ភ្នំពេញ: ក្រសួង​កសិកម្ម​កម្ពុជា​នឹង​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ (MoU) ​ជាមួយ​ក្រុមហ៊ុន​ជប៉ុន​ដែលជា​ការបើកផ្លូវ​ឲ្យ​ក្រុមហ៊ុន​មកពី​ប្រទេស​ជឿនលឿន​វិនិយោគ និង​អភិវឌ្ឍ​លើ​ដំណាំ​បន្លែ​សុវត្ថិភាព​នៅ​កម្ពុជា​ដើម្បី​ជំរុញ​ការផលិត​បន្លែ​សុវត្ថិភាព​ឈាន​ទៅ​ផ្គត់ផ្គង់​ទីផ្សារ​អន្តរជាតិ​។

ការបង្ហាញ​ពី​ផែនការ​ចុះអនុស្សរណៈ​យោគយល់​គ្នា​នេះ​បាន​ធ្វើ​ឡើង​ក្នុង​ជំនួប​រវាង លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ជាមួយ​លោក Nabeshima Katsuhito ស្ថាបនិក និង​ជា​នាយក​ក្រុមហ៊ុន Yamato Green Co., Ltd ដែល​បាន​ដឹកនាំ​បណ្តា​ក្រុមហ៊ុន​ជប៉ុន​មួយចំនួន​ទៀត​នៅ​ទីស្តីការ​ក្រសួងកសិកម្ម​កាលពី​ថ្ងៃ​អង្គារ​។

លោក​រដ្ឋមន្ត្រី​ថ្លែង​ថា​តាមរយៈ MoU ​នេះ​ក្រុមហ៊ុន​នឹង​ជួយ​គាំទ្រ​បច្ចេកទេស​ដល់​កសិករ​ចាប់ពី​ការដាំដុះ កែច្នៃ វេចខ្ចប់ រហូតដល់​ការនាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ ដោយ​ប្រើ​បច្ចេកវិទ្យា​ទំនើប​របស់​ប្រទេស​ជប៉ុន ហើយ​ក្រុមហ៊ុន​នេះ​ក៏​នឹង​ទិញ​បន្លែ​ពី​កសិករ​ដែល​ផលិត​នៅក្នុង​ខេត្ត​បាត់ដំបង និង​មណ្ឌលគិរី​សម្រាប់​ផ្គត់ផ្គង់​ទៅកាន់​ទីផ្សារ​។

លោក​ថ្លែងថា​៖ «​ក្នុង​ការជំរុញ​ឲ្យ​ប្រជាកសិករ​យើង​កែប្រែ​ទម្លាប់​ពី​ការផលិត​សម្រាប់​បម្រើ​សេចក្ដីត្រូវការ​របស់​ខ្លួន មកជា​ការផលិត​សម្រាប់​ធ្វើ​ពាណិជ្ជកម្ម​។ ដូច្នេះ​ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​នៃ​បរិបទ​ថ្មី​នេះ យើង​ត្រូវ​មាន​កិច្ចសហការ​គ្នា​យ៉ាងជិតស្និទ្ធ​ពី​គ្រប់​ដៃគូ​ពាក់ព័ន្ធ​ទាំង​វិស័យ​រដ្ឋ ឯកជន ដៃគូ​អភិវឌ្ឍន៍ និង​សហគមន៍​»​។

លោក​បន្តថា គម្រោង​វិនិយោគ​នេះ​កំពុង​ដើរ​ស្របទៅ​នឹង​និន្នាការ​របស់​ប្រជាពលរដ្ឋ​ផ្លាស់ប្តូរ​ឥរិយាបថ​មក​បរិភោគ​ចំណី​អាហារ​ដែលមាន​ស្តង់ដា​ប្រកប​ដោយ​គុណភាព និង​សុវត្ថិភាព​ខ្ពស់​។

លោក​បន្តថា​៖ «​ខ្ញុំ​សូម​ណែនាំ​ឱ្យ​អគ្គនាយកដ្ឋាន​កសិកម្ម​បង្កើត​ក្រុមការងារ​រៀបចំ​ឯកសារ MOU ឱ្យបាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ហើយ​មន្ទីរកសិកម្ម​ខេត្តបាត់ដំបង និង​ខេត្តមណ្ឌលគិរី​ត្រូវ​ត្រៀម​លក្ខណសម្បត្តិ​ឱ្យបាន​គ្រប់គ្រាន់​ដើម្បី​ផ្តល់​កិច្ចសហការ​ឱ្យបាន​ពេញលេញ​ជាមួយ​ក្រុមហ៊ុន​ធ្វើ​យ៉ាងណា​ឱ្យ​គម្រោង​វិនិយោគ​នេះ​ដំណើរការ​ទៅ​ដោយ​រលូន និង​ទទួលបាន​ជោគជ័យ​»​។

លោក Nabeshima Katsuhito បាន​ឲ្យ​ដឹងថា វិស័យ​កសិកម្ម​របស់​ប្រទេស​កម្ពុជា​មាន​សក្តានុពល​យ៉ាងខ្លាំង​ដែល​កម្ពុជា​មិនទាន់​ប្រើប្រាស់​សក្តានុពល​នេះ​ឲ្យ​អស់ពី​លទ្ធភាព​នៅឡើយ ចាប់​តាំងពី​បច្ចេកទេស​ដាំដុះ ការថែទាំ ការការពារ ការប្រមូលផល ការលាង​សម្អាត ការវេចខ្ចប់ ការរក្សា​ទុក និង​ការដឹកជញ្ជូន​រហូត​ដល់ពេល​ចម្អិន​បរិភោគ​។

លោក​និយាយថា​៖ «​នេះ​ជា​ដើមចម​ធ្វើឱ្យ​ផលិតផល​បន្លែ​កម្ពុជា​មិនអាច​ផ្គត់ផ្គង់​ទីផ្សារ​ឱ្យបាន​គ្រប់គ្រាន់​តាម​តម្រូវការ​ទីផ្សារ និង​បាត់បង់​ឱកាស​ប្រកួត​ប្រជែង​នៅ​កម្រិត​អន្តរជាតិ​»​។

លោក ឈឹម វជិរ៉ា ប្រធាន​មន្ទីរកសិកម្ម​ខេត្តបាត់ដំបង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ក្រុមហ៊ុន​នេះ​ធ្លាប់​ចុះ​សិក្សា​រួចមក​ហើយ​ពី​សក្តានុពល ទីតាំង​ផលិត​បន្លែ និង​ពិនិត្យមើល​ពី​លទ្ធភាព​ការផ្គត់ផ្គង់​បន្លែ សុវត្ថិភាព​ដែល​កសិករ​បាន​ដាំដុះ​ក្នុង​ផ្ទះ​សំណាញ់​។

លោក​បន្តថា ក្រុមហ៊ុន​ជប៉ុន​នេះ​ក៏​គ្រោង​នឹង​សាងសង់​មជ្ឈមណ្ឌល​ទិញ​បន្លែ​សុវត្ថិភាព​ពី​កសិករ​នៅក្នុង​ខេត្ត​បាត់ដំបង​សម្រាប់​ផ្គត់ផ្គង់​ឲ្យ​ផ្សារ​អ៊ីអន និង​ផ្សារ​ម៉ាក្រូ​នៅ​ទីក្រុង​ភ្នំពេញ​ព្រមទាំង​ពង្រីក​ទីតាំង​ផលិត​។

លោក​និយាយថា​៖ «​ខ្ញុំ​បាន​សំណូមពរ​ឲ្យ​គាត់​ពង្រីក​ការពិនិត្យ​ ៥ ​ទីតាំង​បន្ថែមទៀត ដើម្បី​ជួយប្រមូល​ទិញ​បន្លែ​ពី​កសិករ​យើង ហើយ​យើង​ក៏​ត្រៀម​ដាក់សំណើ​ជំនួយ​បង្កើត​មជ្ឈមណ្ឌល​ពិសោធន៍​សម្រាប់​ពិនិត្យ​គុណភាព​បន្លែ សារធាតុ​គីមី​ជាដើម​»​។

ខេត្ត​បាត់ដំបង​មាន​ផ្ទៃ​ដាំដុះ​បន្លែ​ចម្រុះ​ចំនួន ៩២៤ ​ហិកតា ​នៃ​ផែនការ​ ១ ៥០០ ​ហិកតា និង​អាច​ផ្គត់ផ្គង់​បន្លែ​ចម្រុះ​ចំនួន ១៧០ ​តោន ក្នុង​ ១ ​ឆ្នាំ​។ លោក​បាន​បន្ថែមថា បច្ចុប្បន្ន​ការដាំដុះ​បន្លែ​ចម្រុះ​ក្នុងផ្ទះ​សំណាញ់​មាន​ចំនួន​សរុប​ ១៣០ ​កន្លែង​។ នេះ​បើតាម​ការអះអាង​របស់​លោក ឈឹម វជិរ៉ា​។

បើតាម​លោក វេង សាខុន ក្រុមហ៊ុន​បានបង្ហាញ​ឆន្ទ:​យ៉ាងមុតមាំ​ក្នុង​ការចូលរួម​ចែករំលែក​បទពិសោធ និង​បច្ចេកទេស​ថ្មីៗ​ដើម្បី​រួមគ្នា​ដោះស្រាយ​រាល់​ចំណុច​ខ្វះខាត​ដែល​កសិករ​កម្ពុជា​កំពុង​ជួបប្រទះ​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព និង​ប្រសិទ្ធផល​ក្នុង​ទិសដៅ​ជំរុញ​ការផលិត​បន្លែ​មាន​គុណភាព សុវត្ថិភាព សម្រាប់​ផ្គត់ផ្គង់​ឲ្យ​បាន​គ្រប់គ្រាន់​តាម​តម្រូវការ​ទីផ្សារ និង​ជំរុញ​ភាព​ប្រកួតប្រជែង​ក្នុង​ទីផ្សារ​អន្តរជាតិ​ក្រោម​ស្លាក​សញ្ញា «Made in Cambodia»៕ LA