
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។ ហ្វេសប៊ុក
ភ្នំពេញៈ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគចំនួន ៤ ដែលមានតម្លៃសរុប ១៧,៤ លានដុល្លារនៅក្នុងសប្តាហ៍ទី ២ នៃខែមីនា ឆ្នាំ ២០២០។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ CDC។
សេចក្តីប្រកាសព័ត៌មានរបស់ CDC បានឲ្យដឹងថាគិតត្រឹមថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២០ CDC បានអនុម័តគម្រោងចំនួន ៤ ដែលរួមមានគម្រោងបង្កើតរោងចក្រផលិតកេសកាតុងរបស់ក្រុមហ៊ុន Timberpack Carton Co., Ltd. ស្ថិតក្នុងស្រុកអង្គស្នួល ខេត្តកណ្តាលមានទុនវិនិយោគ ៣,៨ លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១៣៦ កន្លែង។ គម្រោងបង្កើតរោងចក្រផលិតស្បែកជើងរបស់ក្រុមហ៊ុន Fortress International Co., Ltd នៅខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគ ៥,៦ លានដុល្លារ និងអាចបង្កើតការងារបាន ១ ៩២៨ កន្លែង។
ចំណែកគម្រោង ២ ផ្សេងទៀតរួមមាន គម្រោងវិនិយោគលើរោងចក្រផលិតស្បែកជើងរបស់ក្រុមហ៊ុន Qi You Footwear (Cambodia) Co., Ltd មានទីតាំងនៅឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគ ៥,៥ លានដុល្លារ និងអាចបង្កើតការងារបាន ១ ៨៣៤ កន្លែង និងគម្រោងវិនិយោគលើរោងចក្រកាត់ដេរ និងចាក់សម្លៀកបំពាក់ កន្សែងបង់ក មួក ស្រោមដៃ ស្រោមជើង ភួយ បូ គ្រប់ប្រភេទ និងវាយនភណ្ឌបម្រើក្នុងផ្ទះ (Home Textiles) របស់ក្រុមហ៊ុន Texssel (Cambodia) Co., Ltd ដែលស្ថិតនៅស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺមានតម្លៃ ២,៥ លានដុល្លារ និងអាចបង្កើតការងារបាន ១ ០៣៤ កន្លែង។
លោក សុក ចិន្តាសោភា អគ្គលេខាធិការនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាកាលពីចុងខែកុម្ភៈកន្លងមកបាននិយាយថា បើទោះបីជាប្រទេសកម្ពុជានឹងត្រូវបាត់បង់ការផ្តល់ភាពអនុគ្រោះពន្ធ ២០ ភាគរយសម្រាប់ការនាំចូលទៅសហភាពអឺរ៉ុបក្នុងខែសីហាខាងមុខ និងបញ្ហាប្រឈមជាសកលស្តីពីការរីករាលដាលនៃវីរុសកូវីដ ១៩ ក៏ដោយ ក៏ការដាក់ពាក្យស្នើសុំការចុះបញ្ជីនៅ CDC ដើម្បីទទួលបានលើកទឹកចិត្តជាបន្តបន្ទាប់។
លោកអះអាងថា៖ «ក្នុងខែមករា និងកុម្ភៈ ឆ្នាំ ២០២០ បើទោះបីជាមានព័ត៌មានភ្លៀង ផ្គរ និងរន្ទះ ថានឹងមកក៏ដោយ ប៉ុន្តែបើតាមតួលេខរហូតមកដល់ពេលបច្ចុប្បន្នកម្ពុជានៅតែទទួលបានការវិនិយោគមិនតិចជាងឆ្នាំមុន»។
ទោះយ៉ាងណាលោកអះអាងថា ដោយសារវិបត្តិដែលជាសកលកំពុងកើតមាននោះ ហេតុនេះផលប៉ះពាល់ចំពោះសេដ្ឋកិច្ចកម្ពុជាពិតជាកើតមានខ្លះជាមិនខាន។ លោកថ្លែងថា៖ «មានការផ្អាក និងបិទគម្រោងខ្លះ ប៉ុន្តែទន្ទឹមនឹងនោះក៏មានអ្នកថ្មីមកដែរ»។
លោកបន្តថា CDC ក៏មានយុទ្ធសាស្ត្រជាច្រើនក្នុងការរក្សា និងបន្តការទាក់ទាញឲ្យបានការវិនិយោគថ្មីៗចូលមកកម្ពុជាផងដែរ៕LA