ភ្នំពេញៈ ក្រសួង​កសិកម្ម​សហការ​ជាមួយ​អង្គការ GIZ បាន​រៀបចំ​សិក្ខាសាលា​មួយ​កាលពី​ថ្ងៃ​អង្គារ​ស្តីពី​គោលការណ៍​ណែនាំ​ជា​ជំហានៗ​សម្រាប់​ការនាំ​ចេញ​ផ្លែឈើ​កម្ពុជា​ទៅ​​ទីផ្សារ​ប្រទេស​ចិន បន្ទាប់ពី​បាន​រកឃើញ​ថា ផលិតផល​ទាំង​នេះ​ពិបាក​រក​ទីផ្សារ​។

ដោយ​បាន​លើកឡើង​ថា​ការចេញ​ការបញ្ជាក់​ភោគាម​អនាម័យ​មិនមែន​ជា​ឧបសគ្គ​ចម្បង​មន្ត្រី​មកពី​ក្រសួង​កសិកម្ម​បាន​ជំរុញ​ឲ្យ​កសិករ​ខ្នាត​តូច និង​ក្រុមហ៊ុន​នាំ​ចេញ​ចាំបាច់​ត្រូវ​បង្កើន​ផលិតភាព​តាមរយៈ​ការបង្កើត​សហករណ៍​កសិកម្ម និង​ចុះបញ្ជី​ដើម្បី​អនុវត្ត​តាម​លក្ខខណ្ឌ​នាំចេញ​។

លោក Florian Miss ប្រធាន​កម្មវិធី​គាំទ្រ​ដើម្បី​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​ក្នុង​កិច្ចផ្តួចផ្តើម​មហា​អនុតំបន់​ក្នុង​តំបន់​អាស៊ី​ឲ្យ​ដឹងថា សិក្ខាសាលា​នេះ​នឹង​ផ្តល់​គោលការណ៍​ណែនាំ​ដើម្បី​ទទួល​បាន​ឱកាស​ធ្វើ​ពាណិជ្ជកម្ម​នៅក្នុង​ទីផ្សារ​ចិន ដែល​មាន​សារៈសំខាន់​សម្រាប់​កសិករ​ខ្នាតតូច ក្រុមហ៊ុន​នាំចេញ និង​ភាគី​ពាក់ព័ន្ធ​ដែល​មិន​សូវ​យល់​ច្បាស់​អំពី​ដំណើរការ​នេះ​ដែល​សំខាន់​ផល​ផលិតផល​ផ្លែ​ចេក ស្វាយ និង​ផ្លែ​មៀន​។

លោក​បន្ត​ថា​៖ «​ដូច្នេះ​យើង​សង្ឃឹម​ថា សិក្ខាសាលា​នេះ​នឹង​ផ្តល់​ការអភិវឌ្ឍ​ជា​បន្ត​នូវ​សមត្ថភាព​បច្ចេកទេស​ជាមួយ​នឹង​វិស័យ​ឯកជន​នៅ​កម្ពុជា​ទាក់ទង​នឹង​ដំណើរការ​នាំ​ចេញ​ទៅ​ប្រទេស​ចិន​»​។

ទោះ​ជា​យ៉ាង​នេះ​ក្តី​បញ្ហា ភោគាម​អនាម័យ​នៅ​តែ​ជា​ឧបសគ្គ​សម្រាប់​ផលិតផល​កសិកម្ម​កម្ពុជា ខណៈ​កសិករ​ក៏​ដូចជា​ភាគី​ពាក់ព័ន្ធ​ខ្វះ​ការ​យល់​ដឹង​ពី​ពាណិជ្ជកម្ម​សេរី និង​ពី​របៀប​ក្នុង​ការ​លើក​កម្ពស់​ចង្វាក់​តម្លៃ​។

លោក ហ៊ាន វណ្ណហន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​នៃ​ក្រសួង​កសិកម្ម​បាន​ឲ្យ​ដឹង​ថា​ភោគាម​អនាម័យ​ត្រូវ​បាន​រឹតបន្តឹង​នៅ​ប្រទេស​ចិន ដែល​ប្រទេស​នេះ​ព្រួយបារម្ភ​អំពី​គុណភាព និង​សុវត្ថិភាព​ចំណីអាហារ​។

លោក​ថ្លែង​ថា​៖ «​កសិករ​មាន​ខ្នាត​តូច​របស់​យើង​មិន​អាច​ឈាន​ដល់​ការនាំ​ចេញ​ផ្លែ​ចេក​នៅ​ឡើយ​ទេ ដោយសារ​យើង​មិន​ទាន់​អាច​ឆ្លើយតប​តាម​លក្ខខណ្ឌ​តម្រូវ​បាន​ពួកគាត់​ត្រូវ​ធ្វើ​កសិកម្ម​ដោយ​ផ្អែក​លើ​តម្រូវការ​ទីផ្សារ​»​។

លោក​បន្ត​ថា បញ្ហា​ប្រឈម​ផ្សេង​ទៀត​របស់​កសិករ គឺ​ការមិន​សាមគ្គី​គ្នា ហើយ​ពួកគេ​ចាំបាច់​ត្រូវ​បង្កើត​សហករណ៍​មួយ ដើម្បី​បង្កើន​ផលិតភាព​។

លោក ឌីន ដែន កសិករ​ដាំ​មៀន និង​ទិញ​មៀន​ក្នុង​ខេត្ត​បាត់ដំបង​បាន​ឲ្យ​ដឹងថា ផ្លែ​មៀន​របស់​លោក​ពឹង​ផ្អែក​លើ​ទីផ្សារ​ប្រទេស​ថៃ ដែល​លោក​ប្រឈម​នឹង​ការផ្តល់​តម្លៃ​ក្រៅ​ផ្លូវការ​នៅ​តាម​ព្រំដែន​។

លោក​ថ្លែង​ថា​៖ «​បញ្ហា​លំបាក​ភាគច្រើន​ក្នុង​ការ​បញ្ជូន​ផលិតផល​ទៅកាន់​ប្រទេស​ថៃ គឺ​​ការចំណាយ​សោហ៊ុយ​នៅ​ច្រក​ព្រំដែន​កម្ពុជា​»​។

លោក អ៊ិន ឆាយវ៉ាន់ ប្រធាន​សមាគម​ស្វាយ​ខេត្ត​កំពង់ស្ពឺ​ដែល​បាន​ចូលរួម​ក្នុង​សិក្ខាសាលា​នេះ​បាន​ឲ្យ​ដឹង​ថា សិក្ខាសាលា​នេះ​បាន​ផ្តល់​ចំណេះដឹង​ច្រើន និង​សញ្ញា​វិជ្ជមាន ដើម្បី​នាំ​ផលិតផល​ទៅ​ដល់​ទីផ្សារ​ប្រទេស​ចិន​។

លោក​ថ្លែង​ថា​៖ «​បច្ចុប្បន្ន​យើង​កំពុង​ខិត​កាន់​តែ​ជិត​ទីផ្សារ​ប្រទេស​ចិន​ហើយ ក្រសួង​កសិកម្ម​កំពុង​ព្យាយាម​សម្របសម្រួល ដើម្បី​ទទួល​បាន​ភោគាម​អនាម័យ​ទៅ​ទីផ្សារ​ប្រទេស​ចិន​»៕ BP