ភ្នំពេញៈ ទោះបីជាវិទ្យាស្ថានហិរញ្ញវត្ថុអន្តរជាតិមួយចំនួនបានព្យាករអំពីកំណើនសេដ្ឋកិច្ចធ្លាក់ចុះរបស់កម្ពុជានៅឆ្នាំនេះក៏ដោយ ក៏ម្ចាស់រោងចក្របោះទីតាំងផលិតនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSEZ) ដែលជាតំបន់ឧស្សាហកម្មឈានមុខគេនៅកម្ពុជាកំពុងរៀបចំផែនការពង្រីកអាជីវកម្មនៅក្រោយការរីករាលដាលជំងឺកូវីដ១៩។
លោក Hiroshi Uematsu នាយកគ្រប់គ្រង PPSEZ បានប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីថ្ងៃព្រហស្បតិ៍ថា ទោះបីជារោងចក្រជាច្រើនត្រូវបានរងផលប៉ះពាល់ដោយការរីករាលដាលវីរុសកូរ៉ូណាក៏ដោយ ក៏រោងចក្រមួយចំនួនកំពុងរៀបចំការពង្រីកនៅក្រោយជំងឺកូវីដ១៩។
គិតត្រឹមចុងខែឧសភា ចំនួនកម្មករសរុបនៅ PPSEZ មានចំនួន ២០ ៥៤០ នាក់ដែលធ្លាក់ចុះ ២,៦៨ ភាគរយធៀបនឹងខែមករាឆ្នាំនេះ។ ទោះយ៉ាងណា ក្រុមហ៊ុនមួយចំនួនដូចជាក្រុមហ៊ុន Denso (Japan) ក្រុមហ៊ុន Laurelton Diamonds (USA) ក្រុមហ៊ុន Marvel Garment (China) និងក្រុមហ៊ុន Sumi Wiring Systems (Japan) កំពុងធ្វើ ឬរៀបចំការពង្រីកសម្រាប់ពេលក្រោយជំងឺកូវីដ១៩។
លោកថ្លែងថា៖ «តាមបទពិសោធរបស់យើងនៅតំបន់សេដ្ឋកិច្ចពិសេសប៉ោយប៉ែត យើងអាចមើលឃើញថា ក្រុមហ៊ុនផលិតគ្រឿងបន្លាស់រថយន្តដូចជាក្រុមហ៊ុន Denso ក្រុមហ៊ុន Sumi Wiring Systems កំពុងពង្រីកប្រតិបត្តិការ»។
លោកបញ្ជាក់ថា ក្រុមហ៊ុនផលិតផលិតផលអាហារជាច្រើនក៏បានធ្វើដូចគ្នាដែរ។
ធនាគារពិភពលោកបានកែតម្រូវការព្យាកររបស់ខ្លួនលើកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាថា នឹងធ្លាក់ចុះនៅចន្លោះពី -១ ទៅ -២,៩ ភាគរយនៅឆ្នាំនេះ ដោយលើកឡើងពីការរីករាលដាលជំងឺកូវីដ១៩ កំពុងធ្វើឲ្យប៉ះពាល់ដល់កតា្តជំរុញសំខាន់ៗនៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះដូចជាវិស័យទេសចរណ៍ ការនាំចេញផលិតកម្ម និងសំណង់ ដែលរួមគ្នាមានចំនួនជាង ៧០ ភាគរយនៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជា និងជិត ៤០ ភាគរយនៃការងារមានប្រាក់ខែ។
របាយការណ៍នេះបានរាយការណ៍ថា ការធ្លាក់ចុះនៃកតា្តជំរុញកំណើនទាំងនេះបានប៉ះពាល់ដល់កំណើនសេដ្ឋកិច្ច និងបានដាក់ការងារយ៉ាងហោចណាស់ ១,៧៦ លានឲ្យមានហានិភ័យ។ របាយការណ៍ក៏ព្រមានថា លំហូរចូលមូលធននឹងធ្លាក់ចុះផងដែរ ដែលជាបន្តបន្ទាប់កំពុងជំរុញឲ្យមានការធ្លាក់ចុះតម្លៃទីផ្សារអចលនទ្រព្យ ដូចជាការបញ្ចប់ការកើនឡើងការសាងសង់ផងដែរ។ ជាមួយនឹងឥណទានចំនួនច្រើននៅពេលបច្ចុប្បន្នដល់វិស័យសំណង់ អចលនទ្រព្យ និងកម្ចីទិញផ្ទះ កម្ចីមិនដំណើរការអាចកើនឡើង។
លោក Stephen Higgins ដៃគូគ្រប់គ្រងនៅក្រុមហ៊ុន Mekong Strategic Partners (MSP) បានឲ្យដឹងថា វិស័យផលិតកម្មរបស់ប្រទេសកម្ពុជានឹងស្ទុះងើបឡើងវិញយ៉ាងរហ័សនៅក្រោយពេលការរីករាលដាលជំងឺកូវីដ១៩។ លោកថ្លែងថា៖ «ក្រោយជំងឺកូវីដ១៩ ខ្ញុំមានសុទិដ្ឋិនិយមយ៉ាងខ្លាំងអំពីចក្ខុវិស័យសម្រាប់ផលិតកម្មនៅប្រទេសកម្ពុជា។ បញ្ហានេះកំពុងកំណត់ថា នៅពេលក្រោយពីកូវីដ១៩»។
ទោះយ៉ាងណាលោកបានបញ្ជាក់ថា ភាពពិតគឺថាភាគច្រើននៃសេដ្ឋកិច្ចរបស់កម្ពុជា អ្វីៗនឹងមិនត្រឡប់ទៅរកភាពធម្មតាវិញនៅឆ្នាំនេះទេ ហើយសម្រាប់វិស័យមួយចំនួនដូចជាវិស័យទេសចរណ៍ វាទំនងជានឹងស្ទុះងើបឡើងវិញនៅឆ្នាំ ២០២២ មុនពេលអ្វីៗចាប់ផ្ដើមត្រឡប់ទៅរកភាពធម្មតាវិញ។
លោក Higgins បន្ថែមថា៖ «វិស័យកាត់ដេរគួរតែត្រឡប់ទៅរកភាពធម្មតាវិញត្រឹមចុងឆ្នាំនេះ ខណៈដែលវិស័យសំណង់ទំនងជានឹងមានការធ្លាក់ចុះជាប្រចាំក្នុងរយៈពេល ២-៣ ឆ្នាំនេះ»។
លោក Uematsu បានផ្ដល់យោបល់ដល់រដ្ឋាភិបាលឲ្យកែតម្រូវច្បាប់វិនិយោគ និងច្បាប់តំបន់សេដ្ឋកិច្ចពិសេស ដើម្បីទាក់ទាញក្រុមវិនិយោគិនកាន់តែច្រើនថែមទៀត។
លោកលើកឡើងថា៖ «ខ្ញុំផ្ដល់យោបល់ថា រដ្ឋាភិបាលនឹងកែតម្រូវច្បាប់វិនិយោគ និងអនុម័តច្បាប់ SEZ នៅក្នុងមធ្យោបាយដើម្បីគាំទ្រដល់ឧស្សាហកម្មទាំងនេះ ដើម្បីកម្ពុជាអាចធ្វើពិពិធកម្មឧស្សាហកម្មបាន។ ដូចជាមនុស្សជាច្រើនយល់ដឹងរួចហើយថា ប្រទេសកម្ពុជាត្រូវតែធ្វើពិពិធកម្មឧស្សាហកម្ម។ ខ្ញុំផ្ដល់យោបល់ដល់រដ្ឋាភិបាលត្រូវកំណត់ឧស្សាហកម្មជាអាទិភាព ដោយមានការលើកទឹកចិត្តដែលគួរឲ្យទាក់ទាញដើម្បី «ស្វាគមន៍ពួកគេមកកាន់កម្ពុជាកាន់តែច្រើន»៕LA