
អគារបុរាណដែលជាអតីតផ្ទះរបស់អតីតលោកម្ចាស់នៅខេត្តបាត់ដំបង ដែលសាងសង់ក្នុងដើមសតវត្សរ៍ទី២០។ សហការី
ភ្នំពេញៈ ទីក្រុងរបស់ខេត្តចំនួន ៣ ត្រូវបានជំរុញឲ្យក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញលំដាប់ទី២ បន្ទាប់ពីក្រុងធំៗមួយចំនួន តាមរយៈសំណង់ដែលសាងសង់ក្នុងសម័យកាលអាណានិគមនិយមបារាំង។ នេះបើយោងតាមក្រសួងទេសចរណ៍។
គំនិតផ្តួចផ្តើម «ទីក្រុងប្រកបដោយបរិយាប័ន្ន» ដើម្បីប្រែក្លាយទីក្រុងទាំង ៣ ឲ្យក្លាយជាតំបន់ទេសចរណ៍ដ៏ទាក់ទាញនេះ ត្រូវបានលើកឡើងដោយលោក Philippe Steinmetz នាយកទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) ប្រចាំកម្ពុជា ក្នុងជំនួបជាមួយលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍នៅសប្តាហ៍មុន។
យោងតាមទំព័រ Facebook ផ្លូវការរបស់ក្រសួងទេសចរណ៍ ក្រុងរបស់ខេត្តបាត់ដំបង កំពត និងក្រចេះ នឹងក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញទី២ (Secondary urban tourism destination) បន្ទាប់ពីរាជធានីភ្នំពេញ សៀមរាប និងទីក្រុងតំបន់ឆ្នេរសមុទ្រ។
ទីក្រុងប្រកបដោយបរិយាប័ន្នសំដៅដល់គ្រប់សកម្មភាពក្នុងដំណើរការអភិវឌ្ឍន៍ទីក្រុង ដែលត្រូវបានចែករំលែក ផ្តល់សិទ្ធិ និងផលប្រយោជន៍ទៅដល់ប្រជាជនគ្រប់ៗគ្នាដោយមិនមានការរើសអើង។
លោក តុប សុភ័ក អ្នកនាំពាក្យក្រសួងទេសចរណ៍ បានឲ្យដឹងកាលពីម្សិលមិញថា AFD មានបំណងជួយលើការថែរក្សា ជួសជុល និងអភិរក្សសំណង់ចាស់ៗ ដើម្បីប្រែក្លាយក្រុងទាំង ៣ នេះឲ្យក្លាយជាទីក្រុងទេសចរណ៍ប្រកបដោយបរិយាប័ន្ន។ លោកបានបន្តថា ដោយសារក្រុងទាំង ៣ នៅសល់សំណង់សម័យអាណានិគមនិយមច្រើន ដូច្នេះគេអាចប្រើសក្តានុពលនេះយកមកទាក់ទាញភ្ញៀវទេសចរបែបវប្បធម៌ និងបេតិកភណ្ឌ។
លោកថ្លែងថា៖ «យើងសង្ឃឹមថា តាមរយៈនេះកម្ពុជានឹងអាចកសាង និងពង្រឹងវិស័យទេសចរណ៍របស់ខ្លួនបានមួយកម្រិតទៀត ជាពិសេសភ្ញៀវទេសចរមកពីតំបន់អឺរ៉ុប [បារាំង]»។
បច្ចុប្បន្ន ក្រុងបាត់ដំបងមាននៅសល់សំណង់ខ្មែរបុរាណ និងសម័យអាណានិគមជាង ៨០០ ខ្នង ក្រុងកំពត ជាង ៣០០ និងក្រចេះ អាចចំនួនតិចជាងគេ។ នេះបើតាមលោក សុភ័ក។
លោក ថោង ខុន បានឲ្យដឹងថា កន្លងមកក្រសួងទេសចរណ៍ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអង្គការ UNESCO ក៏បានសហការគ្នារៀបចំអភិវឌ្ឍន៍ក្រុងទាំង ៣ នេះឲ្យទៅជាក្រុងទេសចរណ៍ វប្បធម៌បេតិកភណ្ឌ និងជាគោលដៅទេសចរណ៍ទី២ ផងដែរ។ លោកបន្តថា នៅពេលទីតាំងទាំងអស់រៀបចំបានល្អ វាមិនត្រឹមតែអាចទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនប៉ុណ្ណោះទេ តែវាថែមទាំងទាក់ទាញឲ្យមានការស្នាក់នៅបានយូរជាងមុនទៀតផង។
ក្នុងជំនួបជាមួយ លោក Philippe Sternmetz លោករដ្ឋមន្ត្រីក៏បានណែនាំពីចំណុចសំខាន់ៗ ដល់ក្រុមអ្នកជំនាញការរបស់ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង សម្រាប់ដំណើរការរៀបចំក្រុងរបស់ខេត្តទាំង ៣ នេះផងដែរ។
លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានឲ្យដឹងថា ទន្ទឹមនឹងការដាក់ចេញនូវវិធានការថែរក្សា និងអភិរក្សសំណង់ចាស់ៗ អាជ្ញាធរខេត្តកំពត ក៏តែងលើកទឹកចិត្តទៅដល់ម្ចាស់ផ្ទះ និងអគារឲ្យចូលរួមក្នុងការអភិរក្សផងដែរ។
លោកបន្តថា សកម្មភាពអភិរក្សនេះ ត្រូវបានអង្គការ UNESCO រៀបចំបានមួយជំហានធំរួចហើយ។ លោកថ្លែងថា៖ «សំណង់បុរាណអាចនិយាយថាជាផលិតផលដ៏ល្អដែលអាចទាក់ទាញភ្ញៀវទេសចរឲ្យមកកម្សាន្តក្នុងក្រុងកំពតបានកាន់តែច្រើន» ។
ការអភិរក្សសំណង់បុរាណ ត្រូវបានវិស័យឯកជនអះអាងថា មានសារៈសំខាន់សម្រាប់វិស័យទេសចរណ៍ ជាពិសេសទាក់ទាញភ្ញៀវទេសចរជនជាតិបារាំង។
លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានប្រាប់ថា ការថែរក្សាលក្ខណៈដើម និងអត្តសញ្ញាណពិតជាមានសារៈសំខាន់ណាស់សម្រាប់វិស័យទេសចរណ៍ ពិសេសសំណង់អគារបុរាណ។
លោកអះអាងថា៖ «ជាមួយនឹងផលិតផលទេសចរណ៍ថ្មីនេះ ខ្ញុំសង្ឃឹមថា ក្រុងទាំង ៣ នឹងអាចទាក់ទាញភ្ញៀវបរទេសជាច្រើន ពិសេសភ្ញៀវទេសចរដែលមកពីប្រទេសជាអាណាព្យាបាលដើមនៅកម្ពុជា [បារាំង]»។
លោកបន្ថែមថា គ្រប់ការបង្កើនភាពទាក់ទាញក្នុងវិស័យទេសចរណ៍ នឹងផ្តល់ឲ្យប្រជាជនក្នុងស្រុកនូវប្រយោជន៍ជាច្រើនដូចជា សេវាដឹកជញ្ជូន ម្ហូបអាហារ កន្លែងស្នាក់នៅ មគ្គុទ្ទេសក៍ និងការចំណាយផ្សេងៗ។
ក្នុងឆមាសទី១ ឆ្នាំ ២០១៩ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៣,៣ លាននាក់ កើនឡើង ១១,២ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៨។ ចំណែកខេត្តកំពត ទទួលបានភ្ញៀវទេសចរអន្តរជាតិ ១១៣ ២៧៥ នាក់ កើនឡើង ២១,១៧ ភាគរយ៕ LA