ភ្នំពេញៈ ក្រសួង​ពាណិជ្ជកម្ម​អំពាវនាវ​ឲ្យ​ក្រុមហ៊ុន​ផលិត និង​ក្រុម​វិនិយោគិន​ក្នុងស្រុក និង​បរទេស​ចូលរួម​នៅក្នុង​ «​ពិព័រណ៍​ផលិតផល​ខ្មែរ និង​ទំនិញ​នាំចេញ នាំចូល​អន្តរជាតិ​លើក​ទី​ ១៥» នៅពេល​ខាងមុខ​សំដៅ​លើក​កម្ពស់​សកម្មភាព​សេដ្ឋកិច្ច ដែល​រង​ផលប៉ះពាល់​យ៉ាងខ្លាំង​ដោយសារ​តែ​ការរីករាលដាល​ជំងឺ​កូវីដ ​១៩​។

សេចក្ដី​ប្រកាស​បាន​ពី​ក្រសួង ពាណិជ្ជកម្ម​ដែល​ភ្នំពេញ​ប៉ុស្ដិ៍​ទទួល​បាន​កាលពី​ថ្ងៃ​ពុធ​បាន​ឲ្យ​ដឹងថា ពិព័រណ៍​ផលិតផល​ខ្មែរ និង​ទំនិញ​នាំចេញ នាំចូល​អន្តរជាតិ​លើក​ទី​ ១៥ នឹងត្រូវ​រៀបចំ​ឡើង​ចាប់ពី​ថ្ងៃទី​ ១៥ ដល់​ថ្ងៃទី​ ១៨ ខែ ធ្នូ​ ឆ្នាំ​ ២០២០ នៅ​មជ្ឈមណ្ឌល​តាំងពិព័រណ៍ និង​សន្និបាត​កោះពេជ្រ រាជធានី​ភ្នំពេញ​។

មន្ដ្រី​មួយរូប​នៃ​ក្រសួង​ពាណិជ្ជកម្ម​ដែល​បាន​ស្នើសុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា ការតាំងពិព័រណ៍​នេះ​នឹង​កែលម្អ​សកម្មភាព​ពាណិជ្ជកម្ម អាជីវកម្ម និង​ការវិនិយោគ​ដែល​បាន​ថមថយ​ល្បឿន ដោយសារ​តែ​ផលប៉ះពាល់​របស់​វីរុស​កូរ៉ូណា​។

ប្រភព​នោះបាន​ថ្លែងថា​៖ «​ពិត​ហើយ សកម្មភាព​អាជីវកម្ម និង​សេដ្ឋកិច្ច​របស់​យើង បាន​ថមថយ​ល្បឿន ហើយ​យើង​ទទួល​បាន​ការត្អូញត្អែរ​ច្រើន​ពី​ក្រុមហ៊ុន​ផលិត​ក្នុង​ស្រុក​របស់​យើង ដោយសារ​ពួកគេ​មិនអាច​លក់​ផលិតផល​របស់​ពួកគេ ដូច្នេះ​ពិព័រណ៍​នេះ​នឹង​ជា​វេទិកា​ដ៏សំខាន់​សម្រាប់​ពួកគេ​»​។

តាម​សេចក្តី​ប្រកាស ក្រុមហ៊ុន​ដែល​មាន​បំណង​ចូលរួម​ត្រូវ​ចុះឈ្មោះ​ឲ្យ​បាន​មុន​ថ្ងៃទី​ ១៥ ខែ ​វិច្ឆិកា ឆ្នាំ​ ២០២០ ជា​កំណត់​៕LA