
ទិដ្ឋភាពនៅមីនីបារ នៅក្នុងសណ្ឋាគារលំដាប់ផ្កាយ៦ នៅក្នុងទីក្រុងភ្នំពេញកន្លងមក។ ភ្នំពេញ ប៉ុសិ៍្ត
ភ្នំពេញៈ ក្រសួងទេសចរណ៍បានព្រមានដល់គេហទំព័រទេសចរណ៍អន្តរជាតិល្បីៗមួយចំនួន ដែលបានធ្វើចំណាត់ថ្នាក់សណ្ឋាគារ (កម្រិតផ្កាយ) នៅលើគេហទំព័ររបស់ខ្លួនដោយមិនមានការទទួលស្គាល់ពីក្រសួងទេសចរណ៍។
សេចក្តីប្រកាសរបស់ក្រសួងកាលពីសប្តាហ៍មុនបានឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះក្រសួងសង្កេតឃើញមានព័ត៌មានមួយចំនួនបានផ្សព្វផ្សាយពាក់ព័ន្ធនឹងការដាក់ចំណាត់ថ្នាក់សណ្ឋាគារ ដែលវាយតម្លៃដោយក្រសួងទេសចរណ៍ និងគេហទំព័រមួយចំនួនរួមមាន TripAdvisor, Agoda, Booking.com, Expedia ជាដើម។
ក្រសួងទេសចរណ៍ បានឲ្យដឹងថា រាល់ការវាយតម្លៃផ្ដល់ចំណាត់ថ្នាក់សណ្ឋាគារ ចាំបាច់ត្រូវផ្ដល់ដោយក្រសួងទេសចរណ៍ សម្រាប់សណ្ឋាគារ មានលក្ខណសម្បត្តិគ្រប់គ្រាន់តាមការកំណត់នៃចំណាត់ថ្នាក់ផ្កាយណាមួយ។
លោក តុប សុភ័ក អ្នកនាំពាក្យក្រសួងទេសចរណ៍បានឲ្យដឹងថា ការដាក់ចំណាត់ថ្នាក់សណ្ឋាគារត្រូវតែធ្វើឡើងតាមរយៈក្រុមគណៈកម្មការជំនាញរបស់ក្រសួងទេសចរណ៍ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
លោកបានថ្លែងបន្តថា៖ «ក្នុងករណីដែលប្រតិបត្តិករសណ្ឋាគារ កំណត់លំដាប់សណ្ឋាគារដោយខ្លួនឯងនោះ គឺវាខុសពីគោលការណ៍ច្បាប់ ដែលនឹងត្រូវទទួលការណែនាំ ឬពិន័យជាប្រាក់ នឹងអាចឈានទៅដល់ការដកអាជ្ញាប័ណ្ណជាដើម»។
លោកបញ្ជាក់ថា បន្ទាប់ពីមានសេចក្តីជូនដំណឹងនេះ ប្រតិបត្តិករដែលល្មើសនឹងប្រឈមនឹងការពិន័យប្រាក់ចាប់ពី ១ លានរៀល ទៅដល់ ៥ លានរៀល។
ខណៈបច្ចុប្បន្ននេះគេសង្កេតឃើញមានសណ្ឋាគារថ្មីៗបានកើតឡើងជាបន្តបន្ទាប់នោះ លោក សុភ័ក បានប្រាប់ថា ចំនួននៃការដាក់ពាក្យស្នើសុំឲ្យគណៈកម្មការចុះទៅពិនិត្យវាយតម្លៃចំណាត់ថ្នាក់នៅមានចំនួនតិចតួចនៅឡើយ ។ លោកថ្លែងថា៖ «គោលការណ៍កំណត់កម្រិតផ្កាយនេះនឹងជួយធ្វើឲ្យភ្ញៀវកាន់តែមានទំនុកចិត្ត ហើយសណ្ឋាគារនីមួយៗត្រូវធ្វើអ្វីគោរពទៅតាមស្តង់ដារដែលក្រសួងបានអនុញ្ញាត»។
លោក លូ ម៉េង ប្រធានសមាគមសណ្ឋាគារកម្ពុជា បានប្រាប់ថា សេចក្តីជូនដំណឹងរបស់ក្រសួងនាពេលនេះ គឺពិតជាមានសារៈសំខាន់ណាស់ក្នុងការធ្វើឲ្យភ្ញៀវមានទំនុកចិត្ត។
ទោះយ៉ាងណា លោកបញ្ជាក់ថា មានម្ចាស់សណ្ឋាគារមួយចំនួនមិនបានដឹងពីការដាក់ចំណាត់ថ្នាក់សណ្ឋាគារខ្លួនពីសំណាក់គេហទំព័រទាំងអស់នោះទេ ដោយគេហទំព័រខ្លះបានយកសណ្ឋាគាររបស់ពួកគាត់ទៅដាក់ចំណាត់ថ្នាក់ដោយខ្លួនឯង ដើម្បីកំណត់តម្លៃសម្រាប់ភ្ញៀវជួលតែប៉ុណ្ណោះ។
លោកថ្លែងថា៖ «ប្រសិនបើមានសណ្ឋាគារណាមិនអនុវត្តតាមសេចក្តីជូនដំណឹងនេះ អាជ្ញាធរគួរតែឈប់ផ្តល់អាជ្ញាប័ណ្ណ ឬបិទសណ្ឋាគារនោះតែម្តង»។
របាយការណ៍ពីក្រសួងទេសចរណ៍ដែលភ្នំពេញប៉ុស្តិ៍ទទួលបានកាលពីម្សិលមិញបង្ហាញថា គិតត្រឹមដំណាច់ខែ ឧសភា ឆ្នាំ ២០១៩ នៅកម្ពុជាមានសណ្ឋាគារសរុបចំនួន ១៥២ ស្មើនឹង ១៧ ៤៥០ បន្ទប់។
តួលេខបង្ហាញថា សណ្ឋាគារ កម្រិតផ្កាយ៥ មានចំនួន ៣៦ ផ្កាយ៤ ចំនួន ៤១ ផ្កាយ៣ ចំនួន ៣២ ក្រៅពីនេះនៅកម្រិតផ្កាយ១ និងផ្កាយ២។ សណ្ឋាគារកម្រិតផ្កាយ៤ និង ៥ មានភាគច្រើនស្ថិតក្នុងខេត្តសៀមរាប និងភ្នំពេញ៕LA