
លោក ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ថ្លែងនាពេលកន្លងមក។ រូបថត សហការី
ភ្នំពេញៈ ក្រសួងពាណិជ្ជកម្មបានធ្វើការអំពាវនាវដល់បណ្តាផលិតករក៏ដូចជាអ្នកនាំចេញត្រូវមកធ្វើការស្នើសុំវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញទម្រង់ អេ (CO FORM A) ដើម្បីបញ្ជាក់ប្រភពដើមកំណើតទំនិញរបស់ខ្លួនដែលនឹងត្រូវនាំចេញទៅកាន់ចក្រភពអង់គ្លេសដោយរួចពន្ធចាប់ពីថ្ងៃទី ០១ ខែ មករា ឆ្នាំ ២០២១ តទៅ ប៉ុន្តែចក្រភពអង់គ្លេសនៅតែបន្តតាមដានអំពីដំណើរវិវឌ្ឍន៍នៃបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា។
ការអំពាវនាវនេះធ្វើឡើងតែប៉ុន្មានថ្ងៃបន្ទាប់ពីក្រសួងពាណិជ្ជកម្មអន្តរជាតិចក្រភពអង់គ្លេសបានប្រកាសជាផ្លូវការកាលពីថ្ងៃទី ១៧ ខែធ្នូ អំពីប្រទេសអភិវឌ្ឍន៍តិចតួចទាំង ៤៧ ដែលរួមមានកម្ពុជាគឺនឹងទទួលបានការអនុគ្រោះពន្ធ (GSP) ដែលត្រូវចាប់អនុវត្តពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២១ តទៅ។
យោងតាមសេចក្តីប្រកាសព័ត៌មាននេះ កម្ពុជាត្រូវបានចាត់ថ្នាក់ក្នុងក្របខ័ណ្ឌនៃប្រទេសអភិវឌ្ឍន៍តិចតួចដូច្នេះរាល់ការនាំចូលពីកម្ពុជានឹងត្រូវរួចពន្ធ ជាមួយអត្រាពន្ធស្មើសូន្យរាល់គ្រប់មុខទំនិញលើកលែងតែអាវុធ និងគ្រាប់រំសេវនានា។ ក្រសួងពាណិជ្ជកម្មអន្តរជាតិចក្រភពអង់គ្លេស លើកឡើងថា៖ «ប្រទេសកម្ពុជានឹងទទួលបានការរួចពន្ធ និងអត្រាពន្ធស្មើសូន្យរាល់គ្រប់មុខទំនិញលើកលែងតែអាវុធ និងគ្រាប់រំសេវនានាស្ថិតនៅក្រោមប្រព័ន្ធអនុគ្រោះពន្ធ UK GSP។ អង់គ្លេសនឹងបន្តលើកបញ្ហាសិទ្ធិមនុស្សជាមួយរដ្ឋាភិបាលកម្ពុជា និងធ្វើការឃ្លាំមើលអំពីបញ្ហានេះ»។
ក្រសួងពាណិជ្ជកម្មកម្ពុជាកាលពីថ្ងៃព្រហស្បតិ៍ បានចេញសេចក្តីជូនដំណឹងដល់ផលិតករ ឬអ្នកនាំចេញទាំងអស់ថា ក្រសួងពាណិជ្ជកម្មអន្តរជាតិអង់គ្លេសបានជូនព័ត៌មានអំពីការផ្តល់ការអនុគ្រោះពន្ធ (UK''s Generalized Scheme of Preferences) ដល់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ដែលមានប្រទេសអភិវឌ្ឍន៍តិចតួចផងដែរ។
«ដើម្បីទទួលបានការអនុគ្រោះពន្ធពីចក្រភពអង់គ្លេស និងអនុលោមតាមប្រកាសលេខ ៣១៩៨ ពណ.ខកល ចុះថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០១៦ ស្តីពីនីតិវិធីនៃការស្នើសុំ និងការចេញវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញគ្រប់ទម្រង់តាមប្រព័ន្ធស្វ័យប្រវត្តិកម្មតាមរយៈគេហទំពរ័ https://co.moc.gov.kh និងប្រកាសរួមរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងពាណិជ្ជកម្ម ស្តីពីការផ្តល់សេវាសាធារណ:របស់ក្រសួងពាណិជ្ជកម្មដែលស្ថិតជាធរមាន ផលិតករ ឬអ្នកនាំចេញទាំងអស់ត្រូវធ្វើការស្នើសុំវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញទម្រង់អេ (CO FORM A) ដើម្បីបញ្ជាក់ដើមកំណើតទំនិញរបស់ខ្លួនដែលនឹងត្រូវធ្វើការនាំចេញទៅកាន់ចក្រភពអង់គ្លេសដោយរួចពន្ធចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២១ តទៅ។
លោង ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃសុក្រនេះថា ចក្រភពអង់គ្លេសបានប្រកាសជាផ្លូវការហើយដោយផ្តល់ការអនុគ្រោះពន្ធដល់កម្ពុជាក្រោមប្រព័ន្ធអនុគ្រោះ UK GSP ដែលនឹងត្រូវចាប់អនុវត្តពីថ្ងៃទី ១ ខែ មករា ឆ្នាំ ២០២១ ដោយតម្រូវឱ្យអ្នកនាំចេញ និងផលិតករត្រូវអនុលោមក្នុងការស្នើសុំវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញទម្រង់ អេ ពីក្រសួងពាណិជ្ជកម្មដើម្បីទទួលបានការអនុគ្រោះនេះ។
លោកថ្លែងថា៖ «កម្ពុជានាំចេញទៅចក្រភពអង់គ្លេសជិត ១ ពាន់លានដុល្លារក្នុង ១ ឆ្នាំក្នុងចំណោមប្រាក់ជាង ៤ ពាន់លានដុល្លារនៃការនាំចេញសរុបទៅទីផ្សារអឺរ៉ុប។ នេះជាចំណែកទីផ្សារមួយដ៏ធំ។ ការអនុគ្រោះពន្ធនេះនឹងជំរុញបន្ថែមនូវការនាំចេញពីកម្ពុជាទៅចក្រភពអង់គ្លេស ក៏ដូចជាទាក់ទាញវិនិយោគទុនពីបណ្តាប្រទេសផ្សេងៗដើម្បីចាប់យកឱកាសនេះផងដែរ»។
លោក ខេន លូ អគ្គលេខាធិការ GMAC បានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ កាលពីថ្ងៃសុក្រថា៖ «UK ជាទីផ្សារធំជាងគេនៅ EU ដែលមានចំនួនចន្លោះពី ២៥ ទៅ ៣០ ភាគរយនៃការនាំចេញសរុបរបស់កម្ពុជាទៅ EU។ ដោយចាប់ផ្ដើមអនុវត្តពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២១ យើងនឹងនាំចេញផលិតផលយើងស្ថិតក្រោម GSP របស់ UK ដែលជាកន្លែងដែលយើងអាចបង្កើនការនាំចេញកាន់តែច្រើន»។
ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងចក្រភពអង់គ្លេសក្នុងរយៈពេល ១១ ខែ នៃឆ្នាំ ២០២០ នេះមានតម្លៃប្រមាណ ៨១៣ លានដុល្លារ ធ្លាក់ចុះជាង ២៣ ភាគរយធៀបនឹងទំហំទឹកប្រាក់ ១ ឆ្នាំពេញនៅក្នុងឆ្នាំ ២០១៩ ដែលសម្រេចបាន ១ ០៥៧ លានដុល្លារ ខណៈការធ្លាក់ចុះនេះត្រូវគេដឹងថា បណ្តាលមកពីការឆ្លងរាលដាលជំងឺកូវីដ១៩ ដែលបានអូសបន្លាយរយៈពេល ១ ឆ្នាំកន្លងមកនេះ។
ទិន្នន័យក្រសួងពាណិជ្ជកម្ម បង្ហាញថា ក្នុងរយៈពេល ១១ ខែឆ្នាំ ២០២០ នេះ ការធ្វើពាណិជ្ជកម្មទ្វេភាគីកម្ពុជា និងអង់គ្លេសមានតម្លៃសរុប ៨១៣ លានដុល្លារក្នុងនោះការនាំចេញរបស់កម្ពុជាមានតម្លៃ ៧៦៦ លានដុល្លារ និងការនាំចូលពីអង់គ្លេសមានតម្លៃជាង ៤៦ លានដុល្លារ។
កាលពីឆ្នាំ ២០១៩ ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំង ២ មានតម្លៃ ១ ០៥៧ លានដុល្លារក្នុងនោះការនាំចេញពីកម្ពុជាមានតម្លៃជាង ៩៧៧ លានដុល្លារ និងអង់គ្លេសនាំមកកម្ពុជាមានតម្លៃជិត ៨០ លានដុល្លារ។ ភាគច្រើននៃទំនិញកម្ពុជានាំទៅអង់គ្លេសមានដូចជា សម្លៀកបំពាក់ ស្បែកជើង កង់ អង្ករ និងផលិតផលកសិកម្ម។ ចំណែកអង់គ្លេសនាំមកកម្ពុជាវិញមានដូចជា រថយន្ត និងគ្រឿងចក្រជាដើម៕LA