ភ្នំពេញៈ ក្រសួង​ពាណិជ្ជ​កម្ម​កម្ពុជា ​រក​បាន​ប្រាក់​ចំណូល​ជាង​​ ៨២ ​លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០១៨​ ដែល​ទទួល​បាន​ពី​ពន្ធ​គយ​ និង​សេវា​សាធារណៈ​។ នេះ​​បើ​​​តាម​របាយ​ការណ៍​ប្រចាំ​ឆ្នាំ​របស់​ក្រសួង​ពាណិជ្ជ​កម្ម​​​។​

របាយ​ការណ៍​បង្ហាញ​ថា ​អគ្គ​នាយកដ្ឋាន​កាំកុងត្រូល ដែល​ជា​សេនាធិកា​របស់​ក្រសួង ពាណិជ្ជកម្ម ​​​រក​បាន​ចំណូល​ ២៨,​៧៥ លាន​ដុល្លារ​​ពី​សេវា​ត្រួត​ពិនិត្យ​គុណភាព​​ទំនិញ​ កើន​ឡើង ​១២,​៩២ ​ភាគរយ​ធៀប​នឹង​ឆ្នាំ​មុន​។ ​ក្រសួង​​​ក៏​រក​បាន​ប្រាក់​ចំណូល​​ប្រហែល ៥២​,៧៨ ​លាន​ដុល្លារ​ពី​សេវា​សាធារណៈ​ផង​ដែរ​។​ របាយការណ៍​នេះ​ក៏​បាន​បង្ហាញ​​​ផង​ដែរ​​ពី​ការ​ចំណាយ​​របស់​ក្រសួង​​ដែល​មាន​ចំនួន​ ២៧,​១១ ​​លាន​ដុល្លារ​។​

របាយ​ការណ៍​បាន​បង្ហាញ​ថា ក្រុមហ៊ុន Green Trade ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​រក​ប្រាក់​ចំណូល​បាន ២,​៨៩ ​លាន​ដុល្លារ​ ខណៈ​ការ​ចំណាយ​ទៅ​វិញ​​​របស់​ក្រុមហ៊ុន​នេះ​មាន​ចំនួន ២,​៧៥ ​​លាន​ដុល្លារ​ ដែល​​ធ្វើ​ឲ្យ​ប្រាក់​ចំណេញ​​បាន​ពី​​ក្រុមហ៊ុន​រដ្ឋ​មួយ​នេះ​ក្នុង​ឆ្នាំ ២០១៨ មាន​ចំនួន​ ១៣៧ ០០០​ ដុល្លារ​ប៉ុណ្ណោះ​។​

ក្រុមហ៊ុន​នេះ​​បាន​ធ្វើ​ពាណិជ្ជ​កម្ម​​​ជា​មួយ​ក្រុមហ៊ុន​ COFCO មក​​ពី​ប្រទេស​ ចិន​ ដែល​បាន​នាំចេញ​អង្ករ​ ១ ០០០ តោន​ទៅ​ចិន និង​បាន​លក់​ឲ្យ WFP ​៣ ៧០០ តោន​ ក្នុង​ឆ្នាំ​ ២០១​៨​។​

លោក ​លឹម​ ហេង អនុ​ប្រធាន​​សភា​ពាណិជ្ជ​កម្ម​កម្ពុជា​ បាន​​ឲ្យ​ដឹង​ថា ​ចំណូល​នេះ​គឺ​ជា​​ ប្រភព​ដ៏​សំខាន់​​ក្នុង​ការ​ជំរុញ​សេដ្ឋកិច្ច​ជាតិ​ ដែល​ជា​ផ្នែក​មួយ​នៃ​ចំណូល​ពន្ធ។​ លោក​ថ្លែង​ថា​៖ «​វា​ផ្ដល់​​ប្រយោជន៍​កាន់​​តែ​ច្រើន​ដល់​សេដ្ឋកិច្ច​របស់​​យើង​ ក្រសួង​ពាណិជ្ជ​កម្ម​គឺ​ជា​អ្នក​ដើរ​តួ​នាទី​ដ៏​សំខាន់​ ក្នុង​​ការ​ទាក់​ទាញ​​​ក្រុម​វិនិយោ​គិន​ និង​ជំរុញ​​លំហូរ​ចូល​ពាណិ ជ្ជ​​កម្ម និង​ពាណិជ្ជ​កម្ម​ នៅ​ក្នុង​ប្រទេស​»។

លោក​បាន​បន្ត​ថា​៖ «​ប្រាក់​ចំណូល​បាន​ពី​សេវា​សាធារណៈ​ មាន​ន័យ​ថា លំហូរ​ចូល​​ក្រុមហ៊ុន​ចុះ​បញ្ជី​បាន​កើន​ឡើង​ ដូច្នេះ​​​​និន្នាការ​សេដ្ឋកិច្ច​របស់​យើង​បាន​រក្សា​កាន់​តែ​ ប្រសើរ​ឡើង​ៗ ដោយ​សារ​​​ប្រតិបត្ដិករ​នៅ​ក្នុង​វិស័យ​នេះ ​គោរព​តាម​ច្បាប់​»​។​

លោក ​តែ​ តាំងប៉​ ប្រធាន​សម្ព័ន្ធ​សម​គម​សហ​គ្រាស​ធុន​​តូច​ និង​មធ្យម​កម្ពុជា​ បាន​ឲ្យ​​ដឹង​ថា ចំនួន​ប្រាក់​ចំណូល​​គឺ​ជា​សញ្ញា​ល្អ​សម្រាប់​ប្រទេស​នេះ ប៉ុន្តែ​ក្រសួង​គួរ​តែ​ជំរុញ​សេវា​សាធារណៈ​ឲ្យ​កាន់​តែ​​មាន​​ប្រសិទ្ធ​ភាព​បន្ថែម​ទៀត​ ដើម្បី​បង្កើន​ទំនុក​ចិត្ត​សម្រាប់​សាធារណ​ជន​។ ​​

លោក​​បាន​​លើក​ឡើង​​ថា៖ «​ប្រាក់​ចំណូល​កាន់​តែ​ច្រើន​ដែល​ក្រសួង​ពាណិជ្ជ​កម្ម​រក​បាន​​ពី​សេវា​សាធារណៈ​ ក្រសួង​គួរ​តែ​​ធ្វើ​ការងារ​ឲ្យ​មាន​ប្រសិទ្ធ​ភាព​បន្ថែម​ទៀត​ ដើម្បី​ជំរុញ​សេវា​សាធារណៈ​ បន្ទាប់​មក​ប្រជាជន​នឹង​សប្បាយ​ចិត្ត ​ក្នុង​ការ​​គោរព​តាម​ច្បាប់​»។ ​លោក​បន្ត​ថា​៖ «​ក្រសួង​ពាណិជ្ជ​​កម្ម​ មិន​គួរ​ពឹង​ផ្អែក​ខ្លាំង​លើ​កម្រៃ ​បាន​ពី​ពិព័រណ៍​អន្តរជាតិ​ ដែល​​មាន​ផល​ប៉ះ​ពាល់​លើ​​ផលិតផល​​ក្នុង​ស្រុក​»៕​LA