ភ្នំពេញៈ ក្រសួងពាណិជ្ជកម្មកាលពីម្សិលមិញបានឲ្យដឹងថា ភាពតានតឹងជាអន្តរជាតិរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ដែលជាប្រទេសផលិតប្រេងធំមួយក្នុងពិភពលោកអាចនឹងធ្វើឲ្យតម្លៃប្រេងនៅក្នុងប្រទេសកម្ពុជាមានការប្រែប្រួលដែលមិនអាចព្យាករបាន។
លិខិតរបស់ក្រសួងពាណិជ្ជកម្មដែលបានជូនដំណឹងទៅដល់ក្រុមហ៊ុនលក់រាយប្រេងឥន្ធនៈទាំងអស់នៅកម្ពុជាកាលពីថ្ងៃព្រហស្បតិ៍បានឲ្យដឹងថា យោងទៅលើស្ថានភាពទីផ្សារអន្តរជាតិបច្ចុប្បន្ន តម្លៃប្រេងឥន្ធនៈអាចមានការប្រែប្រួលមិនអាចព្យាករបាន។
ទោះបីយ៉ាងនេះក្តីក្រសួងពាណិជ្ជកម្មកម្ពុជានឹងនៅតែគណនាតម្លៃប្រេងតាមប្រកាសរបស់អន្តរក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្រសួងពាណិជ្ជកម្ម ក្រសួងរ៉ែ និងថាមពលនូវតម្លៃលក់រាយប្រេងនៅកម្ពុជាទៅតាមតម្លៃទីផ្សារអន្តរជាតិដែលធ្វើឡើងរៀងរាល់ ១៥ ថ្ងៃម្តង ដើម្បីរួមចំណែកផ្តល់នូវស្ថិរភាពសេដ្ឋកិច្ចសង្គមរបស់កម្ពុជា។
លិខិតដដែលបានបន្តទៀតថា សូមក្រុមហ៊ុនប្រេងឥន្ធនៈទាំងអស់ដែលលក់រាយប្រេងឥន្ធនៈនៅកម្ពុជាចូលរួមសហការអនុវត្តន៍ឲ្យបានល្អដូចអ្វីដែលបានធ្វើកន្លងមកឲ្យមានប្រសិទ្ធភាពខ្ពស់។
លោក ស៊ិន ចន្ធី ប្រធានសមាគមភ្នាក់ងារបញ្ជូនទំនិញកម្ពុជាបាននិយាយថា សេចក្តីជូនដំណឹងនេះពិតជាមានភាពចាំបាច់ណាស់សម្រាប់វិស័យដឹកជញ្ជូន ដែលប្រើប្រាស់ប្រេងឥន្ធនៈជាប្រចាំរាល់ថ្ងៃ ព្រោះនៅពេលតម្លៃប្រេងកើនឡើងតម្លៃដឹកជញ្ជូនក៏ត្រូវកើនឡើងដែរ។ ម្យ៉ាងទៀតនៅពេលតម្លៃប្រេងកើនខ្ពស់ វាមិនត្រឹមតែធ្វើឲ្យតម្លៃទំនិញគ្រប់មុខកើនឡើងប៉ុណ្ណោះទេ តែវាថែមទាំងអាចធ្វើឲ្យសកម្មភាពដឹកជញ្ជូនធ្លាក់ចុះផងដែរ។
លោកបានថ្លែងថា៖ «សេចក្តីជូនដំណឹងនេះមិនត្រឹមតែចូលរួមដល់វិស័យដឹកជញ្ជូននៅកម្ពុជាប៉ុណ្ណោះទេ តែវាថែមទាំងបានជួយដល់ប្រជាជនទាំងអស់តែម្តង»។
លោកប្រាប់ទៀតថាការចូលរួមអន្តរាគមន៍របស់រដ្ឋកំពុងរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាតាមរយៈការបន្ទាបតម្លៃដឹកជញ្ជូនដើម្បីលើកកម្ពស់សមត្ថភាពក្នុងការប្រកួតប្រជែងជាអន្តរជាតិ។
លោក សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបាននិយាយថា បើទោះបីបច្ចុប្បន្នស្ទើរគ្រប់សកម្មភាពនៅក្នុងវិស័យស្រូវអង្ករសុទ្ធតែប្រើប្រាស់អគ្គិសនីរបស់រដ្ឋ ប៉ុន្តែប្រសិនបើតម្លៃប្រេងឥន្ធនៈកើនឡើងខ្ពស់ វាក៏អាចប៉ះពាល់ដល់វិស័យស្រូវអង្ករដែរ។
តម្លៃលក់រាយប្រេងសាំងនៅតាមស្ថានីយនៅកម្ពុជាត្រូវបានកំណត់មិនឲ្យលើសពី ៣ ៧៥០ រៀល ក្នុង ១ លីត្រ និងប្រេងម៉ាស៊ូតមិនឲ្យលើសពី ៣ ៦៥០ រៀល ចាប់ពីថ្ងៃទី ១ ដល់ទី ១៥ ខែ មករា ឆ្នាំ ២០២០។ នេះបើយោងតាមសេចក្តីជូនដំណឹងស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយរបស់ក្រសួងពាណិជ្ជកម្មកាលពីថ្ងៃទី ២ ខែមករា ឆ្នាំ ២០២០៕LA