ភ្នំពេញៈ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) កាលពី​ឆ្នាំ ២០១៧ កន្លង​ទៅ បាន​ផ្តល់​សិទិ្ធ​ដល់​គម្រោង​ស្នើសុំ​វិនិយោគ​សរុប​ទាំង​ក្នុង​ស្រុក និង​បរទេស មាន​តម្លៃ​ជា​ទឹកប្រាក់ ៦,៣ ពាន់​លាន​ដុល្លារ​កើនឡើង​យ៉ាង​ខ្លាំង​ពី ៣,៦ ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ ២០១៦​។ នេះ​បើ​តាម​របាយការណ៍​របស់​សារព័ត៌មាន​សេដ្ឋកិច្ច​ជប៉ុន Nikkei Asian Review​។

Nikkei Asian Review បាន​ចេញ​ផ្សាយ​របាយការណ៍​នេះ​បន្ទាប់ពី​បាន​ធ្វើ​បទសម្ភាស​ផ្ទាល់​ជាមួយ​លោក សុខ ចិន្តាសោភា អគ្គលេខាធិការ CDC នៅ​ទីក្រុង​តូក្យូ​ប្រទេស​ជប៉ុន​កាលពី​ដើម​សប្តាហ៍​មុន​។

របាយការណ៍ Nikkei Asian Review បាន​បង្ហាញ​ពី​និន្នាការ​នៃ​ការអនុម័ត​លើ​គម្រោង​ស្នើសុំ​វិនិយោគ​នៅ​កម្ពុជា​តាំងពី​ឆ្នាំ ២០១៣ មក​តាមរយៈ​ក្រាហ្វិក​ហើយ​បាន​បង្ហាញ​ថា ក្នុង​ចំណោម​ទឹកប្រាក់​សរុប​នៅ​ឆ្នាំ ២០១៧ វិនិយោគ​ដែល​ស្នើឡើង​ដោយ​ពាណិជ្ជករ​ក្នុង​ស្រុក​មាន​ពាក់កណ្តាល ខណៈ​ពាក់កណ្តាល​ផ្សេង​ទៀត​ជា​គម្រោង​ស្នើសុំ​វិនិយោគ​ដោយ​ផ្ទាល់​ពី​បរទេស (FDI) ដែល​ភាគច្រើន​ជា​គម្រោង​ស្នើសុំ​វិនិយោគ​ពី​វិនិយោគិន​ជនជាតិ​ចិន​។ យ៉ាងណា​ក៏ដោយ​ក្រាហ្វិក​នោះ​មិន​បាន​បែក​ចែង​គម្រោង​វិនិយោគ​តាម​វិស័យ​នោះ​ទេ​។

យោង​តាម​ការ​ឲ្យ​ដឹង​ពី​លោក សុខ ចិន្តាសោភា ក្នុង​សេចក្តី​រាយការណ៍​របស់ Nikkei Asian Review កម្ពុជា​ចាប់ផ្តើម​មាន​ឯករាជភាព​ផ្នែក​ថាមពល​អគ្គិសនី​ចាប់ពី​ឆ្នាំ ២០១៨ នេះ​តទៅ ហើយ​តម្លៃ​អគ្គិសនី​នឹង​បន្ត​ធ្លាក់​ចុះ​សម្រាប់​ការ​ធ្វើ​ពាណិជ្ជកម្ម ដើម្បី​ប៉ះប៉ូវ​ទៅ​ដល់​កំណើន​ថ្លៃឈ្នួល​អប្បបរមា​ដែល​បន្ត​កើនឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​៕