ភ្នំពេញ: ក្រសួងពាណិជ្ជកម្ម​បាន​អំពាវនាវ​ឲ្យ​អ្នក​នាំចេញ និង​នាំចូល​ទំនិញ​មក​ដាក់ពាក្យ​ស្នើសុំ​បណ្ណ​សម្គាស់​អ្នកតំណាង​ស្របច្បាប់​ក្នុង​គោលបំណង​ដើម្បី​គ្រប់គ្រង ពង្រឹង​សមត្ថភាព​អ្នកតំណាង​ស្របច្បាប់ និង​គាំទ្រ​ដល់​ការផ្តល់សេវា​នាំចេញ-នាំចូល​របស់​ក្រសួង​។ ​នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ដែល​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ចន្ទ​។

សេចក្តី​ប្រកាស​ព័ត៌មាន​ឲ្យ​ដឹងថា នាយកដ្ឋាន​នាំចេញ-នាំចូល​នៃ​អគ្គនាយកដ្ឋាន​សេវា​ពាណិជ្ជកម្ម​នឹង​ចាប់ផ្តើម​ទទួល​ពាក្យ​ចុះឈ្មោះ​ស្នើសុំ​បណ្ណ​សម្គាល់​អ្នកតំណាង​ស្របច្បាប់​ក្នុង​ការស្នើសុំ​ឯកសារ​នាំចេញ​នាំចូល​ចាប់ពី​ថ្ងៃទី​ ៩ ខែ​មីនា​ដល់​ខែ​ថ្ងៃទី​ ៣០ ខែ​​ មេសា ឆ្នាំ ២០២០​។

សេចក្តី​ប្រកាស​ព័ត៌មាន​បន្តថា​៖ «​អ្នក​ដែលមាន​បំណង​ក្លាយ​ជា​អ្នកតំណាង​ស្របច្បាប់​ក្នុង​ការស្នើសុំ​ឯកសារ​នាំចេញ​នាំចូល​អាច​ទាញយក​ពាក្យស្នើសុំ​ចុះឈ្មោះ និង​ឯកសារ​ផ្សេងៗ​តាមរយៈ​វេបសាយ www.co.moc.gov.kh»​។

ក្រសួង​ពាណិជ្ជកម្ម​តម្រូវ​ឲ្យ​អ្នកតំណាង​ស្របច្បាប់​ស្នើសុំ​ឯកសារ​នាំចេញ-នាំចូល​មក​នាយកដ្ឋាន​នាំចេញ-នាំចូល​នៃ​អគ្គនាយកដ្ឋាន​សេវា​ពាណិជ្ជកម្ម ត្រូវ​មាន​បណ្ណ​សម្គាល់​អ្នកតំណាង​ស្របច្បាប់​ក្នុង​ការស្នើសុំ​ឯកសារ​នាំចេញ-នាំចូល​ត្រឹម​ថ្ងៃទី​ ១ ខែ​ឧសភា ឆ្នាំ​នេះ​តទៅ​។

លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​បាន​ឲ្យ​ដឹងថា វិធានការ​នេះ​នឹង​ជួយ​បង្កើន​ប្រសិទ្ធភាព​ការងារ​ក្នុង​ការគ្រប់គ្រង​ទិន្នន័យ​ប័ណ្ណ​សម្គាល់​អ្នកតំណាង​ស្របច្បាប់​ក្នុងការ​ស្នើសុំ​ឯកសារ​នាំចេញ​នាំចូល​ប្រកប​ដោយ​តម្លាភាព​។

លោក​បាន​ថ្លែងថា​៖ «​វា​នឹង​ជួយ​ទប់ស្កាត់​មិន​ឲ្យ​ការបន្លំ​យកឈ្មោះ​ក្រុមហ៊ុន​ពី​កម្ពុជា​ក្នុង​ការនាំចេញ​ទំនិញ​ដោយ​ទទួល​បាន​ការអនុគ្រោះ​ពន្ធ​នានា ជាពិសេស​ធ្វើឲ្យ​ក្រសួង​មាន​ភាពងាយស្រួល​ក្នុង​ការគ្រប់គ្រង​ក្រុមហ៊ុន​តំណាង​ស្រប​ច្បាប់​ផងដែរ​»៕