ភ្នំពេញៈ បន្ទាប់ពី​ទទួលបាន​សិទ្ធិ​គ្រប់គ្រង​ទាំងស្រុង​លើ​គម្រោង​អភិវឌ្ឍន៍​ក្រុង​រណប ហ្គ្រេន ភ្នំពេញ​ស៊ីធី ពី​ក្រុមហ៊ុន ហ្គ្រេន ភ្នំពេញ អ៊ីនធើណេសិនណល ក្រុមហ៊ុន ជីប ម៉ុង លែន កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​បាន​ធ្វើ​ពិធី​បើកការដ្ឋាន​សាងសង់​គម្រោង​នេះ​ជា​ផ្លូវការ​ហើយ​ជាមួយ​នឹង​ចក្ខុវិស័យ​ប្រែក្លាយ​ទីនោះ​ទៅជា​ក្រុង​រណប​ប្រណីត​បំផុត​នៅ​កម្ពុជា​។

ហ្គ្រេន ភ្នំពេញ​ស៊ីធី គឺជា​គម្រោង​អភិវឌ្ឍន៍​ក្រុង​រណប​ដ៏ធំ​មួយ​ស្ថិតនៅ​ភាគ​ខាងជើង​រាជធានី​ភ្នំពេញ​លើ​ផ្ទៃដី ២៦០ ​ហិកតា​នៅក្នុង​ខណ្ឌ​សែនសុខ​។ គម្រោង​នេះ​បាន​ចាប់ផ្ដើម​អភិវឌ្ឍ​ដំបូង​កាលពី​ជាង ១០ ​ឆ្នាំ​មុន​ក្រោម​ការវិនិយោគ​រួមគ្នា​រវាង​ក្រុមហ៊ុន​ក្នុងស្រុក YLP Group Co., Ltd និង​ក្រុមហ៊ុន Indonesia''s Ciputra Group លើ​ទុនវិនិយោគ​ដំបូង ៦០០ ​លាន​ដុល្លារ​។

បន្ទាប់ពី​ទុកចោល​មួយរយៈ​គម្រោង​នេះ​ត្រូវបាន​ក្រុមហ៊ុន ជីប ម៉ុង លែន ដែល​ជា​បុត្រសម្ព័ន្ធ​របស់​ក្រុមហ៊ុន ជីប ម៉ុង គ្រុប ទិញ​យកមក​អភិវឌ្ឍ​​បន្ត​ពី​ក្រុមហ៊ុន ហ្គ្រេន ភ្នំពេញ​អ៊ីនធើណេសិនណល កាលពី​អំឡុង​ខែ​តុលា ឆ្នាំ​ ២០១៩ ក្នុងតម្លៃ​បិទ​ជិត​។

ជីប ម៉ុង គ្រុប គឺជា​ក្រុមហ៊ុន​ដែល​កំពុងបើក​ដំណើរការ​អាជីវកម្ម​ជាច្រើន​នៅ​កម្ពុជា​មាន​ដូចជា រោងចក្រ​ផលិត​ស្រាបៀរ​កម្ពុជា រោងចក្រ​ផលិត​ស៊ីម៉ងត៍ ក្រុមហ៊ុន​នាំចូល​សម្ភារ​សំណង់ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​ធនាគារ​។

លោក លាង ហេនរី អគ្គនាយក​ក្រុមហ៊ុន ជីប ម៉ុង លែន កាលពី​ថ្ងៃ​ចន្ទ​បាន​និយាយថា ទោះបី​ក្រុមហ៊ុន​ទើប​បើក​ការដ្ឋាន​សាងសង់​នៅថ្ងៃនេះ ប៉ុន្តែ​ជាក់ស្តែង​ចាប់តាំងពី​ទទួល​បាន​សិទ្ធិ​គ្រប់គ្រង​ទាំងស្រុង​កាលពី​ខែ​តុលា ឆ្នាំ​ ២០១៩ គឺ​ក្រុមហ៊ុន​បានធ្វើ​ការងារ​ជាច្រើន​សម្រាប់​គម្រោង​នេះ ជាពិសេស​ការសិក្សា​ដ៏លម្អិត​ជាមួយ​ក្រុម​វិស្វករ និង​ក្រុម​ស្ថាបត្យករ​ទាំង​ក្នុង​ស្រុក និង​បរទេស​ដើម្បី​រៀបចំ​ជា Master Plan ដ៏ល្អ​សម្រាប់​ក្រុង​រណប​នេះ ខណៈ​បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​កែលម្អ និង​អភិវឌ្ឍ​ប្រព័ន្ធ​ហេដ្ឋា​រចនាសម្ព័ន្ធ​ជាច្រើន​រួចហើយ​។

លោក​បាន​ថ្លែងថា​៖ «​ក្រុមហ៊ុន​មានបំណង​ប្រែក្លាយ ហ្គ្រេន ភ្នំពេញស៊ីធី ឲ្យ​ទៅជា​ទីក្រុង​ដ៏អស្ចារ្យ​ដែលមាន​លំនៅឋាន មជ្ឈមណ្ឌល​ពាណិជ្ជកម្ម កន្លែង​លក់ទំនិញ​ដ៏រស់រវើក ព្រម​ជាមួយ​នឹង​ការប្រែក្លាយ​ទីនេះ​ឲ្យ​ទៅ​ជា​ទីក្រុង​បៃតង​។ ហ្គ្រេន ភ្នំពេញស៊ីធី ប្រៀបបី​ដូចជា ទីក្រុង​ក្នុង​ទីក្រុង និង​ជា​កន្លែង​ដែលមាន​សក្តានុពល​ក្នុង​រាជធានី​ភ្នំពេញ​»​។

បើ​តាម​លោក ហេនរី ការសាងសង់​គម្រោង​នេះ​នឹងត្រូវ​ចែកចេញ​ជាច្រើន​ដំណាក់កាល​ដោយ​ដំណាក់កាល​ទី​ ១ នឹង​សង់​លើ​ផ្ទៃដី​ទំហំ ៥០ ​ហិកតា ខណៈ​តម្លៃ​មិនត្រូវ​បង្ហាញ​ឲ្យ​ដឹង​ទេ​។ នេះ​ជា​គម្រោង​អភិវឌ្ឍន៍​ទី​ ៨ របស់​ក្រុមហ៊ុន ជីប ម៉ុង លែន​។

លោក​ថ្លែងថា​៖ «​ទោះ​ក្នុងស្ថានភាព​បែបណា​ក៏​យើង​នៅតែ​បន្ត​សាងសង់​លំនៅឋាន​ដែលមាន​គុណភាព​ខ្ពស់បំផុត​។ យើង​មិន​ដើរ​ផ្លូវ​កាត់​សាងសង់​អ្វីដែល​លំៗ​ដើម្បី​ឲ្យ​តែ​លក់​ចេញ​ទេ​»​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន​បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន ជីប ម៉ុងលែន នឹង​សាងសង់​លំនៅឋាន​ម៉ូដ​ថ្មី​ដែល​មិន​ធ្លាប់មាន​ពីមុន ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​របស់​អតិថិជន និង​ប្រណីតភាព​របស់​គម្រោង​។ លើសពីនេះ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​មជ្ឈមណ្ឌល​កីឡា​ដ៏ធំ​ក៏​នឹងមាន​វត្តមាន​នៅ​គម្រោង ហ្គ្រេន ភ្នំពេញ​ស៊ីធី អម​ជាមួយ​នឹង​ទីលាន​វាយ​កូន​ហ្គោល ហ្គ្រេន​ភ្នំពេញ​ស៊ីធី ផង​ដែរ​។

លោក សំ សុខនឿន អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ KW សែនសុខ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា បន្តិច​ម្តងៗ​តំបន់​ក្រុង​រណប ហ្គ្រេន ភ្នំពេញ​ស៊ីធី កំពុង​ក្លាយ​ជា​កន្លែង​ដែលមាន​ទីផ្សារ​អចលនទ្រព្យ​ល្អ​ជាងគេ​នៅក្នុង​ខណ្ឌ​សែនសុខ ហើយ​នឹងមាន​មជ្ឈមណ្ឌល​សេវាកម្ម​ចម្រុះ​ជាច្រើន​បែរ​ឆ្ពោះ​ទៅកាន់​តំបន់​នោះ​។

លោក​បន្តថា ភាពល្អប្រសើរ​នៃ​ស្ថានភាព​ភូមិសាស្ត្រ និង​ហេដ្ឋារចនាសម្ព័ន្ធ បាន​ធ្វើឲ្យ​តម្លៃ​​អចលនទ្រព្យ​នៅ​ទីនោះ​កើនឡើង​ជា​លំដាប់​។ បច្ចុប្បន្ន​ដី​នៅក្នុង​តំបន់ ហ្គ្រេន ភ្នំពេញ​ស៊ីធី អាច​មាន​តម្លៃ​ចន្លោះ​ពី ៣៥០-៨០០ ​ដុល្លារ ក្នុង​ ១ ​ម៉ែត្រការ៉េ​។

លោក​បញ្ជាក់ថា​៖ «​ហ្គ្រេន ភ្នំពេញ ស៊ីធី បាន​ក្លាយ​ជា​តំបន់​ល្អឥតខ្ចោះ​សម្រាប់​លំនៅឋាន​ប្រណីត និង​មានតម្លៃ​ខ្ពស់​ក្នុង​ខណ្ឌ​សែនសុខ ហើយ​នៅពេល​ខាងមុខ ទីនោះ​ក៏​នឹង​ក្លាយ​ជា​កន្លែង​ដែលមាន​សេវាកម្ម​ចម្រុះ​ជាច្រើន​ទៀតផង​ដែរ​»​។

លោក​បន្ថែមថា សក្តានុពល​របស់​ទីតាំង​នឹង​ធ្វើឲ្យ​គម្រោង​នេះ​ទទួល​បាន​ជោគជ័យ​នៅក្នុង​រយៈពេល​ដ៏ខ្លី​បំផុត ខណៈ​តាម​ផែនការ​លំនៅឋាន​ក្នុង​គម្រោង​នេះ​នឹង​ចាប់ផ្តើម​បើក​លក់​ក្នុង​ខែ​កក្កដា​ខាង​មុខ​៕