ភ្នំពេញៈ ក្រសួង​ទេសចរណ៍ និង​វិស័យ​ឯកជន​នឹង​ជួប​ពិគ្រោះយោបល់​គ្នា​នៅ​សប្តាហ៍​នេះ​លើ​ការសម្រួល​តម្លៃ​កញ្ចប់​ទស្សនកិច្ច​សមរម្យ ដើម្បី​ធានា​ដល់​ការប្រកួតប្រជែង​ក្នុង​តំបន់ ស្របពេល​រដ្ឋាភិបាល​មាន​ផែនការ​បើក​សេវាកម្ម​ទេសចរណ៍​ក្នុង​ត្រីមាស​ទី​៤ ឆ្នាំ​ ២០២១ ​នេះ​។

រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក ថោង ខុន កាលពី​ថ្ងៃទី​ ២៤ ខែឧសភា បាន​ដឹកនាំ​កិច្ចប្រជុំ​ចង្អៀត​តាម​ប្រព័ន្ធ​វីដេអូ ដោយ​បាន​សម្រេច​ដាក់ចេញ​នូវ​ផែនការ​សកម្មភាព​អាទិភាព​សំខាន់ៗ​រួមមាន ការរៀបចំ​ស្នើ​បើក​ទេសចរណ៍​ជា​បណ្តើរៗ​នៅក្នុង​ត្រីមាស​ទី​៤ ឆ្នាំ​ ២០២១ ដោយ​ផ្តោត​អាទិភាព​ការអនុវត្ត​គម្រោង​ក្នុង​ជំហាន​ទី​១ នៅ​តំបន់​អង្គរ​នៃ​ខេត្តសៀមរាប​។

ផែនការ​នេះ​នឹង​សង្កត់ធ្ងន់​លើ​យុទ្ធសាស្ត្រ​ទាក់ទាញ​ទីផ្សារ​ទេសចរណ៍​មាន​ហានិភ័យ​កូវីដ​ ១៩ ទាប ឬ​ដែល​មាន​ការគ្រប់គ្រង​កូវីដ ១៩ បាន​ល្អ ឬ​ទីផ្សារ​ដែល​ស្ថិត​នៅក្នុង​តំបន់​ពណ៌​បៃតង​។ គម្រោង​សាកល្បង​បើក​ទេសចរណ៍​ជា​បណ្តើរៗ​នេះ​នឹង​ផ្តោតលើ​ការកសាង​ទំនុកចិត្ត​សម្រាប់​ភ្ញៀវទេសចរ (Build Trust and Confident) ការសម្រួល​ការធ្វើ​ដំណើរ (Travel Facilitation) ដែល​គម្រោង​ស្នើសុំ​លើកលែង​លក្ខខណ្ឌ​នៃ​ការធ្វើ​ចត្តាឡីស័ក​ទាំងស្រុង​ចំពោះ​ទេសចរ​អន្តរជាតិ​ដែល​បាន​ចាក់​វ៉ាក់សាំង​រួច និង​ចេញពី​ទីផ្សារ​បៃតង​។

ផែនការ​នេះ​ក៏​នឹង​ផ្តោតលើ​ការសម្រួល​តម្លៃ​កញ្ចប់​ទស្សនកិច្ច​សមរម្យ ដើម្បី​ធានា​ការប្រកួតប្រជែង​ក្នុង​តំបន់ ដែល​ក្រសួង​ទេសចរណ៍​គ្រោង​នឹងដាក់​ឯកសារ​នេះ ដើម្បី​ពិគ្រោះយោបល់​ល្អិតល្អន់​បន្ថែម​ជាមួយ​វិស័យ​ឯកជន​នៅ​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​នេះ ហើយ​របៀបវារៈ​នេះ​ក៏​នឹង​បើក​កិច្ចប្រជុំ ដើម្បី​ស្នើសុំ​យោបល់​ និង​កិច្ចសហការ​ពី​សំណាក់​អន្តរ​ស្ថាប័ន​នៅ​សប្តាហ៍​ក្រោយ មុន​ដាក់​ស្នើសុំ​សេចក្តី​សម្រេច​ពី​រដ្ឋាភិបាល​។

អ្នកស្រី ឆាយ ស៊ីវលីន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ឱ្យ​ដឹងថា ការដាក់ចេញ​ផែនការ​អាទិភាព​នេះ វិស័យ​ឯកជន​ក្នុង​វិស័យ​ទេសចរណ៍​បាន​ត្រៀមខ្លួន​រួចហើយ​ក្នុង​ការឆ្លើយ​នឹង​ការរៀបចំ​របស់​រដ្ឋាភិបាល​ដែល​ក្រសួង​ទេសចរណ៍​ជា​សេនាធិការ​។

អ្នកស្រី​ថ្លែងថា​៖ «​យើង​បាន​ត្រៀម​រួចហើយ​ក្នុង​ការចូលរួម​សហការ​ជាមួយ​រដ្ឋាភិបាល​ ដើម្បី​កសាង​ទំនុកចិត្ត​សម្រាប់​ភ្ញៀវទេសចរ​។ យើង​រង់ចាំ​ពេលវេលា​នេះ​យូរ​មកហើយ​។ យើង​ត្រូវ​ប្រមូល​ផ្តុំគ្នា​ឡើងវិញ​ដើម្បី​រៀបចំ​សេវាកម្ម​យើង​ឡើងវិញ​រួម​គ្នា​ទទួលភ្ញៀវ​ទេសចរ​»​។

អ្នកស្រី​ឱ្យដឹង​ទៀត​ថា វិស័យ​ទេសចរណ៍​នៅ​ខេត្ត​សៀមរាប​ត្រូវការ​ការជួយជ្រោមជ្រែង​ជា​ចាំបាច់ ព្រោះ​ពួកគាត់​មិនអាច​រក្សា​និរន្តរភាព​អាជីវកម្ម​បន្តទៀត​ទេ បន្ទាប់ពី​រងគ្រោះ​ជិត​ ២ ​ឆ្នាំ​កន្លងមក ហើយ​ម្ចាស់​សហគ្រាស​ទាំងអស់​គួរតែ​អំពាវនាវ​ដល់​បុគ្គលិក​ជំនាញ​របស់ខ្លួន​ឱ្យ​ត្រឡប់មកវិញ​ ដើម្បី​អាចឆ្លើយតប​នឹង​ផែនការ​នេះ​។

អ្នកស្រី​បន្តថា​៖ «​សហគ្រាស​ទាំងអស់​ត្រូវ​ត្រៀម​ទុកជាមុន ព្រោះ​ការបើក​ទេសចរណ៍​ឡើងវិញ​ជា​លើកដំបូង វា​ពិតជា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការផ្តល់​ទំនុកចិត្ត​ដល់​ភ្ញៀវ​។ ទន្ទឹមនឹងនេះ​ផ្នែក​រដ្ឋាភិបាល​ក៏ត្រូវ​រៀបរយ​ជាមុន​សម្រាប់​ត្រៀម​ទទួល​ភ្ញៀវទេសចរ តាមរយៈ​ការសម្រួល​ឯកសារ​ផ្សេងៗ​»​។

របាយការណ៍​ក្រសួង​ទេសចរណ៍​បាន​ឱ្យ​ដឹងថា កាលពី​ឆ្នាំ​ ២០២០ ​កម្ពុជា​ទទួល​បាន​ភ្ញៀវទេសចរ​អន្តរជាតិ ១,៣១ ​លាន​នាក់ ថយចុះ ៨០ ​ភាគរយ និង​ភ្ញៀវទេសចរ​ផ្ទៃក្នុង​ប្រមាណ ៩ ​លាន​នាក់​ថយចុះ​ ២០ ​ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០១៩​។

ការធ្លាក់ចុះ​នៃ​ចំនួន​ភ្ញៀវទេសចរ​អន្តរជាតិ​កាលពី​ឆ្នាំមុន​បាន​ធ្វើឱ្យ​ឧស្សាហកម្ម​ទេសចរណ៍​កម្ពុជា​បាត់បង់​ចំណូល​ជាង ៣ ​ពាន់​លាន​ដុល្លារ​ ដោយ​ប្រាក់ចំណូល​ពី​ទេសចរណ៍​អន្តរជាតិ​ទទួល​បាន​ក្នុង​ឆ្នាំ​ ២០២០ មាន ១,០២៣ ​ពាន់​លាន​ដុល្លារ ​ធ្លាក់ចុះ ៧៩,២ ​​ភាគរយ​ ធៀប​នឹង​ឆ្នាំ​ ២០១៩ មាន​ចំនួន ៤,៩១៩ ពាន់​លាន​ដុល្លារ​៕ LA