ភ្នំពេញៈ ក្នុង​រយៈពេល​ ១ ​ខែ​ក្នុង​ខែ​មេសា ឆ្នាំ​ ២០១៨ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ​ដល់​ក្រុមហ៊ុន​វិនិយោគ​បរទេស​ចំនួន​ ៩ ​ក្រុមហ៊ុន ដែល​មាន​ទុនវិនិយោគ​សរុប​ជាង​ ៣១ ​លាន​ដុល្លារ​។ នេះ​បើ​យោងតាម​ការចេញ​ផ្សាយ​ព័ត៌មាន​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅក្នុង​ខែ​មេសា​។

យោង​តាម​ការចេញ​ផ្សាយ​នេះ​ការវិនិយោគ​ភាគច្រើន​ជា​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ និង​ស្បែកជើង​ដែល​នៅក្នុង​គម្រោង​វិនិយោគ​ទាំងអស់​នេះ​បាន​អះអាង​ពី​ការផ្តល់​ការងារ​សរុប​ចំនួន​ជាង​ ១ ​ម៉ឺន​នាក់​។

យោង​តាម​សេចក្តី​ប្រកាស​នៅលើ​ទំព័រ​ហ្វេសប៊ុក​ចំនួន​គម្រោង​ដែល​ត្រូវ​បាន​អនុម័ត​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ប្រមូល​នៅ​ក្នុង​ខែ​មេសា​បាន​ឲ្យ​ដឹង​ថា តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​សម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ​ដល់​ក្រុមហ៊ុន​ចំនួន​ ៩ រួមមាន គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ និង​ស្បែកជើង​ចំនួន​ ៥ មាន​ទីតាំង​នៅ​ភ្នំពេញ និង​រោងចក្រ​ផលិត​កាបូប និង​សម្លៀកបំពាក់​ ៤ ផ្សេង​ទៀត​មាន​ទីតាំង​វិនិយោគ​ស្ថិត​ក្នុង​ខេត្ត​កណ្តាល តាកែវ និង​កំពង់ស្ពឺ​។

សេដ្ឋកិច្ច​កម្ពុជា​ពឹងផ្អែក​ភាគច្រើន​បំផុត​លើ​វិស័យ​កាត់ដេរ​ដែល​បាន​ផ្តល់​ការងារ​ដល់​ប្រជាជន​ជាង​ ៧០ ​ម៉ឺន​នាក់ និង​រក​បាន​ចំណូល​រាប់ពាន់​លាន​ដុល្លារ​ក្នុង​ ១ ​ឆ្នាំៗ​។

របាយការណ៍​ប្រចាំ​ឆ្នាំ​ ២០១៧ ពី​ក្រសួង​ការងារ​ចេញ​ផ្សាយ​កាលពី​ខែ​មីនា​ឆ្នាំ​ ២០១៨ បាន​បង្ហាញ​ថា​ «​សហគ្រាស និង​គ្រឹះស្ថាន​» កាត់ដេរ​នៅ​កម្ពុជា​សរុប​មាន ១ ១៤៧ ដែល​ប្រតិបត្តិការ​កាលពី​ឆ្នាំ​ ២០១៧ ប៉ុន្តែ​ចំនួន​នោះ​មិន​ត្រូវ​គ្នា​នឹង​ទិន្នន័យ​បាន​ពី​ក្រសួង​ឧស្សាហកម្ម​ និង​សិប្បកម្ម​ដែល​បាន​ចេញ​ផ្សាយ​របាយការណ៍​ក្នុង​ខែ​មីនា​ដែល​បញ្ជាក់​ថា​មាន​រោងចក្រ​កាត់ដេរ​សរុប​ ១ ០៣១ ​នោះ​ទេ​។

ក្នុង​រយៈពេល​ថ្មីៗ​នេះ​គេ​សង្កេតឃើញ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​តែងតែ​ផ្សព្វផ្សាយ​ព័ត៌មាន​ស្តីពី​ការអនុម័ត​គម្រោង​វិនិយោគ​ផ្សេងៗ​នៅ​កម្ពុជា​ដែល​ពី​មុន​ទិន្នន័យ​ត្រូវ​បាន​បង្ហាញ​តែ​នៅ​ដំណាច់ឆ្នាំ​ប៉ុណ្ណោះ​៕