ភ្នំពេញៈ ក្រសួងពាណិជ្ជកម្មអំពាវនាវឲ្យក្រុមហ៊ុននាំចេញរួសរាន់មកចុះបញ្ជីឈ្មោះក្នុងប្រព័ន្ធចុះបញ្ជីអ្នកនាំចេញរបស់សហភាពអឺរ៉ុប ដើម្បីទទួលបានការអនុគ្រោះពន្ធលើគ្រប់មុខទំនិញ EBA និងប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) ពីប្រទេសន័រវែស ស្វ៊ីស និងតួកគី ត្រឹមចុងខែធ្នូ។
ប្រព័ន្ធចុះបញ្ជីអ្នកនាំចេញគឺជាប្រព័ន្ធនៃការបញ្ជាក់ប្រភពដើមទំនិញដែលអនុវត្តនៅក្នុងប្រព័ន្ធអនុគ្រោះពន្ធទូទៅរបស់សហភាពអឺរ៉ុប (GSP) ចាប់តាំងពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០១៧។ វាផ្អែកលើគោលការណ៍នៃការបញ្ជាក់ដោយខ្លួនឯងដោយប្រតិបត្តិករអំពីប្រភពដើមនៃទំនិញ។
សេចក្ដីប្រកាសព័ត៌មានឲ្យដឹងថា៖ «ក្រសួងពាណិជ្ជកម្មបានអង្កេតឃើញថា សេចក្ដីប្រកាសនេះត្រូវបានធ្វើឡើងជាលើកទី ៣ ហើយមកទល់ពេលនេះ មានក្រុមហ៊ុនជាច្រើនដែលនាំចេញទៅសហភាពអឺរ៉ុប ប្រទេស ន័រវែស ស្វ៊ីស និងតួកគី មិនបានចុះបញ្ជីនោះទេ។ ដើម្បីចៀសវាងការបាត់បង់សិទ្ធិណាមួយជុំវិញការអនុគ្រោះពន្ធពាណិជ្ជកម្ម ពួកគេត្រូវតែចុះបញ្ជីនៅក្នុងប្រព័ន្ធ REX ត្រឹមថ្ងៃទី ៣១ ខែធ្នូ»។
លោក ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេកាលពីថ្ងៃពុធ។
លោក វ៉ាន់ ស៊ូអៀង ប្រធានសមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) កាលពីខែតុលាបានឲ្យដឹងថា ចាប់តាំងពីសេចក្ដីប្រកាសនេះបានធ្វើឡើងដោយក្រសួងពាណិជ្ជកម្ម និងសមាគមជាច្រើនដងរួចមកតាំងពីចុងឆ្នាំ ២០១៨ មានសមាជិកសមាគមតិចតួចបានចុះបញ្ជីនៅក្នុងប្រព័ន្ធ REX។
លោកថ្លែងថា៖ «យើងចង់ជំរុញឲ្យសមាជិកទាំងអស់ត្រូវចុះបញ្ជីជាបន្ទាន់នៅក្នុងប្រព័ន្ធ REX ឲ្យបានឆាប់តាមដែលអាចធ្វើបានតាមកាលបរិច្ឆេទរបស់សហភាពអឺរ៉ុប។ បន្ទាប់ពីកាលបរិច្ឆេទនេះសហភាពអឺរ៉ុបនឹងលែងទទួលវិញ្ញាបនបត្របញ្ជាក់ប្រភពដើមដែលចេញដោយក្រសួងពាណិជ្ជកម្ម ហើយផ្ទុយទៅវិញទាមទារឲ្យក្រុមហ៊ុននាំចេញទាំងអស់ត្រូវប្រើប្រាស់ប្រព័ន្ធ REX ដើម្បីទទួលបានសិទ្ធិសម្រាប់ការប្រកាសដើមកំណើតទំនិញ»។
លោកបន្តថា៖ «GMAC ចង់ណែនាំសមាជិកទាំងអស់ដែលជាក្រុមហ៊ុននាំចេញទៅសហភាពអឺរ៉ុប ដើម្បីចាប់ផ្ដើមចុះបញ្ជីនៅក្នុងប្រព័ន្ធ REX តាមរយៈក្រសួងពាណិជ្ជកម្មចាប់ពីពេលនេះតទៅ» ។
ប្រទេស កម្ពុជា នាំចេញសរុបនៃសម្លៀកបំពាក់ ស្បែកជើង និងវាយនភណ្ឌទៅសហភាពអឺរ៉ុបមានជាង ៤០ ភាគរយ៕LA