ភ្នំពេញ: ក្រសួង​រ៉ែ និង​ថាមពល​បាន​ប្រកាស​បើក​តំបន់​សម្បទាន​រុករក​រ៉ែ​ថ្មី​បន្ថែមទៀត​សម្រាប់​ក្រុមហ៊ុន​ដាក់​ពាក្យសុំ​អាជ្ញាប័ណ្ណ ដែល​មាន​ទំហំ​សរុប ៧៩៤ ​គីឡូម៉ែត្រក្រឡា​នៅក្នុង​ខេត្ត​ចំនួន​ ៣​។ នេះ​បើ​យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​។

បើ​យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​ក្រសួង​បានប្រកាស​បើក​ឲ្យ​ដាក់ពាក្យ​ប្រកួតប្រជែង​សុំ​អាជ្ញាប័ណ្ណ​ជា​សាធារណៈ​ក្នុង​ការស្វែងរក​រ៉ែ​ក្នុង​តំបន់​សម្បទាន​ចំនួន​ ៤ រួមមាន តំបន់​សម្បទាន​ស្វែងរក​រ៉ែ​ដែល​មាន​ទំហំ ២០០ ​គីឡូម៉ែត្រ​ក្រឡា​ស្ថិត​នៅ​ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរមានជ័យ និង​ ១៩៤ ​គីឡូម៉ែត្រ​ក្រឡា ជាប់​ព្រំប្រទល់​រវាង​ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរមានជ័យ និង​ស្រុក​ជាំក្សាន្ត ខេត្តព្រះវិហារ​។

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​ឲ្យ​ដឹងថា ក្រសួង​នឹង​ផ្តល់​អាជ្ញាប័ណ្ណ​ចំនួន​ ២ ​ដែល​មាន​ទំហំ​សរុប​ ៤០០ ​គីឡូម៉ែត្រក្រឡា​ស្ថិត​នៅ​ស្រុក​ពេជ្រាដា ខេត្ត​មណ្ឌលគិរី​។

លោក យស មុនីរ៉ាត់ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​រ៉ែ​នៃ​ក្រសួង​រ៉ែ និង​ថាមពល បាន​ឲ្យ​ដឹងថា ការប្រកាស​ផ្តល់​អាជ្ញាប័ណ្ណ​ស្វែងរក​រ៉ែ​នេះ ដោយសារ​ក្រសួង​មើល​ពី​សក្តានុពល​ធនធាន​រ៉ែ​ទង់ដែង រ៉ែមាស និង​ធ្យូងថ្ម​នៅ​តំបន់​ទាំងនោះ​។

លោក​បាន​ថ្លែងថា​៖ «​ដោយសារ​តំបន់​ទាំងនោះ​មាន​សក្តានុពល​ធនធាន​រ៉ែ ទើប​ក្រសួង​ប្រកាស​ឲ្យ​ក្រុមហ៊ុន​ធ្វើការ​ស្វែងរក ថា​តើ​តំបន់​ទាំងនោះ​មាន​រ៉ែ​ទំហំ​ប៉ុនណា​គុណភាព​យ៉ាងណា​ហើយ​តើ​វា​អាចធ្វើ​អាជីវកម្ម​ចំណេញ​ឬ​អត់​?»​។

កាលពី​ដើម​ខែ​មីនា​នេះ​ក្រសួង​រ៉ែ និង​ថាមពល​បាន​ប្រកាស​ថា រដ្ឋាភិបាល​នឹង​ផ្តល់​អាជ្ញាប័ណ្ណ​ឲ្យ​ក្រុមហ៊ុន ២ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ៦ ដែល​ដាក់ពាក្យ​ស្នើសុំ​អាជ្ញាប័ណ្ណ​សិក្សា​ស្វែងរក​រ៉ែ​លោហៈ​​នៅ​កម្ពុជា​។

ក្រសួង​បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន H.T Kuang Ye Cambodia Development Co., Ltd និង Cambodia K88 Industry Co.,Ltd ត្រូវបាន​ជ្រើសរើស​ជា​ក្រុមហ៊ុន​ដែល​មាន​លក្ខណសម្បត្តិ​គ្រប់គ្រាន់ និង​មាន​សិទ្ធិ​អាទិភាព ដើម្បី​បន្ត​អនុវត្ត​នីតិវិធី​ក្នុង​ការទទួល​បាន​អាជ្ញាប័ណ្ណ​ស្វែងរក​ធនធាន​រ៉ែ​នៅ​កម្ពុជា​។

យោងតាម​លោក យស មុនីរ៉ាត់ បច្ចុប្បន្ន​ក្រសួង​បាន​ផ្តល់​អាជ្ញាប័ណ្ណ​សិក្សា​ស្វែងរក​រ៉ែ​លោហៈ​ចំនួន ៣៩ នៅ​ទូទាំង​ប្រទេស​។

កាលពី​ដើម​ខែ​មីនា​ក្រុមហ៊ុន Emerald Resources NL ដែល​បាន​ចុះបញ្ជី​នៅ​ផ្សារហ៊ុន​អូស្ត្រាលី​បាន​ចុះកិច្ចសន្យា​ក្នុង​តម្លៃ ២៣០ ​លាន​ដុល្លារ​ជាមួយ​ក្រុមហ៊ុន Mining and Civil Australia (MACA) លើ​គម្រោង​រ៉ែ​មាស​អូរខ្វាវ​នៅ​កម្ពុជា​។

ក្រុមហ៊ុន Emerald Resources ​ដែលជា​ក្រុមហ៊ុនមេ​របស់ Renaissance Minerals (Cambodia) Ltd គ្រោង​នឹង​ទាញយក​រ៉ែ​មាស​លើ​គម្រោង​អូរខ្វាវ​ក្នុង​ខេត្តមណ្ឌលគិរី​នៅ​ត្រីមាស​ទី​ ២ ឆ្នាំ​ ២០២១​។

បើតាម​ក្រុមហ៊ុន​កិច្ចសន្យា​នេះ​មាន​រយៈពេល​ជាង ៧ ​ឆ្នាំ​រួមមាន​ការផ្គត់ផ្គង់​ឧបករណ៍​ធ្វើ​រ៉ែ និង​សេវាកម្ម​លើ​គម្រោង​រ៉ែ​មាស​នៅ​កម្ពុជា​។ វិសាលភាព​ការងារ​នៃ​កិច្ចសន្យា​នេះ​នឹង​គ្របដណ្តប់​លើ​សេវា​ដឹកជញ្ជូន​ការទាញ​យក​រ៉ែ ខួង និង​ការបំផ្ទុះ​៕