ភ្នំពេញៈ ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​នឹង​បញ្ជូន​លទ្ធផល​សិក្សា​គម្រោង​​រថភ្លើង​ស្វ័យ​ប្រវត្តិ​លើ​អាកាស ​AGT គម្រោង​​ផ្លូវ​រថភ្លើង​ ​Monorail និង​គម្រោង​ផ្លូវ​រថភ្លើង​ក្រោម​ដី​ទៅ​រដ្ឋាភិបាល​ពិនិត្យ​សម្រេច​ក្នុង​ពេល​ឆាប់ៗ​​​នេះ បន្ទាប់​ពី​ការ​សិក្សា​គម្រោង​មួយ​ដោយ​ជប៉ុន​ត្រូវ​បាន​​បញ្ចប់។ នេះ​បើ​​​តាម​រដ្ឋមន្ត្រី​ ក្រសួង​​សាធារណការ។​

លោក ​ស៊ុន ​ចាន់ថុល រដ្ឋមន្រ្តី​ក្រសួង​សាធារណការ ​និង​ដឹក​ជញ្ជូន​ បាន​ថ្លែង​នៅ​កិច្ច​ប្រជុំ​​កាល​ពី​ថ្ងៃទី ​៨ ​កក្កដា ​ថា ​ក្រោយ​សិក្សា​ចប់​គម្រោង​ទំាង ​៣ នេះ ​នឹង​បញ្ជូន​ទៅ​រដ្ឋាភិបាល​ពិនិត្យ​សម្រេច​។ លោក​ថ្លែង​ថា៖ «ការ​សិក្សា​គម្រោង​ប្រព័ន្ធ​ប្រតិបត្តិការ​រថភ្លើង​ស្វ័យ​ប្រវត្តិ​ AGT គម្រោង ​​Monorail ​និង​គម្រោង​​ផ្លូវ​រថភ្លើង​ក្រោម​ដី ​ដើម្បី​ដាក់​ជូន​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ធ្វើ​ការ​ពិនិត្យ​ និង​ពិចារណា​ ជ្រើសរើស​គម្រោង​​ណា​មួយ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​កកស្ទះ​ក្នុង​រាជធានី​ភ្នំពេញ​នា​ពេល​សព្វ​ថ្ងៃ​នេះ​»។ ​

លោក​ វ៉ា​ស៊ីម ​សូរិយា​ អ្នក​នំាពាក្យ​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ បាន​ថ្លែង​ថា ​ក្រុមហ៊ុន​​ចិន​ដែល​កំពុង​សិក្សា​គម្រោង​​ផ្លូវ​រថភ្លើង​ ​Monorail ​និង​គម្រោង​ផ្លូវ​រថភ្លើង​ក្រោម​ដី​នៅ​មិន​ទាន់​បញ្ចប់​ឡើយ​ទេ។​

លោក​ថ្លែង​ថា​ គម្រោង​រថភ្លើង​ស្វ័យ​ប្រវត្តិ​​ ​AGT​ ដែល​សិក្សា​ដោយ​ទីភ្នាក់ងារ​សហប្រតិបត្តិ្កការ​អន្តរជាតិ​ជប៉ុន (JICA) ​ទើប​នឹង​សិក្សា​​ចប់ ​ប៉ុន្តែ​លោក​ពុំ​ទាន់​អាច​ផ្តល់​ព័ត៌មាន​លម្អិត​ពី​គម្រោង​នេះ​បាន​ទេ​ ព្រោះ​ជប៉ុន​មិន​ទាន់​ផ្តល់​របាយការណ៍​មក​ក្រសួង។​

លោក​បញ្ជាក់​ថា​៖ «ក្រុមហ៊ុន​ចិន​កំពុង​សិក្សា​ [ លើ​គម្រោង Monorail​] ​ទាល់​តែ​ចប់​ទំាង​អស់​ទើប​ក្រសួង​បញ្ជូន​​ទៅ​រដ្ឋាភិបាល​​ ប្រហែល​ឆ្នាំ​​ក្រោយ​»​។

បច្ចុប្បន្ន​រដ្ឋាភិបាល​បាន​បង្កើត​ឲ្យ​មាន​សេវាកម្ម​រថយន្ត​ក្រុង និង​កាណូត​ផង​ដែរ​ ដើម្បី​ជួយ​សម្រួល​ដល់​​ការ​ធ្វើ​ដំណើរ​ក្នុង​រាជធានី​ភ្នំពេញ​។​

លោក ​ស៊ុន​ ចាន់ថុល ​កាល​ពី​ដើម​ខែ ​មិថុនា ​ឆ្នាំ ​២០១៨​ ធ្លាប់​បាន​និយាយ​ថា គម្រោង​ស្ថាបនា​ខ្សែ​រថភ្លើង​​លើ​អាកាស​ក្នុង​រាជធានី​ភ្នំពេញ មុន​​ដំបូង​គេ​នឹង​អនុវត្ត​ចាប់​ពី​ស្ថានីយ​​នៅ​ផ្សារ​ធំ​ថ្មី​ឆ្ពោះ​ទៅ​ព្រលាន​យន្តហោះ អន្តរជាតិ​ភ្នំពេញ ដោយ​មាន​ប្រវែង​សរុប​ ​១៨ ​គីឡូម៉ែត្រ​ ហើយ​ក៏​​នឹង​មាន​គម្រោង​សាងសង់​ខ្សែ​រថភ្លើង​​លើ​អាកាស​នៅ​តាម​បណ្តោយ​វិថី​សំខាន់ៗ​​​មួយ​​ចំនួន​ដូច​ជា មហាវិថី​ព្រះ​​មុនីវង្ស​ កម្ពុជា​ក្រោម​ ហ្សាលដឺ​ហ្គោល​ ព្រះ​មុនីរ៉េត និង​វេងស្រេង​ជា​ដើម​៕​LA