ខេត្តព្រះសីហនុៈ ទិដ្ឋភាពនៅខេត្តព្រះសីហនុនាពេលនេះមានភាពខុសប្លែកគ្នាឆ្ងាយបើធៀបនឹងពី ២-៣ ឆ្នាំមុន។
អគារខ្ពស់ៗដែលភាគច្រើនជាសណ្ឋាគារ ខុនដូ និងកាស៊ីណូបានលេចចេញនូវអគារស្នាក់នៅទាំងនេះ កើតមានឡើងដោយសារកំណើនជនជាតិចិនទាំងទេសចរ និងវិនិយោគិន។
វាមិនមានបញ្ហាសម្រាប់ជនជាតិចិនដែលបានទិញ ឬជួលសណ្ឋាគារទាំងមូល ប៉ុន្តែកង្វះបន្ទប់ស្នាក់នៅ និងភាពរញ៉េរញ៉ៃដែលបង្កដោយជនជាតិចិនបានធ្វើឲ្យភ្ញៀវទេសចរក្នុងស្រុកហាក់មិនសូវចាប់អារម្មណ៍នឹងតំបន់ឆ្នេរនេះខ្លាំងដូចមុនទេ។
តាមការសង្កេតរបស់អ្នកយកព័ត៌មានភ្នំពេញប៉ុស្តិ៍ ដែលបានទៅដល់ទីនោះកាលពីថ្ងៃសៅរ៍ ការដឹកជញ្ជូនដី និងសម្ភារនានា ដើម្បីប្រើប្រាស់សម្រាប់ការសាងសង់បានធ្វើឲ្យផ្លូវសំខាន់ៗខូចបែកភក់ពេលមានភ្លៀង មានធូលីពេលស្ងួត ខណៈសំរាម ថង់ប្លាស្ទិក រាយប៉ាយតាមដងផ្លូវស្ទើរគ្រប់ទីកន្លែងសូម្បីតែទីប្រជុំជន។
លោក យន្ត មីន អភិបាលខេត្តព្រះសីហនុបានឲ្យដឹងថា បច្ចុប្បន្នខេត្តព្រះសីហនុកំពុងក្លាយជាកន្លែងដ៏ទាក់ទាញសម្រាប់អ្នកទេសចរ និងវិនិយោគិនមកពីប្រទេសចិន ដោយគេឃើញមានសំណង់ធំៗលេចឡើងយ៉ាងច្រើន។
លោកទទួលស្គាល់ថា ការអភិវឌ្ឍវិស័យសំណង់នៅពេលនេះពិតជាបានធ្វើឲ្យសណ្តាប់ធ្នាប់ និងស្ថានភាពបរិស្ថានមានការធ្លាក់ចុះបន្តិចបន្តួចមែន ព្រោះពេលមានការសាងសង់តែងតែមានសំរាម និង ការវាយចោល ឬជីកកាប់គាស់ ដោយចៀសមិនផុតនោះទេ។
លោកថ្លែងថា៖ «ក្រុងព្រះសីហនុកំពុងមានការអភិវឌ្ឍខ្លាំងលើគ្រប់ផ្នែកពិសេសការសាងសង់កន្លែងស្នាក់នៅ និងសណ្ឋាគារដែលធ្វើឲ្យទីក្រុងមិនសូវស្អាត តែវានឹងល្អ ស្អាតនៅពេលមានការអភិវឌ្ឍរួចរាល់»។
ខណៈមានការរិះគន់ថា ខេត្តព្រះសីហនុ ស្ទើរតែក្លាយជាទីក្រុងចិនទៅហើយនោះសម្រាប់អ្នករស់នៅក្នុងក្រុងព្រះសីហនុ និងអាជីវកម្មភោជនីយដ្ឋាន សេវាស្នាក់នៅកំពុងតែរីករាយប្រៀបបាននឹងការត្រូវឆ្នោត ដោយសារតែឥទ្ធិពលនៃការវិនិយោគរបស់ចិន។ តម្លៃជួល-លក់ អចលនទ្រព្យឡើងកប់ពពក ដែលអ្នករស់នៅទីនោះស្ទើរតែទាំងអស់បានលក់ ឬជួលបន្តឲ្យចិនក្នុងតម្លៃដែលពួកគេមិនដែលនឹកស្មានដល់។
ម្ចាស់ភោជនីយដ្ឋាន ៨៨៨ នៅឆ្នេរអូរឈើទាលគឺជាឧទាហរណ៍ស្រាប់។ លោកបានប្រាប់ភ្នំពេញ ប៉ុស្តិ៍ថាជាមួយនឹងការកើនឡើងនៃចំនួនទេសចរចិន លោកបានកត់សម្គាល់ថាចំនួនភ្ញៀវក្នុងស្រុក និងមកពីលោកខាងលិចពិតជាបានថយចុះយ៉ាងច្រើនដែលមិនអាចប្រកែកបាន។
ប៉ុន្តែលោកថាវាល្អសម្រាប់អាជីវកម្មរបស់លោកទៅវិញ។ លោកថ្លែងថា៖ «ពេលនេះនៅក្រុងព្រះសីហនុមានសុទ្ធតែភ្ញៀវជនជាតិចិន។ ភ្ញៀវជនជាតិចិនភាគច្រើនគឺជាអ្នកហ៊ានចំណាយច្រើនដែលធ្វើឲ្យអាជីវកម្មរបស់ខ្ញុំកើនឡើងជាបន្តបន្ទាប់»។
ម្ចាស់ភោជនីយដ្ឋានរូបនេះនិយាយថា៖ «សម្រាប់ខ្ញុំការរកស៊ីគឺមានភាពល្អប្រសើរជាងមុន ពីមុនខ្ញុំមានហាង ២-៣ តែពេលនេះដោយសារមានភ្ញៀវចិនមកជួលបន្តឲ្យតម្លៃខ្ពស់នោះ ខ្ញុំក៏បានជួលហាង ១ ឲ្យចិនតែម្តង»។
ការលើកឡើងថា ការមកដល់យ៉ាងច្រើននៃភ្ញៀវទេសចរចិនកំពុងធ្វើឲ្យចំនួនអ្នកទេសចរក្នុងស្រុក និងមកពីលោកខាងលិចដែលនិយមមកកម្សាន្តតំបន់ឆ្នេរនេះធ្លាក់ចុះយ៉ាងច្រើននោះលោក យន្ត មីន បានអះអាងថាមានការធ្លាក់ចុះតិចតួចប៉ុណ្ណោះ ហើយការធ្លាក់ចុះនោះដោយសារតែពួកគេពិបាកក្នុងការស្វែងរកកន្លែងសម្រាកតែប៉ុណ្ណោះ។
លោកថ្លែងថា៖ «កង្វះខាតកន្លែងស្នាក់នៅ និងការកើនឡើងនៃតម្លៃបន្ទប់ស្នាក់នៅគឺជាមូលហេតុចម្បងដែលធ្វើឲ្យអ្នកទេសចរក្នុងស្រុក និងមកពីតំបន់អឺរ៉ុបមានការធ្លាក់ចុះតិចតួចនៅក្នុងក្រុងព្រះសីហនុ»។
បច្ចុប្បន្នខេត្តព្រះសីហនុមានសណ្ឋាគារចំនួន ៦៩ ស្មើនឹងជាង ៤ ០០០ បន្ទប់ ក្នុងនោះសណ្ឋាគារប្រណីតមានជាង ១ ០០០ បន្ទប់។ នេះបើយោងតាមទិន្នន័យពីក្រសួងទេសចរណ៍។
ក្រសួងទេសចរណ៍កម្ពុជាបានឲ្យដឹងថាខេត្តនេះត្រូវការបន្ទប់សណ្ឋាគារបន្ថែមរហូតដល់ ៣ ម៉ឺនបន្ទប់ត្រឹមឆ្នាំ ២០៣០ ដើម្បីឆ្លើយតបនឹងតម្រូវការកំណើនភ្ញៀវទេសចរអន្តរជាតិប្រមាណ ២ លាននាក់ និងទេសចរជាតិប្រមាណ ៣ លាននាក់ត្រឹមឆ្នាំ ២០៣០។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានបង្ហាញពីការព្យាករនេះដល់វិនិយោគិនចិននៅក្នុងពិធីបើកសម្ពោធ សណ្ឋាគារព្រីនស៍ថាម កាលពីថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០១៨ នៅ ខេត្តព្រះសីហនុ។
លោកបានបង្ហាញការគាំទ្រចំពោះគម្រោងវិនិយោគលើវិស័យទេសចរណ៍ និងអំពាវនាវឲ្យមានការវិនិយោគបន្ថែមទៀតប្រកបដោយគំនិតច្នៃប្រឌិត និងទទួលខុសត្រូវខ្ពស់ក្នុងការគ្រប់គ្រង តំបន់ឆ្នេរសមុទ្រដើម្បីឆ្លើយតបនឹងកំណើនទេសចរ និងនិរន្តរភាពទេសចរណ៍នាពេលបច្ចុប្បន្ន និងពេលអនាគត។
លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបាននិយាយថា ចំនួនភ្ញៀវទេសចរជនជាតិចិនដែលមកលេង និងវិនិយោគនៅខេត្តព្រះសីហនុ បានកើនឡើងយ៉ាងគំហុកក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះដែលកំណើននេះបានធ្វើឲ្យខេត្តព្រះសីហនុប្រឈមនឹងកង្វះកន្លែងស្នាក់នៅជាច្រើននាពេលនេះ។
លោកថ្លែងថា៖ «កំណើនភ្ញៀវទេសចរបានធ្វើឲ្យមុខមាត់ខេត្តព្រះសីហនុមានការប្រែប្រួលយ៉ាងឆាប់រហ័សទៅលើវិស័យមួយចំនួនដូចជា សណ្ឋាគារ កាស៊ីណូ ភោជនីយដ្ឋាន និងការដឹកជញ្ជូនជាដើម»៕LA