ភ្នំពេញៈ កម្ពុជាអាចនាំចេញចេកអំបូងលឿងដោយផ្ទាល់ទៅកាន់ប្រទេស ចិន ជាផ្លូវការពីពេលនេះតទៅ ខណៈកន្លងមកការនាំចេញត្រូវធ្វើឡើងតាមរយៈប្រទេស វៀតណាម។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
សេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃម្សិលមិញ បានឲ្យដឹងថា ដើម្បីអាចនាំចេញចេកដោយផ្ទាល់ទៅកាន់ទីផ្សារចិន ក្រុមហ៊ុននាំចេញត្រូវអនុវត្តទៅតាមលក្ខខណ្ឌមួយចំនួនដូចជា ការរៀបចំសម្បកវេចខ្ចប់ឲ្យបានត្រឹមត្រូវជាភាសាអង់គ្លេស និងចិន មានឈ្មោះក្រុមហ៊ុននាំចេញ ឈ្មោះផលិតផល មានលេខកូដចុះបញ្ជីកសិដ្ឋាន លេខកូដចុះបញ្ជីទីតាំងវេចខ្ចប់ និងត្រូវមានវិញ្ញាបនបត្រភូតគាមអនាម័យ។
បច្ចុប្បន្នកម្ពុជាមានក្រុមហ៊ុនវិនិយោគលើកសិដ្ឋានដាំដំណាំចេកចំនួន ៥ ដែលទទួលបានការអនុញ្ញាតនាំចេកពីកម្ពុជាទៅកាន់ប្រទេស ចិន ប៉ុន្តែត្រូវបាននាំចេញតាមរយៈប្រទេស វៀតណាម។
លោក ហ៊ុន ឡាក់ នាយកក្រុមហ៊ុន Longmate Agriculture Co., Ltd ដែលជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនទាំង ៥ ដែលមានសិទ្ធិនាំចេញចេកទៅកាន់ប្រទេស ចិន បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ការទទួលបានឱកាសនាំចេញចេកដោយផ្ទាល់ទៅប្រទេស ចិន នឹងធ្វើឲ្យកម្ពុជាទទួលបានផលចំណេញជាច្រើន ពិសេសការកាត់បន្ថយថ្លៃដឹកជញ្ជូន និងរយៈពេលដឹកជញ្ជូន។
លោកបន្តថា វានឹងធ្វើឲ្យតម្លៃចេករបស់កម្ពុជាកាន់តែមានសមត្ថភាពក្នុងការប្រកួតប្រជែងលើទីផ្សារអន្តរជាតិ។ ទោះយ៉ាងណាលោកមិនបានប្រាប់ពីតម្លៃចេកនាំចេញនោះទេ។
លោកថ្លែងថា៖ «ខ្ញុំអាចនិយាយថា វាជាមុខមាត់ដ៏ល្អសម្រាប់ប្រទេស កម្ពុជា ដែលអាចនាំចេញផ្លែឈើស្រស់ទៅកាន់ទីផ្សារគោលដៅប្រទេស ចិន»។
លោកបន្តថា ដោយសារការសម្រេចរបស់ភាគីចិននេះ ទើបធ្វើឡើងថ្មីៗនោះ ដូច្នេះក្រុមហ៊ុនលោកត្រូវការពេលប្រហែល ២ សប្តាហ៍ទៀត ដើម្បីរៀបចំសម្រាប់ការនាំចេញជាលើកដំបូង។
បើតាមលោក ហ៊ុន ឡាក់ ការនាំចេញពីកម្ពុជាទៅកាន់ប្រទេស ចិន អាចចំណាយពេលពី ៩-១០ ថ្ងៃ ខណៈផ្លែចេកដែលទុកដាក់ត្រឹមត្រូវអាចរក្សាគុណភាពឲ្យនៅស្រស់ល្អ បានប្រហែល ៦ សប្តាហ៍។
ក្រុមហ៊ុន Longmate Agriculture Co., Ltd កាលពីឆ្នាំ ២០១៨ បានវិនិយោគទឹកប្រាក់ ៣២ លានដុល្លារលើការដាំចេកអំបូងលឿងលើផ្ទៃដីជាង ១ ពាន់ហិកតាក្នុងស្រុកឈូក ខេត្តកំពត។ បច្ចុប្បន្នក្រុមហ៊ុន Longmate Agriculture កំពុងវិនិយោគក្នុងដំណាក់កាលទី១ ដោយដាំចេកលើផ្ទៃដីទំហំ ៤០០ ហិកតា និងបាននាំចេញចេកទៅប្រទេស ចិន តាមរយៈប្រទេស វៀតណាម ពី ១ ទៅ ២ កុងតឺន័រក្នុង ១ ថ្ងៃ៕LA