
ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្មគ្រោងស្នើទៅរដ្ឋាភិបាលលើការហាមឃាត់នាំចូលរថយន្តជជុះមក ប្រទេសកម្ពុជា ក្នុងបំណងកាត់បន្ថយការបំពុលបរិស្ថាន។
លោក ចម ប្រសិទ្ធ ថ្លែងថា គ្រប់ប្រទេសទាំងអស់ត្រូវចូលរួមកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ដែលធ្វើឲ្យស្រទាប់អូហ្សូនកាន់តែស្តើងទៅ ហើយកម្ពុជា កំពុងចាប់ផ្តើមកាត់បន្ថយបណ្តើរៗនូវការនាំចូលឧស្ម័នដែលប៉ះពាល់ដល់បរិស្ថាន។
លោកថ្លែងថា៖ «ឥឡូវរថយន្តដែលកំពុងដំណើរការនៅលើផ្លូវរបស់យើង ក៏មានប្រើឧស្ម័នមួយចំនួនដែលប៉ះពាល់ដល់បរិស្ថានដែរ។ រថយន្តស៊េរីថ្មី គឺលែងប៉ះពាល់ច្រើនហើយ ប៉ុន្តែរថយន្តជជុះដែលនៅសេសសល់និងនៅតែប្រើប្រាស់វានៅតែហូរចូលមកស្រុកខ្មែរយើងហើយនៅតែប្រើឧស្ម័នដែលប៉ះពាល់ដល់បរិស្ថានអញ្ចឹងវិធានការរបស់យើងគឺស្នើសុំទៅរដ្ឋាភិបាលពិចារណារាំងខ្ទប់រថយន្តជជុះដែលមានអាយុលើស ១០ ឆ្នាំឡើងទៅគឺឈប់ឲ្យចូល កម្ពុជា»។
លោកបន្តថា៖ «វិធានការដែលយើងធ្វើពីឥឡូវដើម្បីទប់រថយន្តដែលចាស់ៗពេកដែលប្រើឧស្ម័នប៉ះពាល់បរិស្ថាន»។
លោក សេង វឹង នាយកគ្រប់គ្រងផ្នែករថយន្ត Ford របស់ក្រុមហ៊ុន RMA ស្វាគមន៍ចំពោះវិធានការនេះ ដោយលើកឡើងថា រដ្ឋាភិបាលគួរតែយកចិត្តទុកដាក់ចំពោះបញ្ហានេះដើម្បីកាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ការបញ្ចេញឧស្ម័នបំពុលបរិស្ថានហើយក៏ នឹងធ្វើឲ្យទីផ្សាររថយន្តថ្មីកើនផងដែរ។
លោកថ្លែងថា៖ «វាជាការល្អព្រោះនៅប្រទេសគេបានធ្វើរួចហើយដើម្បីកុំឲ្យមានការបំពុលបរិស្ថាន។ បើតាមតួលេខឡានរាប់ម៉ឺនគ្រឿងសុទ្ធតែជាឡានជជុះត្រូវបាននាំចូលមក កម្ពុជា។ គេច្រើនតែថា កម្ពុជា ជាកន្លែងចាក់សំរាមដោយសារយើងមិនមានការកំណត់ការនាំចូល។ ឡានជជុះដែលរត់លើផ្លូវបច្ចុប្បន្នខ្លះមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដែលងាយបង្កគ្រោះថ្នាក់ចរាចរណ៍»។
លោកបន្ថែមថា ការបិទការនាំចូលរថយន្តចាស់ៗនេះ នឹងអាចទាក់ទាញឲ្យក្រុមហ៊ុនផលិតរថយន្តមកផលិតនៅ កម្ពុជា ផ្ទាល់តែម្តង។ បើតាមការឲ្យដឹងរបស់លោក សេង វឹង បច្ចុប្បន្ននេះ រថយន្តជជុះគ្របដណ្តប់ ៩០ ភាគរយនៃទីផ្សាររថយន្តនៅ កម្ពុជា ខណៈទីផ្សាររថយន្តថ្មីមានត្រឹមតែ ១០ ភាគរយប៉ុណ្ណោះ។
អ្នកជំនួញរថយន្តជជុះម្នាក់ដែលសុំមិនបញ្ចេញឈ្មោះប្រាប់ឲ្យ ភ្នំពេញ ប៉ុស្តិ៍ ដឹងថា លោករីករាយនឹងគោរពតាមវិធានការហាមឃាត់ការនាំចូលរថយន្តចាស់ៗនេះ តែបានស្នើឲ្យរដ្ឋាភិបាលបញ្ចុះតម្លៃពន្ធលើការនាំចូលដើម្បីសម្រួលដល់អ្នកប្រើប្រាស់។
លោកថ្លែងថា៖ «បើដាក់វិធានការក៏ដាក់ចុះ តែខ្ញុំស្នើឲ្យរដ្ឋាភិបាលចុះថ្លៃពន្ធនាំចូលបន្តិចផង ដើម្បីឲ្យអ្នកប្រើប្រាស់មានលទ្ធភាពប្រើរថយន្តស៊េរីថ្មីៗផង»។
លោកក៏បានបញ្ជាក់ដែរថា សព្វថ្ងៃលោកបាននាំចូលរថយន្តចាប់ត្រឹមពីស៊េរី ឆ្នាំ២០០០ ឡើងទៅ។
លោក កង ច័ន្ទតារារ័ត្ន ប្រធានវិទ្យាស្ថានសិក្សាការអភិវឌ្ឍន៍កម្ពុជា មានប្រសាសន៍ថា ការលើកឡើងពីវិធានការនេះ ដូចជាឆាប់ពេកសម្រាប់ កម្ពុជា ខណៈជីវភាពប្រជាជននៅមានកម្រិតនៅឡើយ។
លោកបន្តថា គ្រឿងម៉ាស៊ីន និងរថយន្តចាស់ៗបាននិងកំពុងជំរុញសេដ្ឋកិច្ចកម្ពុជាតាមរយៈវិស័យកសិកម្ម និងសេវាដឹកជញ្ជូន។
លោកថ្លែងថា៖ «ពេលនេះយើងឃើញថា ទំនិញវាហូរច្រើនហើយការធ្វើដំណើរមានឱកាសច្រើនជាងមុន។ បើទោះជាឡានចាស់ក៏ដោយ។ បើយើងត្រូវប្រើម៉ាស៊ីនឆ្នាំថ្មីៗ ខ្ញុំជឿថា វាត្រូវការចំណាយច្រើន។ វាប៉ះពាល់ដល់អ្នកដែលប្រើឡានចាស់ដើម្បីដឹកជញ្ជូន ទាំងមនុស្ស ទំនិញ ផ្សេងៗ ប្រសិនបើហាមឃាត់អ៊ីចឹងវាធ្វើឲ្យតម្លៃដើមក៏ឡើងខ្ពស់សេវាកម្មដឹកជញ្ជូនឡើងខ្ពស់។
លោកបានបន្តថា៖ «ក្នុងស្ថានភាពជីវភាពប្រជាជនដូចជាឆាប់ពេកហើយ ព្រោះមិនថា តែរថយន្តទេ សូម្បីតែម៉ាស៊ីនចាស់ក៏យើងយកមកប្រើពីគេដែរវាថោក ហើយក៏វាអាចប្រើប្រាស់តាមជីវភាពរបស់ប្រជាជននៅក្នុងវិស័យកសិកម្មជាដើម»។
ស្ថិតិពីនាយកដ្ឋានដឹកជញ្ជូននៃក្រសួង សាធារណការ និងដឹកជញ្ជូនបង្ហាញថា ចាប់ពី ឆ្នាំ១៩៩០ ដល់ ឆ្នាំ២០១៣ មានយានយន្តជាង ២ លានគ្រឿងបានចុះបញ្ជីនៅ កម្ពុជា៕