ផ្សេងទៀត៕LA