ភ្នំពេញ: ប្រកាស​អន្តរក្រសួង​មួយ​ស្តីពី​ «​ការគ្រប់គ្រង និង​ការប្រមូល​ចំណូល​សួយសារ​ធនធាន​រ៉ែ​ពី​ការប្រើប្រាស់​ធនធាន​រ៉ែ​សំណង់​ក្នុង​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​របស់​រដ្ឋ​» ត្រូវ​បាន​ធ្វើឡើង​កាលពី​ខែ​មិថុនា​កន្លងមក​ក្នុង​គោលបំណង​ដើម្បី​គ្រប់គ្រង​ប្រតិបត្តិការ​ធនធាន​រ៉ែ​សំណង់​សម្រាប់​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​របស់​រដ្ឋ និង​បង្កើន​ប្រសិទ្ធភាព​ប្រមូល​ចំណូល​សួយសារ​ក្នុង​វិស័យនេះ​។

ប្រកាស​អន្តរក្រសួង​ដែល​ចុះហត្ថលេខា​រួមគ្នា​រវាង​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​លោក ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល​កាលពី​ថ្ងៃទី​ ២៣ ខែមិថុនា និង​ចេញផ្សាយ​ជា​សាធារណៈ​កាលពី​ថ្ងៃ​ពុធ​បាន​ឲ្យ​ដឹងថា ប្រកាស​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​គ្រប់គ្រង​ប្រតិបត្តិការ​ធនធាន​រ៉ែ​សំណង់ ដូចជា ថ្ម ក្រួស ខ្សាច់ ឡាតេរីត អាចម៍ដី ដែល​ប្រើប្រាស់​សម្រាប់​ផ្គត់ផ្គង់​ឲ្យ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​របស់​រដ្ឋ ព្រម​ទាំង​ការប្រមូល​ចំណូល​សួយសារ​ពី​ការប្រើប្រាស់​ធនធាន​រ៉ែ​សំណង់​ទាំងនេះ​ឲ្យ​ប្រព្រឹត្ត​ទៅ​ប្រកប​ដោយ​តម្លាភាព គណនេយ្យភាព និង​ប្រសិទ្ធភាព​។

ប្រកាស​នេះ​មាន​វិសាលភាព​គ្របដណ្តប់​លើ​រាល់​ប្រតិបត្តិការ​ធនធាន​រ៉ែ​សំណង់​ដែល​ប្រើប្រាស់​សម្រាប់​ផ្គត់ផ្គង់​ឲ្យ​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​របស់​រដ្ឋ​នៅ​ប្រទេស​កម្ពុជា ដូចជា គម្រោង​សាងសង់​ផ្លូវ ស្ពាន ទំនប់​ធារាសាស្ត្រ ស្ថានីយ​វារីអគ្គិសនី និង​ហេដ្ឋារចនាសម្ព័ន្ធ​ប្រហាក់ប្រហែល​ដទៃ​ទៀត​។

លោក យស មុនីរ៉ាត់ អគ្គនាយក​នៃ​នាយកដ្ឋាន​រ៉ែ​នៃ​ក្រសួង​រ៉ែ និង​ថាមពល បាន​ឲ្យ​ដឹងថា ប្រកាស​អន្តរក្រសួង​នេះ​បាន​ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​ប្រមូល​ទិន្នន័យ​នៃ​ការប្រើប្រាស់​ធនធាន​រ៉ែ​សំណង់​ឲ្យ​បាន​ជាក់លាក់​។ លោក​បន្តថា រាល់​ការប្រើប្រាស់​ធនធាន​រ៉ែ​សំណង់​សម្រាប់​ផ្គត់ផ្គង់​ឲ្យ​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​របស់​រដ្ឋាភិបាល​គឺ​រដ្ឋ​ជា​អ្នក​ទទួល​បន្ទុក​បង់​សួយសារ​ជំនួស​។

លោក​ថ្លែងថា​៖ «​យើង​ចង់ដឹងថា តើ​ធនធាន​រ៉ែ​សំណង់​ចំនួន​ប៉ុន្មាន​បាន​ផ្គត់ផ្គង់​ទៅលើ​ទីផ្សារ​សម្រាប់​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​របស់​រដ្ឋាភិបាល ហើយ​រដ្ឋ​ត្រូវ​ទទួល​បន្ទុក​បង់​សួយសារ​ជំនួស​ប៉ុន្មាន​?»​។

លោក​បន្តថា​៖ «​កន្លងមក​គេ​មើលឃើញ​ថា វត្ថុ​ធាតុ​ប្រើប្រាស់​អស់​ច្រើនណាស់ ប៉ុន្តែ​ហេតុអ្វី​បាន​ជា​ការប្រមូល​ចំណូល​បាន​តិច នេះ​មាន​ន័យថា ចំណូល​បាន​តាមរយៈ​ការប្រើប្រាស់​ធនធាន​រ៉ែ​ពី​អាជីវកម្ម​ឯកជន​បាន​ប៉ុណ្ណឹង ក្រៅពី​នេះ​គឺជា​បន្ទុក​របស់​រដ្ឋ​»​។

ប្រកាស​អន្តរក្រសួង​នេះ​បាន​ឲ្យ​ដឹងថា រាល់​អង្គភាព​អនុវត្ត​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​របស់​រដ្ឋ ទោះ​ជា​អង្គភាព​រដ្ឋ ឬ​ឯកជន​ដែល​យក​ធនធាន​រ៉ែ​សំណង់​មក​ប្រើប្រាស់​ដោយផ្ទាល់​ក្នុង​ការសាងសង់​ត្រូវ​មាន​អាជ្ញាប័ណ្ណ​ធនធាន​រ៉ែ ស្រប​តាម​ច្បាប់​ស្តីពី​ការគ្រប់គ្រង និង​ការធ្វើ​អាជីវកម្ម​ធនធាន​រ៉ែ និង​ត្រូវ​ធ្វើការ​ប្រកាស​សួយសារ និង​បង់​ចំណូល​សួយសារ​លើ​តម្លៃ​​ធនធាន​រ៉ែ​ជូន​រដ្ឋ ស្រប​តាម​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​ជា​ធរមាន​។

ប្រកាស​នេះ​បាន​ឲ្យ​ដឹង​ទៀតថា អង្គភាព​អនុវត្ត​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​របស់​រដ្ឋ​ត្រូវ​ដាក់​ពាក្យស្នើសុំ​អាជ្ញាប័ណ្ណ​ធនធាន​រ៉ែ​ក្នុង​រយៈពេល​យ៉ាងយូរ ៤៥ ថ្ងៃ​។ ចំពោះ​អង្គភាព​អនុវត្ត​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​របស់​រដ្ឋ ទោះ​ជា​ធ្វើការ​ប្រកាស​សួយសារ​នៅ​អគ្គនាយកដ្ឋាន​ធនធាន​រ៉ែ​សំណង់​ដោយ​ខ្លួនឯង ឬ​ទិញ​ពី​ទីផ្សារ ហើយ​មាន​បំណង​រួច​ពី​កាតព្វកិច្ច​បង់​សួយសារ អង្គភាព​អនុវត្ត​គម្រោង​នោះ​ត្រូវ​ស្នើសុំ​ទៅ​រាជរដ្ឋាភិបាល​តាមរយៈ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។

កម្ពុជា​ទទួល​បាន​ចំណូល​មិនមែន​សារពើពន្ធ​ពី​វិស័យ​រ៉ែ​ប្រមាណ ២១ ​លាន​ដុល្លារ​កាលពី​ឆ្នាំ​ ២០១៩ កើន​ ៥ ​ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០១៨ ដែល​មាន​ចំនួន ២០ ​លាន​ដុល្លារ​។ នេះ​បើ​តាម​លោក យស មុនីរ៉ាត់​៕ LA