ភ្នំពេញ: ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (MPTC) បានលុប និងព្យួរអាជ្ញាប័ណ្ណប្រតិបត្តិករទូរគមនាគមន៍ចំនួន ១៧ ដែលបរាជ័យក្នុងការអនុវត្តតាមច្បាប់ និងលក្ខខណ្ឌនៃអាជ្ញាប័ណ្ណ ខណៈនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរិះគន់សេវាអន់របស់ក្រុមហ៊ុនដែលកំពុងផ្តល់សេវាអ៊ីនធឺណិតតាមទូរស័ព្ទអំឡុងពេលចុះជួបប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់នៅខេត្តបន្ទាយមានជ័យកាលពីថ្ងៃម្សិលមិញគឺ ១ ថ្ងៃក្រោយការសម្រេចរបស់ MPTC។
លោក អ៊ឹម វុត្ថា អ្នកនាំពាក្យនិយតករទូរគមនាគមន៍កម្ពុជា (TRC) ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា ក្រុមហ៊ុនដែលក្រសួងបានលុប និងព្យួរអាជ្ញាប័ណ្ណគឺមានអាជ្ញាប័ណ្ណសម្រាប់ប្រតិបត្តិការផ្តល់សេវាទូរស័ព្ទចល័ត អាជ្ញាប័ណ្ណសម្រាប់ផ្តល់សេវាអ៊ីនធឺណិត (ISP) និង ហ្វ្រេកង់ស៍សម្រាប់ដំណើរការ Broadband Wireless Access (BWA) ព្រមទាំងអាជ្ញាប័ណ្ណសម្រាប់ផ្តល់សេវាសំឡេងតាមរយៈពិធីការអ៊ីនធឺណិត (VoIP) និងអាជ្ញាប័ណ្ណសម្រាប់ប្រព័ន្ធបណ្តាញ និងសេវាកំណត់ទីតាំង និងតម្រង់ទិសតាមផ្កាយរណប។
លោកថ្លែងថា៖ «យើងតែងតែក្រើនរំឭកគាត់ និងបន្ធូរបន្ថយឱ្យគាត់ហើយ ដោយជូនដំណឹងគាត់ឱ្យមកបង់ពន្ធជូនរដ្ឋ ដោយស្ម័គ្រចិត្ត ប៉ុន្តែគាត់មិនព្រមមកបង់ពន្ធ អ៊ីចឹងយើងចាត់វិធានការតាមច្បាប់ហើយ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរិះគន់ជាសាធារណៈចំពោះក្រុមហ៊ុនទូរស័ព្ទចល័តដែលបានផ្តល់សេវាអ៊ីនធឺណិតឥតខ្សែដែលមានសេវាអន់នៅក្រៅតំបន់ប្រជុំជន៖ «អា [ក្រុមហ៊ុន] ខ្លះ [មានសេវា] បានតែនៅក្នុងក្រុងធំៗ ដល់តែតំបន់ផ្សេងទៀត អត់មានសេវា ធ្វើអីវា!»៕ LA