ភ្នំពេញៈ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានជំរុញលើកទឹកចិត្តឱ្យម្ចាស់ផ្សារទំនើបទាំងអស់នៅកម្ពុជាជួយគាំទ្រផលិតផលក្នុងស្រុកដែលមានស្តង់ដាអនាម័យគ្រប់គ្រាន់ក្នុងការយកទៅដាក់តាំងលក់ក្នុងផ្សាររបស់ពួកគេ។
ការអំពាវនាវនេះបានធ្វើឡើងក្នុងកិច្ចប្រជុំពិគ្រោះយោបល់រវាងក្រសួងឧស្សាហកម្មជាមួយនឹងតំណាងផ្សារទំនើបនៅកម្ពុជា ក្រោមប្រធានបទ «ការជំរុញ និងលើកកម្ពស់ផលិតផលខ្មែរ» (Promoting Khmer Products) នៅទីស្តីការក្រសួងកាលពីថ្ងៃអង្គារ។
រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោក គឹម ទូច បានថ្លែងថា ការពិភាក្សាគ្នានេះផ្តោតលើការពង្រឹងស្តង់ដាអនាម័យ និងបញ្ហាប្រឈមនានារបស់សហគ្រាសធុនតូច និងមធ្យម ហើយការពិភាក្សានេះក៏នឹងស្វែងរកដំណោះស្រាយដើម្បីផ្តល់លទ្ធភាពឱ្យផលិតផលរបស់សហគ្រាសធុនតូច និងមធ្យមអាចឈានជើងចូលទៅក្នុងផ្សារទំនើបបានដោយជោគជ័យ។
លោកថ្លែងថា៖ «ការពិភាក្សានេះពិតជាមានសារៈសំខាន់ក្នុងការរកដំណោះស្រាយបញ្ហា និងការសម្របសម្រួលក្នុងការផ្តល់ឱកាសគាំទ្រដល់ផលិតផលក្នុងស្រុក ពិសេសវិស័យម្ហូបអាហារ និងមិនមែនម្ហូបអាហារ»។
លោកកត់សម្គាល់ថា មានផលិតផលក្នុងស្រុកខ្លះត្រូវបានដាក់លក់ក្នុងផ្សារទំនើបក្នុងទីក្រុងភ្នំពេញរួចមកហើយ ប៉ុន្តែនៅមានបរិមាណតិចតួចនៅឡើយ ដូច្នេះចាំបាច់ត្រូវមានការសហការគ្នាពីគ្រប់ភាគីពាក់ព័ន្ធដើម្បីជំរុញលើកកម្ពស់ផលិតផលក្នុងស្រុកឱ្យរីកចម្រើនឡើងថែមទៀត។
លោកថ្លែងទៀតថា៖ «ក្នុងនាមជាអាណាព្យាបាលរបស់សហគ្រាសធុនតូច និងមធ្យម ក្រសួងប្តេជ្ញានឹងបន្តពិភាក្សាជាមួយម្ចាស់ផ្សារទំនើបនានា ដើម្បីឱ្យបន្ធូរបន្ថយនូវលក្ខខណ្ឌតម្រូវស្តង់ដាសមស្របណាមួយដែលអាចអនុគ្រោះឱ្យសហគ្រាសធុនតូច និងមធ្យមអាចមានលទ្ធភាពគ្រប់គ្រាន់ក្នុងការនាំយកផលិតផលរបស់គាត់ចូលក្នុងផ្សារទំនើបនានា»។
លោក ថែល វាសនា ប្រធានផ្នែកបញ្ជាទិញអាហារនៃក្រុមហ៊ុន AEON Cambodia បានឱ្យដឹងថា ផ្សារទំនើបអ៊ីអនបានគាំទ្រផលិតផលក្នុងស្រុកចាប់តាំងពីចាប់ផ្តើមប្រតិបត្តិការនៅប្រទេសកម្ពុជា ហើយរហូតមកដល់ពេលនេះមានផលិតផលក្នុងស្រុកសរុបជាង ២ ០០០ មុខ ត្រូវបានតាំងលក់នៅផ្សារទំនើបអ៊ីអនទាំង ២ នៅទីក្រុងភ្នំពេញ។
ទោះយ៉ាងណាលោកលើកឡើងថា៖ «យើងសូមអំពាវនាវឱ្យម្ចាស់សហគ្រាសទាំងអស់ត្រូវពង្រឹងគុណភាពស្តង់ដាអនាម័យ ដើម្បីអាចឈានជើងចូលក្នុងទីផ្សាររបស់យើង»។
ជាមួយគ្នានេះលោក ឧត្តម តំណាងមកពីក្រុមហ៊ុនម៉ាក្រូ (ខេមបូឌា) បានឱ្យដឹងថា ផ្សារទំនើប Makro បានចូលរួមជំរុញ និងលើកកម្ពស់ផលិតផលក្នុងស្រុករួចមកហើយ ដោយកាលពីខែកញ្ញា ផ្សារ Makro បានចុះអនុស្សរណៈយោគយល់គ្នាជាមួយនឹងក្រសួងពាណិជ្ជកម្ម តាមរយៈគម្រោងជំរុញទីផ្សារសម្រាប់កសិករខ្នាតតូច (AIMS)ស្តីពីការអភិវឌ្ឍខ្សែចង្វាក់តម្លៃផលិតផលកសិពាណិជ្ជកម្ម ដើម្បីផ្គត់ផ្គង់រាល់ផលិតផលរបស់ខ្លួននៅគ្រប់សាខានៃផ្សារនេះ។
លោកថ្លែងថា៖ «យើងពិតជាគាំទ្រផលិតផលក្នុងស្រុក សព្វថ្ងៃផលិតផលក្នុងស្រុកជាច្រើនបានតាំងលក់រួចទៅហើយនៅផ្សារ Makro ហើយផលិតផលមួយចំនួនក៏ទទួលបានការគាំទ្រយ៉ាងខ្លាំងផងដែរ»។
លោក ហ៊ត ផេង អគ្គនាយកនៃអគ្គនាយកដ្ឋានសហគ្រាសធុនតូច និងមធ្យម បានឱ្យដឹងថា មុនដំណាក់កាលនៃការរាតត្បាតជំងឺកូវីដ១៩ សហគ្រាសធុនតូច និងមធ្យមមានចំនួន ៥២ ១៥៤ មូលដ្ឋាន ប៉ុន្តែនៅដំណាក់កាលជំងឺកូវីដ១៩ មានសហគ្រាសធុនតូច និងមធ្យម បានបិទ និងព្យួរការងារសរុប ១៣ ៦៩០ មូលដ្ឋាន ដែលភាគច្រើនជាសហគ្រាសផ្នែកម្ហូបអាហារ ភេសជ្ជៈ និងបារី។
លោកថ្លែងថា៖ «យើងចាំបាច់ត្រូវតែពង្រឹងស្តង់ដាអនាម័យដើម្បីមានភាពប្រកួតប្រជែងទាំងការផលិត គុណភាព ការវេចខ្ចប់ដើម្បីចាប់យកឱកាសទីផ្សារអន្តរជាតិ»៕ LA
វីដេអូ៖