ភ្នំពេញ: ក្រុមហ៊ុន​ក្នុងស្រុក​មាន​គម្រោង​នាំចេញ​ស្វាយ​ស្រស់​ទៅកាន់​ទីផ្សារ​សហភាព​អឺរ៉ុប និង​កាណាដា ខណៈ​កំពុង​ស្វែងរក​រោងចក្រ​វេចខ្ចប់ និង​សម្លាប់​មេរោគ​លើ​ផ្លែស្វាយ ដែល​ស្របតាម​ស្តង់ដា​អនាម័យ​អឺរ៉ុប និង​កាណាដា​។ នេះ​បើតាម​អ្នកចាត់ការ​ទូទៅ​របស់​ក្រុមហ៊ុន​។

លោក ចាន់ ពេជ្រ អ្នក​ចាត់ការ​ទូទៅ​របស់​ក្រុមហ៊ុន Signatures of Asia, Cambodian Rice Mill & Exporter ដែល​ជា​ក្រុមហ៊ុន​នាំចេញ​អង្ករ​ក្នុងស្រុក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ក្រុមហ៊ុន​របស់​លោក​មាន​ផែនការ​នាំចេញ​ស្វាយ​ស្រស់​ដោយ​ផ្ទាល់​ទៅ​អឺរ៉ុប និង​កាណាដា​នៅ​ឆ្នាំនេះ​។

លោក​បាន​ថ្លែងថា​៖ «​អតិថិជន​មួយចំនួន​ដែល​បាន​ទិញ​អង្ករ​ពី​ក្រុមហ៊ុន​ខ្ញុំ​កំពុង​ស្វែងរក​ការបញ្ជាទិញ​ស្វាយ​ស្រស់​ពី​កម្ពុជា​។ ពួកគេ​ប្រាប់​ខ្ញុំ​ថា ស្វាយ​របស់​យើង​មានឱជារស​ជាតិ​ឆ្ងាញ់ ហើយ​ពួកគេ​ចង់​នាំចូល​យក​ទៅ​លក់​ក្នុង​ហាង​របស់​ពួកគេ​»​។

លោក​បន្តថា ក្នុង​ជំហាន​ដំបូង​ក្រុមហ៊ុន​លោក​មាន​ផែនការ​នឹង​នាំចេញ​ស្វាយ​ស្រស់​ដោយ​ផ្ទាល់​ចំនួន​ ៣,៥ តោន​ក្នុង​ ១ ​សប្តាហ៍​ ទៅកាន់​ទីផ្សារ​ប្រទេស​ទាំង​ ២ ​នេះ​។ លោក​បញ្ជាក់ថា​៖ «​សព្វថ្ងៃ ក្រុមហ៊ុន​របស់ខ្ញុំ​កំពុង​ស្វែងរក​រោងចក្រ​វេចខ្ចប់ និង​សម្លាប់​មេរោគ​លើ​ផ្លែស្វាយ​ដែល​ស្របតាម​ស្តង់ដា​អនាម័យ​របស់​អឺរ៉ុប និង​កាណាដា ហើយ​ក្រុមហ៊ុន​ក៏​កំពុង​ស្វែងរក​អ្នកផ្គត់ផ្គង់​ផ្លែស្វាយ​ក្នុងស្រុក​ផង​ដែរ​»​។

បច្ចុប្បន្ន​ប្រទេស​កូរ៉េខាងត្បូង និង​ប្រទេស​ចិន​ជា​ទីផ្សារ​ធំជាងគេ​របស់​កម្ពុជា​សម្រាប់​ស្វាយ​ស្រស់​។

កម្ពុជា​បាន​នាំចេញ​ស្វាយ​ស្រស់​ចំនួន ១៦ ៨៦៨ ​តោន​ ទៅ​ទីផ្សារ​ប្រទេស ​ថៃ វៀតណាម បារាំង រុស្ស៊ី កូរ៉េខាងត្បូង និង​ហុងកុង សម្រាប់​ខែ​មករា និង​កុម្ភៈ​។ នេះ​បើ​តាម​របាយការណ៍​របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។

របាយការណ៍​នេះ​បង្ហាញ​ថា កម្ពុជា​ត្រូវការ​ស្វាយ​ប្រមាណ ៣០០ ​តោន​ ក្នុង ​១ ​ថ្ងៃ​ ចូលក្នុង​រោងចក្រ​សម្រាប់​កែច្នៃ​នាំចេញ​។

អ្នកស្រី ម៉ៅ គន្ធា អ្នកគ្រប់គ្រង​ផ្នែក​លក់​របស់ Kirirom Food Product (KFP) Co., Ltd ដែល​ជា​ក្រុមហ៊ុន​កែច្នៃ​ស្វាយ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ក្រុមហ៊ុន​របស់​អ្នកស្រី​បាន​នាំចេញ​តំណាប់​ស្វាយ​ទៅ​កាន់​ទីផ្សារ ចិន អឺរ៉ុប អូស្ត្រាលី និង​ប្រទេស​ថៃ​ជាដើម​។

អ្នកស្រី​ថ្លែងថា​៖ «​សព្វថ្ងៃ ស្វាយស្រស់​មាន​តម្លៃ​ក្នុង​រង្វង់​ ៨០០ ​រៀល​ក្នុង​ ១ ​គីឡូក្រាម​។ ក្រុមហ៊ុន​ខ្ញុំ​ត្រូវការ​ស្វាយ​ជា​មធ្យម​ ៥០ ​តោន​ក្នុង​ ១ ​ថ្ងៃ​សម្រាប់​កែច្នៃ​»​។

លោក ងិន ឆាយ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​នៃ​ក្រសួងកសិកម្ម​កាលពី​ខែ​ធ្នូ​បាន​អំពាវនាវ​ឲ្យ​វិស័យ​ឯកជន​វិនិយោគ​បង្កើត​រោងចក្រ​សម្អាត ដើម្បី​បំពេញ​តម្រូវការ​ស្តង់ដា​នាំចេញ​ស្វាយ​ស្រស់​ទៅកាន់​ទីផ្សារ​អន្តរជាតិ​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​សូម​អំពាវនាវ​ឲ្យ​ក្រុមហ៊ុន​ឯកជន​នានា​ធ្វើការ​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ ការវេចខ្ចប់​ទៅតាម​ស្តង់ដា​អនាម័យ និង​បង្កើត​រោងចក្រ​សម្លាប់​មេរោគ​ឲ្យ​បាន​ច្រើន ដើម្បី​ធ្វើឲ្យ​កម្ពុជា​យើង​បាន​នាំចេញ​ផ្លែស្វាយ​ទៅ​ទីផ្សារ​អន្តរជាតិ យើង​ប៉ាន់ប្រមាណ​នៅ​ឆ្នាំ​ ២០២៣ យើង​នឹង​នាំចេញ​ស្វាយ​ឲ្យ​បាន ៦០ ​ម៉ឺន​តោន​ក្នុង​ ១ ​ឆ្នាំ​»​។

កាលពី​ឆ្នាំមុន​កម្ពុជា​បាន​នាំចេញ​ស្វាយ​ស្រស់​ចំនួន ៥៨ ១៦២ ​តោន​ ទៅកាន់​ទីផ្សារ​ប្រទេស ​វៀតណាម ថៃ សិង្ហបុរី បារាំង រុស្ស៊ី និង​ហុងកុង​។

ផ្ទៃដី​ដាំដុះ​ស្វាយ​នៅ​កម្ពុជា​មាន​ចំនួន​ជាង​ ១០​ ​ម៉ឺន​ហិកតា ហើយ​ខេត្ត​ដែល​ដាំ​ស្វាយ​ច្រើន និង​មាន​គុណភាព​ឱជារស​ឆ្ងាញ់​ជាងគេ​គឺ កំពង់ស្ពឺ បន្ទាប់មក​ខេត្តបាត់ដំបង កំពត និង​ខេត្តបន្ទាយមានជ័យ ដែល​ភាគច្រើន​ដាំ​ស្វាយកែវ​រមៀត​៕LA