ភ្នំពេញៈ ធនាគារជាតិ​នៃ​កម្ពុជា (NBC) និង​ក្រសួង​អប់រំ យុវជន និង​កីឡា នឹង​ដាក់​បញ្ចូល​មេរៀន​ផ្នែក​ហិរញ្ញវត្ថុ​កម្រិត​មូលដ្ឋាន​ទៅ​ក្នុង​មុខវិជ្ជា​សិក្សា​ចំណេះ​ទូទៅ​ចាប់ពី​ឆ្នាំ​សិក្សា ២០១៩ តទៅ​ដើម្បី​បញ្ជ្រាប​ការយល់ដឹង​ពី​វិស័យ​នេះ​ដល់​ប្រជាជន​កម្ពុជា​តាំងពី​វ័យក្មេង​។ នេះ​បើ​យោង​តាម​ការបញ្ជាក់​ពី​តំណាង NBC​។

លោកស្រី ជា សិរី អគ្គនាយិកា​បច្ចេកទេស​នៃ​ធនាគារជាតិ​នៃ​កម្ពុជា (NBC) បាន​ឲ្យ​ដឹង​ថា ក្រុម​ការងារ​កំពុង​រៀបចំ​សៀវភៅ​ពុម្ព​ស្តីពី​មេរៀន​ចំណេះដឹង​ហិរញ្ញវត្ថុ​ដើម្បី​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ក្នុង​ឆ្នាំ​សិក្សា​ ២០១៩ ដើម្បី​ជំរុញ​ការយល់ដឹង​ផ្នែក​ហិរញ្ញវត្ថុ​នេះ​ឲ្យ​កាន់តែ​ទូលំ​ទូលាយ និង​មាន​ចីរភាព​។

លោកស្រី​ថ្លែង​ថា​៖ «​ចាប់ពី​ឆ្នាំ​ ២០១៩ ខាង​មុខ​តទៅ កូនសិស្ស​ពី​ថ្នាក់​ទី​ ១ ដល់​ទី​ ១២ គាត់​នឹង​អាច​យល់ដឹង​អំពី​ផ្នែក​ហិរញ្ញវត្ថុ​នេះ​បាន​ច្បាស់​ជាង​មុន ដូចជា​ការគិតគូរ​អត្រា​ការប្រាក់ តើ​កម្ចី​ជា​អ្វី​? ​ការ​សន្សំ​លុយ​ជា​អ្វី​ជាដើម​?»​។

យោង​តាម​លោកស្រី សិរី NBC និង ក្រសួង​អប់រំ​បាន​សហការ​គ្នា​បញ្ចប់​ការតាក់តែង​មេរៀន​រួច​ហើយ​។ មេរៀន​ផ្នែក​ហិរញ្ញវត្ថុ នេះ​នឹង​មិន​មាន​មុខ​វិជ្ជា​ដាច់​ដោយ​ឡែក​នោះ​ទេ តែ​នឹង​ដាក់​បញ្ចូល​ក្នុង​មុខវិជ្ជា​សិក្សា ដែល​មាន​ស្រាប់​មួយ​ចំនួន​ដូចជា​មុខវិជ្ជា គណិតវិទ្យា មុខវិទ្យា​គេហកិច្ច សិក្សា​សង្គម និង បំណិន​ជីវិត​ជាដើម​។

ក្រសួង​អប់រំ​កម្ពុជា​ទើប​តែ​បាន​អនុម័ត និង​ដំណើរការ​ជា​សាធារណៈ​នូវ​មេរៀន​ថ្មី​ដែល​ទើប​តាក់តែង​នេះ​។ ជំហាន​បន្ទាប់​គឺ​ការផ្តល់​វគ្គ​បណ្តុះបណ្តាល​ដល់​គ្រូ​។

សៀវភៅ​នេះ​ត្រូវ​បាន​អភិវឌ្ឍ​ដោយ​មាន​កិច្ចសហការ​ជាមួយ Good Return ដែល​ជា​អង្គការ​មិនមែន​រដ្ឋាភិបាល​មាន​បេសកកម្ម​លើក​កម្ពស់​លទ្ធភាព​ទទួល​បាន​ហិរញ្ញវត្ថុ ស្ថាប័ន​ World Education Cambodia និង ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) ជាដើម​។

លោក យន់ សុវណ្ណា នាយក​ប្រតិបត្តិ​សមាគម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​កម្ពុជា (CMA) បាន​លើក​ឡើង​ថា គំនិត​ផ្តួចផ្តើម​របស់ NBC ទាក់ទង​នឹង​ការបញ្ជ្រាប​ចំណេះដឹង​ហិរញ្ញវត្ថុ​ដល់​ប្រជាជន​កម្ពុជា​តាំងពី​វ័យក្មេង​គឺជា​ដំណើរការ​ល្អ ដែល​នឹង​រួមចំណែក​បង្កើន​ការយល់​ដឹង​ផ្នែក​ហិរញ្ញវត្ថុ​ដល់​សាធារណជន​កម្ពុជា​។ លោក​បន្ត​ថា និរន្តរភាព​នៃ​ការអភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ​កម្ពុជា​ត្រូវការ​ការចូលរួម​ពី​ក្មេងៗ ដូច្នេះ​ការផ្តល់​ការអប់រំ​ដល់​ពួកគេ​ពី​វិស័យ​នេះ​គឺជា ការចាំបាច់​។

លោក​ថ្លែង​ថា​៖ «​នៅពេល​ដែល​សិស្សានុសិស្ស​យល់​កាន់តែ​ច្បាស់​ពី​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ ពួកគេ​នឹង​ចែករំលែក​អ្វី​ដែល​បាន​រៀន​ទៅ​​ឪពុកម្តាយ ឬ ចាស់ៗ​ក្នុង​គ្រួសារ ដែល​វា​នឹង​ជួយ​បង្កើន​ការយល់ដឹង​ផ្នែក​ហិរញ្ញវត្ថុ​បាន​មួយ​កម្រិត​»៕