ក្រុងវីយែនៈ គេហទំព័ររបស់អង្គការប្រទេសនាំចេញប្រេង (OPEC) និងក្រុមគណៈប្រតិភូរបស់ប្រទេសផលិតប្រេងផ្សេងទៀតបានឲ្យដឹងនៅថ្ងៃពុធថា បណ្ដាប្រទេសផលិតប្រេងសំខាន់ៗ នឹងជួបប្រជុំក្នុងទីក្រុងវីយែន នៅថ្ងៃទី ១ និងទី ២ ខែ កក្កដា ខាងមុខ បន្ទាប់ពីការប្រជុំគ្នា ២ ឆ្នាំម្ដងនេះត្រូវបានពន្យារពេលជាច្រើនដង។
ក្រុមប្រទេសផលិតប្រេង ដែលដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីត ត្រូវបានរំពឹងថា នឹងសម្រេចចិត្តថា តើត្រូវបន្តកាត់បន្ថយការផលិត ឬយ៉ាងណា? ខណៈដែលក្រុមវិនិយោគិនស្វាគមន៍ព័ត៌មានពីការកំណត់កាលបរិច្ឆេទជួបប្រជុំនេះ។
កិច្ចប្រជុំលើកទី១៧៦ នៃសន្និសីទអង្គការ OPEC នឹងធ្វើឡើងនៅថ្ងៃទី ១ ខែ កក្កដា បន្ទាប់ពីបញ្ចប់កិច្ចប្រជុំលើកទី៦ របស់ក្រុមរដ្ឋមន្ត្រីរបស់អង្គការ OPEC និងមិនមែនជា OPEC ដែលរួមទាំងប្រទេស រុស្ស៊ី ផងដែរ។
គណៈប្រតិភូមួយរូបដែលបានស្នើសុំមិនបញ្ចេញឈ្មោះបានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា៖ «នៅពេលនេះពួកគេបានបញ្ជាក់ពីកាលបរិចេ្ឆទនេះ»។ ប្រភពនេះបានបន្តថា សេចក្ដីសម្រេចចិត្តត្រូវបានធ្វើឡើងកាលពីថ្ងៃអង្គារ។
កិច្ចប្រជុំនៅពេលថ្មីៗដំបូងឡើងត្រូវធ្វើឡើងនៅខែមេសា ប៉ុន្តែនៅពេលនោះត្រូវបានពន្យារពេលមកធ្វើនៅខែមិថុនាវិញមុនពេលពន្យារពេលម្តងទៀតទៅខែកក្កដា ខាងមុខនេះ។
ក្រុមវិនិយោគិនសង្ឃឹមថា ក្រុមប្រទេសផលិតប្រេងរបស់អង្គការ OPEC និងប្រទេសផលិតសំខាន់ៗផ្សេងទៀតដែលបានដឹកនាំដោយប្រទេស រុស្ស៊ី នឹងបន្តទប់ស្កាត់ការផលិតជំរុញ ដើម្បីកាត់បន្ថយការផ្គត់ផ្គង់លើសតម្រូវការ។
ធនាគារ ANZ ឲ្យដឹងក្នុងរបាយការណ៍មួយថា៖ «អារ៉ាប៊ីសាអ៊ូឌីត កំពុងកាត់បន្ថយទិន្នផលរួចហើយមុនពេលកិច្ចប្រជុំនេះ៕ AFP/LA