
យុវជនកំពុងអង្គុយលេងហ្វេសប៊ុកក្នុងកុំព្យូទ័រនៅហាងកាហ្វេមួយក្នុងរាជធានីភ្នំពេញ នាពេលកន្លងមក។ ហុង មិនា
ភ្នំពេញៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានជូនដំណឹងដល់ប្រតិបត្តិករទូរគមនាគមន៍នៅកម្ពុជា ដោយទុកពេលឲ្យត្រឹមខែឧសភា ដើម្បីទូទាត់បំណុល និងចំណែកនៃផលចំណូលរបស់ពួកគេមកឲ្យក្រសួងអាណាព្យាបាល។ នេះបើយោងតាមសេចក្តីជូនដំណឹងរួមរបស់ក្រសួងសេដ្ឋកិច្ច និងក្រសួងប្រៃសណីយ៍។
សេចក្ដីប្រកាសរួមមួយរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កាលពីថ្ងៃទី ១១ មេសា បានឲ្យដឹងថា ក្រុមហ៊ុនទូរគមនាគមន៍របស់កម្ពុជាដែលមិនទាន់បានបំពេញកាតព្វកិច្ចនេះ ត្រូវមកទូទាត់បំណុលជាមួយក្រសួងត្រឹមថ្ងៃទី ៣១ ខែ ឧសភា ដើម្បីចៀសផុតពីការផាកពិន័យណាមួយពីក្រសួង ឬការអនុវត្តដ៏តឹងរ៉ឹងមួយ។
សេចក្ដីប្រកាសព័ត៌មានបង្ហាញថា ប្រសិនបើក្រុមហ៊ុនមិនសងប្រាក់ដែលពួកគេជំពាក់ រដ្ឋាភិបាលនឹងបង្ហាញឈ្មោះប្រតិបត្តិករទាំងនោះជាសាធារណៈតាមរយៈបណ្ដាញប្រព័ន្ធព័ត៌មានផ្សេងៗ។
សេចក្ដីប្រកាសនេះឲ្យដឹងថា ក្រសួងនឹងចាត់វិធានការតាមផ្លូវច្បាប់ដូចជា បង្កកសំណើសុំការអនុញ្ញាតនានា បង្កកគណនីនៅតាមធនាគារពាណិជ្ជ បិទហ្វ្រេកង់ស៍ ហាមឃាត់ការនាំចេញ-នាំចូល ហាមឃាត់ការចូលរួមក្នុងដំណើរការលទ្ធកម្មសាធារណៈ ព្យួរ ឬដកហូតអាជ្ញាប័ណ្ណប្រតិបត្តិការ អាជ្ញាប័ណ្ណហ្រ្វេកង់ស៍វិទ្យុ កិច្ចព្រមព្រៀង ឬលិខិតគតិយុត្តពាក់ព័ន្ធផ្សេងៗសម្រាប់ធ្វើអាជីវកម្ម និងចុងក្រោយរៀបចំសំណុំរឿងដាក់បណ្ដឹងទៅតុលាការ»។
ក្រុមហ៊ុនទូរគមនាគមន៍នៅកម្ពុជា រួមមានក្រុមហ៊ុនទូរស័ព្ទលើតុ ក្រុមហ៊ុនទូរស័ព្ទចល័ត ក្រុមហ៊ុនផ្ដល់សេវាអ៊ិនធឺណិត និងក្រុមហ៊ុនផ្សេងទៀត ដែលត្រូវបានគ្រប់គ្រងដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
ក្រុមហ៊ុនទូរគមនាគមន៍នៅកម្ពុជា មានប្រវត្តិជំពាក់បំណុលរដ្ឋាភិបាលយូរមកហើយ ដោយមន្ដ្រីលើកឡើងបានធ្វើឲ្យខាតបង់ប្រាក់ចំណូលរាប់លាន ចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ ២០០០ ដោយសារតែការមិនទូទាត់។
អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេកាលពីថ្ងៃម្សិលមិញ។
លោក អ៊ឹម វុត្ថា អ្នកនាំពាក្យនិយតករទូរគមនាគមន៍កម្ពុជា (TRC) ឲ្យដឹងកាលពីម្សិលមិញថា «ការចែករំលែកប្រាក់ចំណូល និងបំណុល» សំដៅដល់តម្លៃបទប្បញ្ញត្តិ ដែលក្រុមហ៊ុនជំពាក់រដ្ឋាភិបាល ដោយផ្អែកលើអាជ្ញាប័ណ្ណប្រតិបត្តិការជាក់លាក់របស់ក្រុមហ៊ុននីមួយៗ។
តម្លៃលើការចែករំលែកប្រាក់ចំណូល គឺខុសគ្នាពីក្រុមហ៊ុនមួយទៅក្រុមហ៊ុនមួយ ផ្អែកលើអាជ្ញាប័ណ្ណប្រតិបត្តិការជាក់លាក់ ហើយវាជាកម្មវត្ថុក្នុងការបង់ប្រាក់ប្រចាំឆ្នាំ មុនពេលដំណាច់ខែមីនា។
លោក វុត្ថា បានឲ្យដឹងថា មានក្រុមហ៊ុនទូរគមនាគមន៍ប្រហែល ៨១ កំពុងប្រតិបត្តិការនៅកម្ពុជារហូតមកដល់ពេលនេះ។ លោកមិនអាចផ្ដល់ព័ត៌មានលម្អិតណាមួយអំពីបំណុលដែលជំពាក់ និងមិនផ្ដល់ការប៉ាន់ប្រមាណនៃចំនួនប្រាក់សរុបដែលត្រូវបង់នោះទេ។ លោកថ្លែងថា៖ «ជាទូទៅ ប្រតិបត្តិករភាគច្រើនអាចបំពេញតាមលក្ខខណ្ឌតម្រូវនេះ ប៉ុន្តែនៅតែមានក្រុមហ៊ុនមួយចំនួនមានភាពយឺតយ៉ាវ និងមិនមានបំណងធ្វើតាម»។
លោកបានបន្តថា៖ «ក្រុមហ៊ុនទាំងអស់ចាំបាច់ត្រូវចូលរួមអនុវត្តតាមបទប្បញ្ញត្តិនេះ ដើម្បីបង្កើនប្រាក់ចំណូលរបស់រដ្ឋាភិបាល និងសុវត្ថិភាពរបស់វិស័យនេះ»៕LA