ភ្នំពេញៈ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​នឹង​ស្វែងរក​ហិរញ្ញប្បទាន​ប្រហែល ៨០ ​លាន​អឺរ៉ូ​ (៩៥ ​លានដុល្លារ​) ​ពី​ទីភ្នាក់ងារ​បារាំង​សម្រាប់​អភិវឌ្ឍន៍​ (AFD) ​សម្រាប់​គម្រោង​ចំនួន ២ ដើម្បី​ជំរុញ​ខ្សែ​ច្រវាក់​តម្លៃ​ផលិតកម្ម​កសិកម្ម​នៅ​កម្ពុជា​។

ការបង្ហាញ​ពី​ផែនការ​នេះ​បាន​ធ្វើ​ឡើង​ក្នុង​ជំនួប​រវាង​លោក វេង សាខុន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ជាមួយ​នឹង​លោកស្រី Ophelie Bourhis នាយិកា AFD កាលពី​ថ្ងៃទី​ ៧ ខែ​មេសា នៅ​ទីស្តីការ​ក្រសួង​។

លោក សាខុន ឱ្យដឹងថា គម្រោង​ទាំង ២ ​នេះ AFD កំពុង​វាយតម្លៃ​ដោយ​រំពឹងថា ហិរញ្ញប្បទាន​នេះ​នឹង​ទទួលបាន​ក្នុង​ឆ្នាំ​ ២០២១ នេះ​។

លោក​រដ្ឋមន្ត្រី​បាន​បន្ថែម​ថា គម្រោង​ទាំង ២​ នេះ​រួមមាន​គម្រោង​ស្តីពី​ «​ការអភិវឌ្ឍ​បច្ចេកវិទ្យា​កសិកម្ម​ដោយ​ពឹង​លើទឹក​ភ្លៀង​លើ​ដំណាំ​កៅស៊ូ ដំណាំ​សម្រាប់​ចំណី​សត្វ និង​បន្លែ​» ដែលមាន​ហិរញ្ញប្បទាន​ចំនួន ៥០ ​លាន​អឺរ៉ូ និង​គម្រោង ១ ​ទៀត «​ការគ្រប់គ្រង​ជលផល​នៅ​តំបន់ឆ្នេរ និង​សមុទ្រ​ប្រកបដោយ​និរន្តរភាព​» ដែល​មាន​ហិរញ្ញប្បទាន ៣០ ​លាន​អឺរ៉ូ​ដែលជា​សហហិរញ្ញប្បទាន​ជាមួយ​ធនាគារ​អភិវឌ្ឍន៍អាស៊ី​ (ADB)​។

លោក​ថ្លែងថា​៖ «​យើង​សូមឱ្យ AFD ធ្វើការ​អនុម័ត​ឱ្យបាន​ឆាប់​តាម​ដែល​អាច​ធ្វើបាន​ដើម្បី​អនុវត្ត​ឱ្យ​ស្រប​តាម​ស្ថានភាព​បច្ចុប្បន្ន​នៃ​ផលិតកម្ម​សត្វ និង​បន្លែ ដែល​កំពុង​ចូលរួម​យ៉ាងសកម្ម​ក្នុង​ការជួយ​ទ្រទ្រង់​សេដ្ឋកិច្ច​គ្រួសារ ឱកាស​ការងារ និង​សន្តិសុខ​ស្បៀង​»​។

លោកស្រី Ophelie Bourhis នាយិកា AFD បាន​រាយការណ៍​ពី​ការវិវឌ្ឍ​បឋម​នៃ​គម្រោង​ទាំង​ ២ ខាងលើ​ថា AFD បាននិង​កំពុង​ដំណើរការ​ទៅដោយ​រលូន​គួរឱ្យ​កត់សម្គាល់​។

លោកស្រី​បាន​អះអាងថា​៖ «១ ​គម្រោង​នឹង​អនុវត្ត​ក្នុងឆ្នាំនេះ និង​ ១ ​ទៀត​កំពុង​ពិនិត្យ និង​វាយតម្លៃ​ដែល​អាច​នឹង​អនុម័ត​ក្នុង​ឆ្នាំ​នេះ​ដែរ ដោយ​យើង​សង្ឃឹមថា គម្រោង​ទាំង​ ២ នឹង​រួមចំណែក​ធ្វើឱ្យ​ខ្សែចង្វាក់​តម្លៃ​ផលិតកម្ម​កសិកម្ម​ក៏ដូចជា ផលិតកម្ម​សត្វ និង​បន្លែ​កាន់តែ​ល្អប្រសើរ និង​មាន​ការប្រកួតប្រជែង​ទាំង​បរិមាណ គុណភាព និង​សុវត្ថិភាព​តាមរយ:​ការអនុវត្ត​បច្ចេកវិទ្យា​កសិកម្ម​ទំនើប​សមស្រប​ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ បរិយាប័ន្ន និង​នវានុវត្តន៍​»​។

បើតាម​លោក វេង សាខុន ក្នុង​រយៈ ៣ ​ឆ្នាំ​ចុង​ក្រោយនេះ AFD និង​ដៃគូ​អភិវឌ្ឍន៍​របស់​ខ្លួន​បាន​ផ្តល់​សហហិរញ្ញប្បទាន​ដល់​ក្រសួង​កសិកម្ម​លើ​គម្រោង​ចំនួន​ ៥ ដែលមាន​ទឹកប្រាក់​សរុប​ ១៤១,៥ ​លាន​អឺរ៉ូ (​រួមទាំង​គម្រោង​ទាំង​ ២ ខាងលើ​)​។

លោក​រដ្ឋមន្ត្រី​បន្តថា ក្នុងចំណោម​នោះ​មាន​គម្រោង​ចំនួន​ ៣ ក្រសួង​កំពុង​អនុវត្ត គឺ​គម្រោង ​«​ការជំរុញ​កំណើន​វិស័យ​កសិកម្ម​នៅ​កម្ពុជា​ដោយ​ចីរភាព​ (CaPFish Aquaculture)» ​ដោយ​ផ្តល់​ហិរញ្ញប្បទាន ២៥ ​លាន​អឺរ៉ូ​ដែល​ជា​សហហិរញ្ញប្បទាន​ជាមួយ​សហភាព​អឺរ៉ុប​។ គម្រោង​នេះ​ផ្តោតទៅលើ​ការធ្វើឱ្យ​ប្រសើរឡើង​នូវ​វិស័យ​វារីវប្បកម្ម​ប្រកប​ដោយ​និរន្តរភាព ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ​។

ចំណែក​គម្រោង​ទី​២ គឺ​ថ្នាក់​តំបន់​ស្តីពី​ការអភិវឌ្ឍ​កសិទេសចរណ៍ និង​ប្រព័ន្ធ​សុវត្ថិភាព​ចំណីអាហារ ដែល​មាន​ទឹកប្រាក់​សរុប ១១,៥ ​លាន​អឺរ៉ូ និង​គម្រោង​ទី​ ៣ «​ខ្សែចង្វាក់​តម្លៃ​ផលិតកម្ម​កសិកម្ម និង​ការលើកកម្ពស់​សុវត្ថិភាព​កសិផល​ដែល​បាន​ធ្វើ​សហការ​ហិរញ្ញប្បទាន​ជាមួយ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ក្នុង​តម្លៃ​ទឹកប្រាក់​ ២៥ ​លាន​អឺរ៉ូ​។

លោក​និយាយថា​៖ «​ខ្ញុំ​សូម​វាយតម្លៃ​ខ្ពស់​លើ​លទ្ធផល​នៃ​ការអនុវត្ត​គម្រោង​ទាំង​ ៣ ព្រោះ​វា​បាននិង​កំពុង​ចូលរួម​ចំណែក​យ៉ាងសកម្ម​នៅក្នុង​ការអភិវឌ្ឍ​វិស័យ​ជលផល​ចំ​ទិសដៅ សមស្រប​តាម​សភាពការណ៍​មាន​ប្រសិទ្ធភាព និង​ទទួលបាន​ប្រសិទ្ធ​ផល​ខ្ពស់​ស្របតាម​ផែនការ​យុទ្ធសាស្ត្រ​ដែល​បាន​គ្រោងទុក គឺ​ការអភិវឌ្ឍ​វិស័យ​ជលផល​ប្រកប​ដោយ​ចីរភាព និរន្តរភាព បរិយាប័ន្ន និង​ការប្រែប្រួល​អាកាសធាតុ​»៕ LA