ភ្នំពេញៈ វិនិយោគិន​អាមេរិក​នឹង​មក​ស្វែងរក​ឱកាស​វិនិយោគ​ក្នុង​វិស័យ​កសិកម្ម​នៅ​កម្ពុជា​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ចេញ​កាលពី​ថ្ងៃ​សុក្រ​។

គណៈប្រតិភូ​តំណាង​ឲ្យ​ក្រុមហ៊ុន​ចំនួន​ ១៦ មកពី​អាមេរិក​នឹង​មក​ទស្សនកិច្ច​ដើម្បី​សិក្សា​ស្វែងរក​ឱកាស​វិនិយោគ​ក្នុង​វិស័យ​កសិកម្ម​នៅ​កម្ពុជា​រយៈពេល​ ២ ​ថ្ងៃ​នៅ​ទីក្រុង​ភ្នំពេញ​ចាប់ពី​ថ្ងៃទី​ ៦-៧ ខែ​កុម្ភៈ​។

គណៈប្រតិភូ​ទាំងនោះ​មកពី​ក្រុមហ៊ុន​អាមេរិក​ល្បីៗ រួមមាន Walmart, Amazon, IBM, John Deer, Corteva, California Figs, ADM, U.S. Grains Council and Sripipat Engineering​។ ​នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​។

លោក ងិន ឆាយ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ឲ្យ​ដឹងថា ក្រសួង​ក៏​​គ្រោង​នឹង​ជួបពិភាក្សា​ជាមួយ​​វិនិយោគិន​អាមេរិក​ទាំងនោះ​នៅ​ថ្ងៃទី​ ៦ កុម្ភៈ​ផង​ដែរ​។

លោក ងួន សាំង អគ្គនាយក​ក្រុមហ៊ុន RMA Group ដែល​ជា​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​ក្នុង​វិស័យ​យានយន្ត គ្រឿងចក្រ​ធុនធ្ងន់ អាហារ និង​ភេសជ្ជៈ​បាន​ឲ្យ​ដឹងថា ការរីកចម្រើន​ក្នុង​វិស័យ​កសិកម្ម​កម្ពុជា​បាន​ធ្វើឲ្យ​ការលក់​ត្រាក់ទ័រ​ម៉ាក John Deer របស់​ក្រុមហ៊ុន​លោក​បាន​ដំណើរការ​ល្អ​ជាធម្មតា​។

លោក​ថ្លែងថា​៖ «​ក្រុមហ៊ុន​ខ្ញុំ​លក់​ត្រាក់ទ័រ​បាន​ប្រមាណ ៤០០ ​គ្រឿង​កាលពី​ឆ្នាំមុន​»​។ លោក​បន្តថា កសិករ​ងាក​មក​ប្រើ​ត្រាក់ទ័រ​ក្នុង​វិស័យ​កសិកម្ម​ជា​ជាង​ប្រើ​សត្វ​គោ-ក្របី​។ លោក​បន្តថា​៖ «​ប្រជាកសិករ​សព្វថ្ងៃ​មិន​សូវ​ប្រើ​គោ- ក្របី​ទេ ពួកគាត់​ងាក​មក​ប្រើ​គោយន្ត និង​ត្រាក់ទ័រ​ដែល​វា​ជួយ​សម្រួល​ដល់​ការធ្វើ​កសិកម្ម​បាន​លឿន​កាត់បន្ថយ​កម្លាំង​ពលកម្ម និង​ទទួល​បាន​ទិន្នផល​ខ្ពស់​»​។

លោក​ប៉ាន់ប្រមាណ​ថា មាន​ការ​ផ្គត់ផ្គង់​ត្រាក់ទ័រ​ប្រមាណ​ជា​ ៣ ០០០ ​គ្រឿង​ កាលពី​ឆ្នាំមុន​កើនឡើង ១០ ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​ ២០១៨​។ លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​មើលឃើញ​ពី​តម្រូវការ​ត្រាក់ទ័រ​មាន​ការកើនឡើង​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ខ្ញុំ​គិតថា​តម្រូវការ​វា​នឹង​បន្ត​កើនឡើង​បន្ថែមទៀត​នៅ​ឆ្នាំនេះ​»​។

ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​អាមេរិក​កើនឡើង​ ៣៨ ភាគរយ​ដែល​មាន​តម្លៃ​សរុប ៥,៤ ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល​ ១១ ខែ​ក្នុង​ឆ្នាំ​ ២០១៩ បើ​ធៀប​នឹង​ឆ្នាំ​ ២០១៨​។ នេះ​បើតាម​របាយការណ៍​ពី​ការិយាល័យ​ជំរឿន​សហរដ្ឋអាមេរិក​។

ទិន្នន័យ​បាន​ឲ្យ​ដឹងថា សម្រាប់​ការនាំចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​អាមេរិក​ក្នុង​រយៈពេល​នេះ មាន​តម្លៃ​ជាង​ ៤,៩ ​ពាន់​លាន​ដុល្លារ​កើន​ជាង ៤០ ​ភាគរយ ខណៈ​ការនាំ​ទំនិញ​ពី​អាមេរិក​មក​កម្ពុជា​មាន​តម្លៃ​ជាង ៤៨៤ ​លាន​ដុល្លារ​កើន ២០ ​ភាគរយ​៕LA