ភ្នំពេញៈ ​គម្រោង​វិនិយោគ​ដែល​ត្រូវ​បាន​អនុម័ត​ដោយ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​ក្នុង​រយៈ​ពេល ​៦ ខែ ឆ្នាំ ២០១៩ មាន​តម្លៃ​សរុប​ជាង ​១,៨​ ពាន់​លា​ន​ដុល្លារ​។ ​នេះបើ​យោង​តាម​ទិន្នន័យ​ដែល​​ត្រូវ​បាន​គណនា​ដោយ​ភ្នំពេញ ប៉ុស្តិ៍។

តាម​ការ​គណនា​ទិន្នន័យ​បង្ហាញ​ថា ​ក្នុង​អំឡុង​ពេល​នេះ​មាន​​គម្រោង​វិនិយោគ​សរុប​ចំនួន ​១០២ ​គម្រោង​ ដែល​​ត្រូវ​បាន​អនុម័ត ​ដែល​អាច​បង្កើត​ការងារ​រហូត​ដល់​ជិត ​១៣ ​ម៉ឺន​កន្លែង ​ប្រសិន​បើ​គម្រោង​ទាំង​នោះ​ដំណើរការ។​

គម្រោង​ដែល​ CDC បាន​អនុម័ត​ទាំង​នេះ​​ភាគ​ច្រើន​ជា​គម្រោង​​វិនិយោគ​​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់ ​ស្បែក​ជើង ​កាបូប ​សណ្ឋាគារ ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ​និង​កន្លែង​កម្សាន្ត​ជា​ដើម​។

ចំណែក​គម្រោង​បន្ទាប់​បន្សំ​ មាន​រោងចក្រ​ផលិត​ប្លាស្ទិក ​សម្ភារ​បរិក្ខារ​ពេទ្យ ​គ្រឿង​ផ្គុំ​ដំឡើង​បន្ទះ​សូឡា ​រោងចក្រ​កែច្នៃ​ជ័រ​កៅស៊ូ ​រោងចក្រ​កែច្នៃ​ផ្លែឈើ ​សម្ភារ​ក្មេង​លេង ​រោងចក្រ​កែច្នៃ​ក្រដាស​កាតុង​ រោងចក្រ​ផលិត​សម្ភារ​សំណង់ ​កសិដ្ឋាន​ដាំ​ដំណាំ​កសិឧស្សាហកម្ម ​ចិញ្ចឹម​សត្វ ​រោងចក្រ​ ផលិត​បារី ​អំបោះ ​ខ្សែភ្លើង ជាដើម​។​

សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​បាន​ធ្វើ​ឲ្យ​ក្រុមហ៊ុន​បរទេស​ជាច្រើន​ ពិសេស​ក្រុមហ៊ុន​ចិន​ខ្លួន​ឯង​តែ​ម្តង​បាន​ស្វែងរក​ទីតាំង​ផលិត​ក្រៅ​ប្រទេស ​ចិន ​ដើម្បី​គេច​ពី​ការ​បង់​ពន្ធ​នាំចូល​​ទៅ​អាមេរិក ​២៥ ភាគរយ​។ ​យោង​តាម​​សារព័ត៌មាន​ Nikkei Asian Review កាល​ពី​ដើម​ខែ​នេះ​ បាន​រាយការណ៍​ថា​ មាន​ក្រុមហ៊ុន ​១៦ ប្រកាស​ពី​ការ​ប្តូរ​ទីតាំង​ពី​ចិន​មក​អាស៊ីអាគ្នយ៍​ ក្នុង​នោះ​​មាន​មក​វៀតណាម​រហូត​​ដល់​ ១០ ក្រុមហ៊ុន​។

ទោះបី​យ៉ាង​នេះ​ក្តី​នៅ​ក្នុង​ចំនួន​ក្រុមហ៊ុន​ដែល​ត្រូវ​បាន​អនុម័ត​ដោយ​ CDC ​ក្នុង​អំឡុង​ពេល​មិន​មាន​ការ​បញ្ជាក់​ណា​មួយ​ថា ក្រុមហ៊ុន​នោះ​បាន​ប្តូរ​ទីតាំង​ពី​ប្រទេស ​ចិន ​នោះ​ទេ​។

សម្រាប់​គម្រោង​ដែល​ CDC បាន​អនុម័ត​​ធំ​ជាង​គេ​ គិត​ចាប់​ពី​ដើម​ឆ្នាំ ​២០១៩ រហូត​មក​ទល់​​ពេល​នេះ គឺ​គម្រោង​អភិវឌ្ឍន៍​ទីក្រុង​​ទេសចរណ៍ ​«TEMI» របស់​​ក្រុមហ៊ុន​ចិន Union City Development Group Co.,Ltd ដែល​មាន​តម្លៃ​ ៥០០,​៤ ​លាន​​ដុល្លារ​។ គម្រោង​នេះ​ រួម​មាន​ សណ្ឋាគារ​លំដាប់​ផ្កាយ​៥ មជ្ឈមណ្ឌល​​ពាណិជ្ជកម្ម​ តារាង​វាយ​កូន​គោល បឹង​ហ្គាឡូ ​វីឡា ​រមណីយដ្ឋាន​​ទេសចរណ៍ សួន​កម្សាន្ត​ ចំណត​កប៉ាល់ និង​គម្រោង​មួយ​ចំនួន​ទៀត​។​ គម្រោង​នេះ​​ស្ថិត​នៅ​ស្រុក​គិរីសាគរ​ ខេត្ត​កោះកុង​ ដោយ​អាច​បង្កើត​ការងារ​បាន​ចំនួន ​៥ ​១៥០ ​កន្លែង​។​

UDG ​ជា​​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​​​ក្រុមហ៊ុន​អភិវឌ្ឍន៍​​អចលនទ្រព្យ​​ចិន​ដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​​រដ្ឋ​ Wanlong Group ដែល​ទទួល​បាន​​ដី​សម្បទាន​ ៤៥​ ០០០​ ហិកតា​ នៅ​ស្រុក​​បទុមសាគរ​ និង​ស្រុក​គិរីសាគរ​ ​​ខេត្ត​កោះកុង ​​ ​រយៈពេល​ ៩៩ ​ឆ្នាំ​កាល​ពី​ឆ្នាំ ២០០៨ ​ដើម្បី​បង្កើត​រមណីយដ្ឋាន​​​មាត់​សមុទ្រ​ តារាសាគរ​ ដែល​រួមមាន​កាស៊ីណូ ​និង​គម្រោង​ទីធ្លា​វាយ​កូន​គោល​ នៅ​ក្នុង​ឧទ្យានជាតិ​​បទុមសាគរ​៕LA