ភ្នំពេញ៖ អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ក្រសួង​ពុំ​ទាន់​បាន​ទទួល​ការ​ស្នើ​សុំ​ណា​មួយ​ពី​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី TESLA របស់​សហរដ្ឋ​អាមេរិក​បោះ​ទី​តាំង​នៅ​កម្ពុជា​នៅ​ឡើយ​ទេ។

ការ​អះអាង​របស់​មន្ត្រី​អ្នក​នាំ​ពាក្យ​រូបនេះ​ធ្វើ​ឡើង​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មាន​ការ​ផ្ទុះ​ការ​ចាប់​អារម្មណ៍​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ទាក់​ទិន​ទៅ​នឹង​វត្តមាន​របស់​ការិយាល័យ​តាំង​បង្ហាញ (Showroom) ដោយ​មាន​ដាក់​រូប​រថយន្ត Tesla នេះ​នៅ​តាម​បណ្តោយ​មហា​វិថី​សហព័ន្ធ​រុស្ស៊ី ទល់​មុខ​ក្រសួង​ពាណិជ្ជកម្ម។

លោក ប៉ែន សុវិជាតិ បានថ្លែងថា៖ «ចំពោះ​ករណី​ដែល​លេច​ឮ​ព័ត៌មាន​ក្នុង​សង្គម​ហ្វេសប៊ុក និង​បណ្តាញ​សារព័ត៌មាន​ថា ក្រុមហ៊ុន TESLA ដែល​ជា​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​បាន​មក​បោះ​ទីតាំង​នៅ​កម្ពុជា ដោយ​មាន​ការ​លើក​ស្លាក​សញ្ញា TESLA នៅ​ទីតាំង​តាម​មហាវិថី​សហព័ន្ធ​រុស្សី ជាដើម។ តាម​ការ​ពិនិត្យ​ជាក់ស្តែង​ក្នុង​បញ្ជី​ពាណិជ្ជកម្ម ក្រុមហ៊ុន TESLA របស់​មហាសេដ្ឋី Elon Musk មិន​ទាន់​មាន​នៅ​ក្នុង​បញ្ជី​ពាណិជ្ជកម្ម​របស់​ក្រសួង​នៅ​ឡើយ​ទេ»។

«ចំពោះ​អ្នក​ទទួល​សិទ្ធិ​ផ្តាច់​មុខ​ក្នុង​ការ​ចែកចាយ​លក់​រថយន្ត TESLA នេះ ក្រសួង​ក៏​បាន​ពិនិត្យ​បញ្ជី​ទទួល​តម្កល់​សិទ្ធិ​ផ្តាច់​មុខ​ខាង​កម្ម​សិទ្ធិ​បញ្ញា​ដែរ ហើយ​បាន​រក​ឃើញ​ថា ពុំ​ទាន់​មាន​បុគ្គល ឬ​ក្រុមហ៊ុន​ណា​បាន​ទទួល​សិទ្ធិ​ផ្តាច់​មុខ និង​បាន​យក​មក​តម្កល់​នៅ​ក្រសួង​ពាណិជ្ជកម្ម​នៅ​ឡើយ​ទេ​ចំពោះ​ទំនិញ​ម៉ាក TESLA នេះ»។ នេះ​បើ​យោង​តាម​ការ​អះអាង​របស់​លោក សុវិជាតិ៕

វីដេអូ៖