ភ្នំពេញ: ក្រសួង​ពាណិជ្ជកម្ម​នឹង​បន្ត​រៀបចំ​ពិព័រណ៍ផលិតផល​ខ្មែរ​នៃ​យុទ្ធនាការ​ទិញ​ផលិតផល​ខ្មែរ​រដូវកាល​ទី​ ៥​ ដើម្បី​រួមចំណែក​ស្តារ​សេដ្ឋកិច្ច​ជាតិ​​ដែល​ទទួល​រង​ផលប៉ះពាល់​ដោយសារ​វិបត្តិ​ជំងឺ​កូវីដ​១៩។

កម្មវិធី​តាំងពិព័រណ៍​ផលិតផល​ខ្មែរ​នឹង​ត្រូវ​រៀបចំ​នៅ​ថ្ងៃទី​ ២៤ ដល់​ថ្ងៃ​ទី ២៧ ខែ​ធ្នូ ឆ្នាំ ២០២០ នៅ​ទីក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ​។

សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​ពាណិជ្ជកម្ម​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​សៅរ៍​បាន​ឱ្យ​ដឹងថា​ ការរៀបចំ​ព្រឹត្តិការណ៍​នេះ​ធ្វើ​ឡើង​ក្នុង​គោលបំណង​តភ្ជាប់​ទំនាក់ទំនង​សេដ្ឋកិច្ច​គ្រប់​ប្រព័ន្ធ​រវាង​រាជធានី-ភ្នំពេញ​ជាមួយ​នឹង​បណ្តាខេត្ត​ទូទាំង​ប្រទេស​។ ការរៀបចំ​ពិព័រណ៍នេះ​ក៏​នឹង​ចូលរួម​ចំណែក​ដល់​ដំណើរការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​ឡើង​វិញ​។

សេចក្តី​ជូន​ដំណឹង​នេះ​បន្តថា ក្រសួង​ពាណិជ្ជកម្ម​នឹង​ប្រមូល​កៀរគរ​ផលិតផល​ខ្មែរ​ដែល​មាន​គុណភាព​ខ្ពស់​ សុវត្ថិភាព​សម្រាប់​អ្នក​ប្រើប្រាស់​ និង​មាន​ការវេចខ្ចប់​បាន​ល្អ​ត្រឹមត្រូវ​អនុលោម​តាម​ស្ទង់ដា​ផលិតកម្ម​មកដាក់​តាំង​បង្ហាញ និង​ស្វែងរក​ដៃគូ​ទៅលក់​បន្ត​។

សេចក្តី​ជូនដំណឹង​បញ្ជាក់​ថា៖ «​​លោក-លោកស្រី​ដែល​មាន​បំណង​ចូលរួម​តាំងបង្ហាញ​ផលិតផល​ខ្មែរ​ក្នុង​ព្រឹត្តិការណ៍​នេះ​សូម​ប្រញាប់​រួសរាន់​មក​ដាក់​ពាក្យ​​ចូលរួម ព្រោះ​ចំនួន​មាន​កំណត់​»។

លោក ស៊ាង ថៃ អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​ប្រាប់​ភ្នំពេញប៉ុស្តិ៍​ថា ការរៀបចំ​ពិព័រណ៍​ផលិតផល​ខ្មែរ​ក្នុង​យុទ្ធនាការ​ទិញ​ផលិតផល​ខ្មែរ​គឺ​ធ្វើ​ឡើង​ដើម្បី​ពញ្ញាក់​ស្មារតី​ប្រជាជន​កម្ពុជា​ឱ្យ​ងាក​មក​ប្រើប្រាស់​ផលិតផល​ខ្មែរ​ដែល​កំពុង​មាន​ការលូតលាស់​ក្នុង​ក្របខ័ណ្ឌ​​ទូទាំង​ប្រទេស​។

លោក​បន្តថា ដោយសារ​ការរាតត្បាត​កូវីដ​១៩​ ក្រសួង​បាន​កម្រិត​ចំនួន​ស្តង់​សមល្មម​ដែល​អាច​គ្រប់គ្រង​ភ្ញៀវ​ចូល​ទស្សនា​ដើម្បី​រក្សា​នូវ​គម្លាត​សុវត្ថិភាព​តាម​សេចក្តី​ណែនាំ​របស់​ក្រសួង​សុខាភិបាល​ដែល​បាន​ដាក់ចេញ​។

លោក​ថ្លែង​ថា៖ «ក្រសួង​តែងតែ​ណែនាំ​ឱ្យ​ផលិតករ​យកចិត្ត​ទុកដាក់​ផលិត​នូវ​ទំនិញ​ដែល​មាន​គុណភាព សុវត្ថិភាព សោភណភាព និង​តម្លៃ​សមរម្យ​អាច​ប្រកួត​ប្រជែង​ជាមួយ​ទំនិញ​នាំ​ចូល​ពី​ក្រៅ​ប្រទេស។ ​នេះគឺជា​នយោបាយ​ដ៏សំខាន់​មួយ​ជួយ​ផលិតផល​ខ្មែរ​ទទួល​បាន​ការគាំទ្រ​ដោយ​ប្រជាជន​ខ្មែរ ​ហើយ​​ជំហាន​បន្ទាប់​ក្រសួង​ពាណិជ្ជកម្ម​នឹង​ជំរុញ​ការនាំចេញ​»។

អ្នកស្រី កែវ មុំ អគ្គនាយិកា​ក្រុមហ៊ុន លីលី ហ៊្វូតដាសទ្រី ខូ អិលធីឌី​ (LY LY Food Industry Co., Ltd) កត់សម្គាល់​ថា ក្រសួង​ពាណិជ្ជកម្ម​តែងតែ​គិតគូរ​អំពី​ការជំរុញ​ទីផ្សារ​ផលិតផល​របស់​ខ្មែរ​។

អ្នកស្រី​និយាយ​ថា៖ «​ខ្ញុំ​គិត​ថា​​ការគាំទ្រ​របស់​ក្រសួង​ពាណិជ្ជកម្ម​ក្នុង​យុទ្ធនាការ​នេះ​បាន​ជួយ​ជំរុញ​ឱ្យ​ផលិត​ផល​ខ្មែរ​មាន​ការទទួល​ស្គាល់​ពី​ប្រជាជន​ខ្មែរ​យើង​»។

អ្នកស្រី​បាន​ឱ្យ​ដឹងថា ក្រុមហ៊ុន​នំស្រួយ​លីលី តែងតែ​ចូលរួម​ក្នុង​យុទ្ធនាការ​ទិញ​ផលិតផល​ខ្មែរ​ ហើយ​ក្រុមហ៊ុន​កំពុង​ពិចារណា​ចូលរួម​ពិព័រណ៍​នេះ​ដែរ។

អ្នកស្រី​ថ្លែងថា៖ «​ខ្ញុំ​សង្ឃឹម​ថា​ក្រសួង​ពាណិជ្ជកម្ម​នឹង​បន្ត​ធ្វើ​យុទ្ធនាការ​ជំរុញ​​ផលិតផល​ខ្មែរ​យើង​ឱ្យ​កាន់តែ​ធំជាង​មុន​ដើម្បី​ឱ្យ​ប្រជាជន​ងាក​មក​ប្រើប្រាស់​ផលិត​ផល​ខ្មែរ​ ដើម្បី​ជួយ​ទ្រទ្រង់​សេដ្ឋកិច្ច​ជាតិ​យើង»​។

អ្នកស្រី ចេន សុភាព ស្ថាបនិក និង​នាយិកា​សហគ្រាស​កីតម្បាញ​ខ្មែរ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ថា ការរៀបចំ​ព្រឹត្តិការណ៍​នេះ​នឹង​ជួយ​​លើក​កម្ពស់​ផលិតផល​របស់​កម្ពុជា​ដើម្បី​ជំរុញ​ការគាំទ្រ​ផលិតផល​ខ្មែរ​ពី​ប្រជាពលរដ្ឋ​តាម​បណ្តា​ខេត្ត​ទូទាំង​ប្រទេស​កម្ពុជា​។

អ្នកស្រី​បញ្ជាក់​៖ «ខ្ញុំយល់​ថា​ការរៀបចំ​ពិព័រណ៍​ជា​កម្មវិធី​ល្អ​សម្រាប់​ជួយ​ផ្សព្វផ្សាយ​ផលិតផល​ខ្មែរ​ក្នុង​ស្រុក​»។

លោក សុខ ដារិទ្ធិ អនុប្រធាន​នាយកដ្ឋាន​លើក​កម្ពស់​ពាណិជ្ជកម្ម​នៅ​ក្រសួង​ពាណិជ្ជកម្ម​ធ្លាប់​ប្រាប់​ភ្នំពេញ- ប៉ុស្តិ៍​ថា ក្រសួង​ពាណិជ្ជកម្ម​នឹង​បន្ត​រៀបចំ​ពិព័រណ៍ផលិតផល​ខ្មែរ​​រដូវកាល​ទី​ ៥ នៅ​ខេត្ត​សៀមរាប និង​ខេត្ត​ព្រះវិហារ​ បន្ទាប់ពី​ការតាំង​ពិព័រណ៍​នៅ​ខេត្ត​​បន្ទាយមានជ័យ​៕ LA