ភ្នំពេញៈ កម្ពុជា និងហុងគ្រីបានព្រមព្រៀងគ្នាជំរុញសេដ្ឋកិច្ច និងទេសចរណ៍រវាងប្រទេសទាំង ២ បន្ថែម ខណៈវិស័យឯកជនសម្លឹងឃើញថា តាមរយៈកិច្ចព្រមព្រៀងនេះ កម្ពុជាអាចចាប់ទីផ្សារហុងគ្រីជាទិសដៅពង្រីកការនាំចេញទៅកាន់ប្រទេសនានានៅទ្វីបអឺរ៉ុប។
ការលើកឡើងនេះត្រូវបានធ្វើនៅឯកិច្ចប្រជុំកម្រិតបច្ចេកទេសត្រៀមសម្រាប់កិច្ចប្រជុំលើកទី ១ គណៈកម្មការចម្រុះនៃកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចកម្ពុជា-ហុងគ្រី តាមរយៈប្រព័ន្ធអនឡាញនៅទីស្តីការក្រសួងពាណិជ្ជកម្មនៅថ្ងៃទី ២០ ខែមករា។
លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជាបានជួបពិភាក្សាជាមួយ លោកស្រី Judit PekariVekei ប្រធាននាយកដ្ឋានទទួលបន្ទុក គណៈកម្មការសេដ្ឋកិច្ចចម្រុះនៃក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រីដោយលោកបានឱ្យដឹងថា ភាគីទាំង ២ បានឯកភាពលើខ្លឹមសារសេចក្តីព្រាងកំណត់ហេតុរួមនៃកិច្ចប្រជុំលើកទី ១ ដែលនឹងត្រូវចុះហត្ថលេខាខ្លឹមសារសេចក្តីព្រាងរវាងលោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជា និង អនុរដ្ឋមន្ត្រីទទួលបន្ទុកវិស័យអភិវឌ្ឍន៍ការនាំចេញនៃក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រី លោក Istvan Joo នៅរសៀលថ្ងៃទី ២១ ខែមករា។
លោកបានឱ្យដឹងទៀតថា ភាគីទាំង ២ បានឯកភាពពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលសំខាន់ៗ ដែលរួមមាន ពាណិជ្ជកម្ម និងសេដ្ឋកិច្ច ទេសចរណ៍ អាកាសចរណ៍ស៊ីវិល និងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាដើម។
ប្រទេស ហុងគ្រី ធ្លាប់បានផ្តល់ជំនួយដល់ប្រទេសកម្ពុជាដើម្បីស្តារសេដ្ឋកិច្ចប្រទេសឡើងវិញក្រោយឆ្នាំ ១៩៧៩ ដោយប្រទេសទាំង ២ បានភ្ជាប់ទំនាក់ទំនងការទូតឡើងវិញ ហើយហុងគ្រីបាននាំយកនូវជំនួយជាច្រើនប្រភេទមកជួយកសាងសន្តិភាព និងស្ថិរភាពនយោបាយកម្ពុជាដែលបានបើកផ្លូវដល់ការអភិវឌ្ឍ។
លោក ធួន ស៊ីណាន អតីតនាយកប្រចាំប្រទេសកម្ពុជានៃស្ថានពាណិជ្ជកម្ម(Trading House) កម្ពុជា-ហុងគ្រី ប្រាប់ភ្នំពេញប៉ុស្តិ៍ថា កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយហុងគ្រីនឹងជួយជំរុញទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគនៅពេលខាងមុខ។
លោកបានឱ្យដឹងថា ប្រទេសហុងគ្រីដែលជាប្រទេសមហាអំណាចផ្នែកកសិកម្មនឹងអាចជួយអភិវឌ្ឍលើវិស័យកសិកម្មរបស់ប្រទេសកម្ពុជាដែលកំពុងមានសក្តានុពលខ្លាំងប៉ុន្មានឆ្នាំចុងក្រោយនេះ។
លោកមានប្រសាសន៍ថា៖ «ប្រទេសហុងគ្រីអាចចែករំលែកនូវបទពិសោធក្នុងវិស័យកសិកម្មរបស់ខ្លួនដល់កម្ពុជា ពិសេសការអភិវឌ្ឍ សន្តិសុខ និងសុវត្ថិភាពម្ហូបអាហារនៅកម្ពុជា»។
លោកបានបន្ថែមថា បើសម្លឹងមើលទៅលើវិស័យសេដ្ឋកិច្ច និង ពាណិជ្ជកម្ម ប្រទេសហុងគ្រីគឺជាច្រកនាំចេញដ៏សំខាន់សម្រាប់ទំនិញពីប្រទេសកម្ពុជាទៅកាន់ប្រទេសបណ្តាជាសមាជិកសហភាពអឺរ៉ុបទាំង ២៨ ប្រទេស។
លោកនិយាយថា៖ «សម្រាប់ខ្ញុំចរន្តពាណិជ្ជកម្មកម្ពុជាជាមួយប្រទេសហុងគ្រីគឺជាចំណុចសំខាន់ក្នុងការផ្លាស់ប្តូរទំនិញគ្នាទៅវិញទៅមកយ៉ាងសំខាន់ និងជាច្រកទ្វារដ៏ធំសម្រាប់កម្ពុជាក្នុងការបោះជំហានទៅក្នុងទីផ្សារអឺរ៉ុប»។
លោកបន្តថា៖ «រីឯវិស័យទេសចរណ៍វិញ ខ្ញុំជឿថា តាមរយៈសហប្រតិបត្តិការរវាងប្រទេសទាំង ២ វិស័យនេះនឹងមានភាពប្រសើរឡើង ដោយផ្តើមចេញពីទំនាក់ទំនងល្អនេះ»។
កាលពីឆ្នាំ ២០២០ កម្ពុជាបាននាំអង្ករចេញទៅប្រទេសហុងគ្រីចំនួន ១ ៨៣៩ តោន និងថ្នាំជក់បាន ១១៨ តោន។ នេះបើតាមទិន្នន័យរបស់ក្រសួងកសិកម្ម។
ប្រទេសកម្ពុជាបានចុះកិច្ចព្រមព្រៀងស្តីពីសេវាដឹកជញ្ជូនតាមផ្លូវអាកាសជាមួយប្រទេសហុងគ្រីកាលពីថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ ២០២០ ក្នុងដំណើរទស្សនកិច្ចរបស់លោក ភីធើរ ស៊ីចាតូ (Peter Szijjiarto) រដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រី។
នាពេលនោះដែរ ប្រទេសទាំង ២ ក៏បានចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការគ្រប់គ្រងធនធានទឹករវាងក្រសួងធនធានទឹក និងឧតុនិយមរបស់កម្ពុជាជាមួយនឹងក្រសួងមហាផ្ទៃហុងគ្រី និងអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៃកម្ពុជាជាមួយនឹងក្រសួងកសិកម្មប្រទេសហុងគ្រី៕LA