
មនុស្សអង្គុយលេងទូរស័ព្ទនៅសួនច្បារក្បែរវត្តភ្នំនាពេលកន្លងមក។ ហ៊ាន រង្សី
ភ្នំពេញៈ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានអំពាវនាវជាថ្មីឱ្យប្រតិបត្តិករទូគមនាគមន៍ពង្រឹងគុណភាពសេវាទូរស័ព្ទចល័ត និងសេវាអ៊ីនធឺណិតឱ្យបានកាន់តែប្រសើរដើម្បីឆ្លើយតបទៅនឹងកំណើននៃអ្នកប្រើប្រាស់ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ ១៩។
សេចក្តីណែនាំរបស់ក្រសួងដែលផ្សព្វផ្សាយកាលពីថ្ងៃទី ២៣ ខែមីនា ឱ្យដឹងថា ទំហំនៃការប្រើប្រាស់សេវាអ៊ីនធឺណិត បានកើនឡើងគួរឱ្យកត់សម្គាល់ចាប់តាំងពីមានព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។
ក្នុងន័យនេះក្រសួងសូមណែនាំដល់ប្រតិបត្តិករផ្តល់សេវាទូរស័ព្ទចល័ត និងប្រតិបត្តិករផ្តល់សេវាអ៊ីនធឺណិត (ISP) ទាំងអស់ត្រូវពង្រឹងគុណភាពសេវាទូរគមនាគមន៍របស់ខ្លួន ដើម្បីសម្រួលដល់ការប្រើប្រាស់ឱ្យបានគ្រប់គ្រាន់ ចៀសវាងភាពរអាក់រអួលក្នុងការទំនាក់ទំនងសង្គម ការសិក្សា និងការបំពេញការងារពីចម្ងាយតាមប្រព័ន្ធអនឡាញជាដើម។
សេចក្តីណែនាំបានបញ្ជាក់ថា៖ «អាស្រ័យហេតុនេះ សូមប្រតិបត្តិករទូរគមនាគមន៍ទាំងអស់អនុវត្តតាមការណែនាំខាងលើប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់»។
លោក តុល ញ៉ាក់ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រៃសណីយ៍ និងទូរគមនាគមន៍បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ការណែនាំជាថ្មីនេះ គឺដើម្បីក្រើនរំឭកទៅដល់ប្រតិបត្តិករទូរគមនាគមន៍ត្រូវបន្តយកចិត្តទុកដាក់លើការពង្រឹងគុណភាពសេវាអ៊ីនធឺណិត និងសេវាទូរស័ព្ទចល័ត។
លោកថ្លែងថា៖ «ក្រសួងយល់ថា ក្នុងដំណាក់កាលនេះ សេវាទូរគមនាគមន៍បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមយុទ្ធនាការទប់ស្កាត់រីករាលដាលជំងឺកូវីដ ១៩»។
លោកស្រី សុខ ចិន្តា ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន Angkor Data Communication Group Co Ltd (Mekong Net) ដែលជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនផ្ដល់សេវាអ៊ីនធឺណិត (ISPs) បានស្វាគមន៍ និងបន្តសហការជាមួយក្រសួងក្នុងការពង្រឹងគុណភាពសេវាអ៊ីនធឺណិត។
លោកស្រីនិយាយថា៖ «យើងបានចូលរួមសហការជាមួយក្រសួងមិនមែនទើបតែថ្មីៗនេះទេ គឺជាច្រើនឆ្នាំមកហើយ។ ឧទាហរណ៍ តាមបណ្តាសាលារៀន ធនាគារ និងក្រុមហ៊ុន យើងខ្ញុំបានបន្ថែមទំហំល្បឿនអ៊ីនធឺណិតដល់ពួកគាត់ ដើម្បីអាចដំណើរការបង្រៀនតាមអនឡាញបានរលូនល្អ»។
លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរបស់ក្រសួងព័ត៌មានកាលពីថ្ងៃទី ១៦ ខែមីនាថា ក្នុងបរិបទកូវីដ១៩នេះ ប្រជាពលរដ្ឋប្រើប្រាស់អ៊ីនធឺណិតមានការកើនឡើងរហូតដល់ ១៥,៥ លាននាក់ គឺជាអ្នកប្រើប្រាស់អ៊ីនធឺណិតតាមទូរស័ព្ទដៃមានន័យថា ប្រជាពលរដ្ឋដែលប្រើប្រាស់ 3G ឬ 4G សម្រាប់សេវាអ៊ីនធឺណិត។
ដោយឡែកអ្នកប្រើប្រាស់សេវាអ៊ីនធឺណិតនៅតាមផ្ទះ អគារ និងក្រុមហ៊ុន ដែលអូសខ្សែកាប្លិ៍ក្រោមដីក្រោមទឹក និងអាកាសមានចំនួនជិត ១ លានកន្លែង។
លោក វ៉ាន់ដេត បានថ្លែងថា៖ «ក្នុងពេលមានការកើនឡើងនេះដែរក៏មានបញ្ហាប្រឈមមួយចំនួនដែលធ្វើឱ្យអ្នកប្រើប្រាស់ត្អូញត្អែរពីសេវាអ៊ីនធឺណិតមានការយឺតយ៉ាវ ដែលធ្វើឱ្យប៉ះពាល់ដល់ដំណើរការអនុវត្តការងារប្រចាំថ្ងៃ ក៏ដូចជា ការសិក្សាតាមអនឡាញរបស់ក្មួយៗសិស្សានុសិស្សនៅក្នុងបរិបទនេះ»។
ចំនួនការជាវទូរស័ព្ទចល័តដ៏សកម្មក្នុងប្រតិបត្តិករទាំង ៦ នៅកម្ពុជាមានចំនួន ២០ ៤៨១ ០៥១ គិតត្រឹមចុងខែឧសភា ឆ្នាំ ២០២០ ធ្លាក់ចុះ ០,០៨ ភាគរយធៀបនឹងកាលពីចុងខែឧសភា ឆ្នាំ ២០១៩។ នេះបើយោងតាមទិន្នន័យពី TRC។
ចំនួននៃការជាវសេវាអ៊ីនធឺណិតចល័តនៅក្នុងក្រុមហ៊ុនផ្ដល់សេវាទាំង ៧ របស់កម្ពុជាបានកត់ត្រាការធ្លាក់ចុះ ២,៣៦ ភាគរយ នៅត្រឹម ១៤ ៨៦៣ ៤៣៥ ចំណែកការជាវសេវាអ៊ីនធឺណិតលើតុនៅក្រុមហ៊ុនផ្ដល់សេវាអ៊ីនធឺណិតទាំង ៣៧ នៅកម្ពុជាបានកត់ត្រាការកើនឡើង ៣៣,០៧ ភាគរយ ដល់ ២៤៩ ១៣២៕ LA
វីដេអូ៖