ភ្នំពេញៈ ក្រុមហ៊ុនសណ្ឋាគារ និងរមណីយដ្ឋាន សង្សារ ដែលគ្រប់គ្រងដោយក្រុមហ៊ុន រ៉ូយ៉ាល់ បានបើកការិយាល័យកណ្ដាលអន្តរជាតិរបស់ខ្លួននៅទីក្រុង ហុងកុង កាលពីម្សិលមិញ ដើម្បីចាប់យកកំណើនភ្ញៀវទេសចរចិនដែលទៅទស្សនាក្រៅស្រុក។
សណ្ឋាគារ និងរមណីយដ្ឋាន កោះសង្សារត្រូវបានបង្កើតឡើង កាលពីឆ្នាំ ២០១១ ដែលមានទីតាំងជិតគ្នានឹង កោះរ៉ុង គឺជាប្រតិបត្តិកររមណីយដ្ឋានកោះឯកជនប្រណីតកម្ពុជាឈានមុខគេ ដែលមានវីឡាប្រណីតចំនួន២៧ត្រូវបានសាងសង់ជាមួយនឹងសម្ភារមាននិរន្តរភាព ដែលជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការចូលរួមលើការការពារបរិស្ថាន។
តាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន ការិយាល័យនេះនឹងជាមជ្ឈមណ្ឌលនៃការលក់របស់ក្រុមហ៊ុនកោះសង្សារ ទាំងអស់ ជាទីផ្សារទំនាក់ទំនងសាធារណៈ និងកិច្ចខិតខំប្រឹងប្រែងបង្កើនទុន ហើយជាផ្នែកមួយនៃយុទ្ធសាស្ដ្រដ៏ខ្លាំងក្នុងការបង្កើនចំណេះដឹងយីហោនេះនៅទូទាំងពិភពលោក។
លោក Rory Hunter ស្ថាបនិក និងជាអគ្គនាយកបានថ្លែងនៅក្នុងសេចក្ដីប្រកាសព័ត៌មាននេះថា ក្រុមហ៊ុន សណ្ឋាគារ និងរមណីយដ្ឋាន កោះសង្សារ ប្រតិបត្តិការរមណីយដ្ឋានកោះឯកជនប្រណីតនៅកម្ពុជា និងមានបំណងក្លាយជាក្រុមហ៊ុនឈានមុខគេក្នុងតំបន់នៅក្នុងឧស្សាហកម្មរមណីយដ្ឋានប្រណីតមាននិរន្តរភាពរបស់តំបន់អាស៊ីអាគ្នេយ៍។
លោកបញ្ជាក់ថា៖ «យើងចាំបាច់ត្រូវបង្កើតក្រុមគ្រប់គ្រងជាន់ខ្ពស់ដ៏ខ្លាំងមួយជាមួយនឹងការផ្ដោតលើការផ្សព្វផ្សាយអំពីយីហោរបស់យើងនៅក្នុងតំបន់នេះ»។
លោកលើកឡើងថា៖ «លើសពីនេះទៅទៀត ទីក្រុងហុងកុងមានកម្លាំងពលកម្មក្នុងស្រុកដែលមានការអប់រំ និងមានបទពិសោធខ្ពស់ ហើយវាមានភាពងាយស្រួលក្នុងការធ្វើអាជីវកម្មជាមួយបណ្ដាញដ៏ខ្លាំងរបស់ក្រុមហ៊ុនដែលបម្រើសេវាអាជីព ដែលបានបង្កើតឡើងយ៉ាងល្អ។ វានៅជិតប្រទេសចិនដីគោកដែលជាទីផ្សារទិសដៅដ៏ធំសម្រាប់អាជីវកម្មរបស់យើង»។
លោក Andrew Davis អនុប្រធានផ្នែកលើកកម្ពស់ការវិនិយោគបានស្វាគមន៍ដល់ការបង្កើតការិយាល័យកណ្ដាលអន្តរជាតិរបស់ក្រុមហ៊ុន សង្សារ នៅក្នុងទីក្រុងហុងកុងនេះ។
លោកបន្តថា៖ «ទីតាំងដ៏ល្អរបស់ទីក្រុងហុងកុង និងឋានៈជាមជ្ឈមណ្ឌលថ្នាក់អន្តរជាតិរបស់ខ្លួនធ្វើឲ្យការិយាល័យកណ្ដាលនេះជាច្រកទ្វារដ៏ល្អឥតខ្ចោះទៅកាន់ទីផ្សារប្រទេសចិនដីគោក និងទីផ្សារកំពុងរីកចម្រើនផ្សេងទៀត។
លោក ទិត្យ ចាន់ថា រដ្ឋលេខាធិការក្រសួងទេសចរណ៍កម្ពុជាបានថ្លែងកាលពីខែ វិច្ឆិកា ថា ការកើនឡើងចំនួនប្រជាជនចិនធ្វើដំណើរទៅក្រៅប្រទេសនឹងផ្ដល់ប្រយោជន៍ដល់វិស័យទេសចរណ៍កម្ពុជា។
លោកលើកឡើងដែរថា៖ «អំណាចរបស់ភ្ញៀវទេសចរចិនក្រៅប្រទេសគឺជាសក្ដានុពលខ្លាំងបំផុតសម្រាប់វិស័យទេសចរណ៍នៅក្នុងប្រទេសកម្ពុជា។ សំខាន់ខ្លាំងណាស់ នៅពេលនេះប្រទេសចិនសម្រេចបានទេសចរធ្វើដំណើរទៅក្រៅប្រទេស ១០០ លាននាក់ហើយ ហើយក្នុងពេលឆាប់ៗនេះនឹងសម្រេចបាន ២០០ លាននាក់»។
លោក Marcio Favilla នាយកប្រតិបត្តិអង្គការទេសចរណ៍ពិភពលោកបានថ្លែងនៅក្នុងពិធីបើកដំណើរការវេទិកាសេដ្ឋកិច្ចទេសចរណ៍ពិភពលោកនៅទីក្រុង ម៉ាកាវ កាលពីចុងខែ វិច្ឆិកា ឆ្នាំ ២០១៤ ថា ខណៈទេសចរណ៍អាស៊ានកំពុងកើនឡើង ចិនត្រូវបានគេចាត់ទុកថា ជាប្រទេសរួមចំណែកដ៏ធំមួយសម្រាប់កំណើនសេដ្ឋកិច្ចក្នុងតំបន់ដែលរកបានប្រាក់ ៩៧,៥ លានដុល្លារអាមេរិកពីទេសចរក្រៅប្រទេស កាលពីឆ្នាំ ២០១៣ ដែលឋានៈទីផ្សារលេខ ១ នៅក្នុងពិភពលោក ហើយភ្ញៀវទេសចរចិនទាំងនោះចំណាយប្រាក់ជាង ១២៨ ពាន់លានដុល្លារអាមេរិកនៅបរទេសកាលពីឆ្នាំ ២០១៣។
យោងតាមក្រសួងទេសចរណ៍ ចំនួនភ្ញៀវទេសចរចិនមកកាន់ប្រទេស កម្ពុជា បានកើនឡើងប្រហែល ២០ ភាគរយ ក្នុងរយៈពេល ៩ ខែដំបូង កាលពីឆ្នាំមុន ដែលកើនឡើងពី ៣៣៩ ៨៩៤ នាក់ដល់ ៤០៧ ៣៣០ នាក់ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ ២០១៣៕PB