ភ្នំពេញ: ក្រសួង​រ៉ែ និង​ថាមពល​បានប្រកាសថា រដ្ឋាភិបាល​នឹង​ផ្តល់​អាជ្ញាប័ណ្ណ​ឲ្យ​ក្រុមហ៊ុន​ ២ ក្នុងចំណោម​ក្រុមហ៊ុន​ចំនួន​ ៦ ដែល​ដាក់ពាក្យ​ស្នើសុំ​អាជ្ញាប័ណ្ណ​សិក្សា​ស្វែងរក​រ៉ែ​លោហៈ​នៅ​កម្ពុជា​។ នេះ​បើ​យោងតាម​លោក យស មុនីរ៉ាត់ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ធនធាន​រ៉ែ​។

លោក យស មុនីរ៉ាត់ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ក្រុមហ៊ុន H.T Kuang Ye Cambodia Development Co., Ltd និង Cambodia K88 Industry Co.,Ltd ត្រូវបាន​ជ្រើសរើស​ជា​ក្រុមហ៊ុន​ដែលមាន​លក្ខណសម្បត្តិ​គ្រប់គ្រាន់ និង​មាន​សិទ្ធិ​អាទិភាព ដើម្បី​បន្ត​អនុវត្តន៍​​នីតិវិធី​ក្នុង​ការទទួលបាន​អាជ្ញាប័ណ្ណ​ស្វែងរក​ធនធាន​រ៉ែ​នៅ​កម្ពុជា​។ លោក​បន្តថា ប៉ុន្តែ​ក្រសួង​តម្រូវ​ឲ្យ​ក្រុមហ៊ុន​ត្រូវដាក់​ឯកសារ​ពាក់ព័ន្ធ​មួយចំនួន​។

លោក​បន្តថា ក្រសួង​នឹង​ធ្វើការ​ពិភាក្សា​លម្អិត​ជាមួយ​ក្រុមហ៊ុន​ទាំង​ ២ ​នេះ​។ បើ​ក្រុមហ៊ុន​ទាំងនេះ​មាន​លក្ខណសម្បត្តិ​គ្រប់គ្រាន់ ពួកគេ​នឹង​ទទួល​បាន​អាជ្ញាប័ណ្ណ​ពី​ក្រសួង​។ ​លោក​ថ្លែងថា​៖ «​នេះ​ជា​ការប្រកាស​ព័ត៌មាន​បង្ហាញថា ក្រុមហ៊ុន​ត្រូវបាន​ជ្រើសរើស ហើយ​ជំហាន​បន្ទាប់​ក្រសួង​តម្រូវ​ឲ្យ​ក្រុមហ៊ុន​ធ្វើ​ផែនការមេ និង​ធ្វើការ​សិក្សា​អំពី​ផលប៉ះពាល់​បរិស្ថាន​ផង​ដែរ​»​។

បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង ប្រសិន​បើ​ក្រុមហ៊ុន H.T Kuang Ye Cambodia Development ទទួលបាន​អាជ្ញាប័ណ្ណ ក្រុមហ៊ុន​នេះ​នឹងធ្វើ​ការសិក្សា​ស្វែងរក​រ៉ែ​ទង់ដែង​នៅ​តំបន់​ព្រែក​កេងកង ស្រុក​ថាឡាបរីវ៉ាត់ ខេត្តស្ទឹងត្រែង​លើ​ផ្ទៃដី​ទំហំ ៤៩,២៥ ​គីឡូម៉ែត្រ​ក្រឡា​។ ចំណែក​ក្រុមហ៊ុន Cambodia K88 Industry Co នឹងធ្វើ​ការសិក្សា​ស្វែងរក​រ៉ែ​លោហៈ​នៅ​តំបន់​អូរចុស ឃុំ​កំពង់ចាម ស្រុក​សំបូរ ខេត្តក្រចេះ និង​ឃុំ​សុចិត្រ និង​ឃុំ​មានរិទ្ធិ ស្រុក​សណ្តាន់ ខេត្តកំពង់ធំ លើ​ផ្ទៃដី ៩៣,៩៤ ​គីឡូម៉ែត្រ​ក្រឡា​។

យោងតាម​លោក យស មុនីរ៉ាត់ បច្ចុប្បន្ន​ក្រសួង​បានផ្តល់​អាជ្ញាប័ណ្ណ​សិក្សា​ស្វែងរក​រ៉ែ​លោហៈ​ចំនួន​ ៣៩ ​នៅ​ទូទាំង​ប្រទេស​។

បច្ចុប្បន្ន​ក្រុមហ៊ុន Emerald Resources NL ដែលជា​ក្រុមហ៊ុន​ចុះបញ្ជី​នៅ​ផ្សារហ៊ុន​អូស្ត្រាលី​កំពុង​ធ្វើការ​អភិវឌ្ឍ​គម្រោង​រ៉ែ​មាស​នៅ​អូរ​ខ្វាវ​ក្នុង​ខេត្តមណ្ឌលគិរី​។ ក្រុមហ៊ុន​នេះ​រំពឹងថា​នឹង​ទាញយក​មាស​លើកដំបូង​នៅ​ឆ្នាំ​ ២០២០ ​នេះ​។ ក្រុមហ៊ុន​នេះ​បានចេញ​ផ្សាយ​ការសិក្សា​លទ្ធភាព​ច្បាស់លាស់​របស់​ខ្លួន​កាលពី​ខែឧសភា ឆ្នាំ ២០១៧ ដែល​បង្ហាញថា គម្រោង​រ៉ែ​មាស​អូរខ្វាវ​អាច​ផលិត​បាន​មាស ១០៦ ០០០ អោនស៍​ក្នុង​ ១ ​ឆ្នាំ​ជា​មធ្យម​។

ក្រុមហ៊ុន​នេះ​ប៉ាន់ប្រមាណ​ថា ការទាញយក​រ៉ែ​ដំបូង​នឹងមាន​សកម្មភាព​រយៈពេល​ ៧ ​ឆ្នាំ ខណៈ​ទុនវិនិយោគ​មាន​ចំនួន​ ៩៨ ​លាន​ដុល្លារ​។

កាលពី​ខែមករា ឆ្នាំ​ ២០២០ ក្រុមហ៊ុន​នេះ​បានប្រកាស​ផែនការ​ប្រមូល​មូលនិធិ ៧៥ ​លាន​ដុល្លារ​អូស្ត្រាលី​សម្រាប់​គម្រោង​រ៉ែ​មាស​អូរ​ខ្វាវ​របស់ខ្លួន​នៅ​កម្ពុជា ជាមួយ​នឹង​ការដាក់​លក់​ភាគហ៊ុន​សរុប​ ១ ៨៧៥ ​លាន​ភាគហ៊ុន​។ ក្រុមហ៊ុន​នេះ​ក៏បាន​កំណត់​ពេលវេលា​នៅ​ថ្ងៃទី​ ១៩ ខែមីនា ដើម្បី​បញ្ចប់​ការដាក់​លក់​នេះ ដោយ​ការដាក់​លក់​លើក​ទី​ ២ ​នឹងធ្វើ​ឡើង​នៅមុខ​ភាគទុនិក​ក្នុង​កិច្ចប្រជុំ​របស់ខ្លួន​នៅ​ថ្ងៃទី​ ១៣ ខែ​មីនា​៕