The Phnom Penh Post Search

Search form

ក្រុមហ៊ុន​គ្រោង​វិនិយោគ​ $២ ពាន់​លាន​លើ​សួន​កសិកម្ម

Content image - Phnom Penh Post
កសិករ​នៅ​ខេត្ត​បាត់ដំបង​កំពុង​ចាក់​ស្រូវ​ដែល​រោយ​ធូលី​រួច​ដាក់​មួយ​ឡែក​បន្ទាប់ពី​បោកបែន​រួច។ ហេង ជីវ័ន

ក្រុមហ៊ុន​គ្រោង​វិនិយោគ​ $២ ពាន់​លាន​លើ​សួន​កសិកម្ម

ភ្នំពេញៈ ក្រុមហ៊ុន​ចិន Tain Rui Cambodia Agricultural​ Cooperation SEZ co.,​ Ltd គ្រោង​នឹង​វិនិយោគ​​ទឹកប្រាក់​ ២ ​ពាន់​លាន​ដុល្លារ​លើ​​តំបន់​សេដ្ឋកិច្ច​​ពិសេស​កសិកម្ម​​​នៅ​ក្នុង​ខេត្ត​​កំពង់ស្ពឺ​ខណៈ​ក្រុមហ៊ុន​អះអាង​ពី​ឱកាស​សក្តានុពល​នៃ​វិស័យ​កសិកម្ម​កម្ពុជា​។​ នេះ​បើ​យោង​តាម​មន្ដ្រី​​មកពី​ក្រុមហ៊ុន​។

ការ​ប្រកាស​នេះ​ធ្វើ​ឡើង​​នៅ​ក្នុង​ការ​ចុះ​​ហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា (MOU) រវាង​​​ក្រុមហ៊ុន​ជាមួយ​​ក្រសួង​កសិកម្ម​កម្ពុជា​ស្ដីពី​​កិច្ចសហការ​កសិកម្ម​​នៅ​ទីក្រុង​ភ្នំពេញ​​កាលពី​ម្សិលមិញ​។

លោក ​Shen Chen ប្រធាន​ក្រុមហ៊ុន​ Tain Rui ដែល​បាន​ចុះ​​ MOU ជាមួយ​​លោក​រដ្ឋមន្ដ្រី​​កសិកម្ម វ៉េង សាខុន បាន​​ឲ្យ​​ដឹង​​ថា​ក្រុមហ៊ុន​នេះ​បាន​បញ្ចប់​​ការ​សិក្សា​ទីតាំង​រួច​ហើយ​​មុន​ពេល​ធ្វើការ​សម្រេច​ចិត្ត​​លើ MOU កាលពី​ម្សិលមិញ​​។

លោក​ Chen ​ឲ្យ​ដឹង​ថា​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​បាន​បន្ត​កើនឡើង​ស្រប​ជាមួយ​នឹង​កំណើន​ប្រជាជន​ផង​នោះ​ប្រទេស​​ចិន​​កំពុង​​ប្រឈម​នឹង​បញ្ហា​កង្វះ​​ការ​ផ្គត់ផ្គង់​ស្បៀង​ហើយ​​កម្ពុជា​​​​គឺជា​ប្រទេស​មួយ​ដែល​អាច​​បំពេញ​តម្រូវការ​នេះ​បាន​។

លោក​ថ្លែង​ថា​៖ «​​ប្រទេស​កម្ពុជា​​មាន​ធនធាន​ធម្មជាតិ​ច្រើន​ដែល​ទាក់ទាញ​​ក្រុម​វិនិយោគិន​ជាច្រើន។ ​យើង​មាន​ក្រុមហ៊ុន​កែច្នៃ​ច្រើន​ដែល​រំពឹង​ថា​នឹង​វិនិយោគ​​​នៅ​ក្នុង​ប្រទេស​កម្ពុជា​ខណៈ​​​​​យើង​មើល​ឃើញ​​ថា​កម្ពុជា​​មិន​មាន​ជំនាញ​​ក្នុង​ការ​កែច្នៃ​​ផលិតផល​កសិកម្ម​សម្រាប់​ការ​​នាំ​​ចេញ​នោះ​ទេ​»​។

លោក Chen ​បាន​បញ្ជាក់​ថា​​​ក្នុង​ជំហាន​ដំបូង​ក្រុមហ៊ុន​នេះ​​នឹង​សាងសង់​​ឃ្លាំង​ស្តុក​ដែល​អាច​​ដាក់​ផលិតផល​កសិផល​បាន​​​ ៣០ ០០០ ​តោន​ និង​ពង្រីក​រហូត​ដល់​ ១០០ ០០០ ​​តោន​នៅ​ក្នុង​ជំហាន​ទី​ពីរ និង​ជំហាន​ទី​បី​។

លោក​​បាន​​បន្ត​ទៀត​​ថា​៖ «​នៅ​​ពេល​គម្រោង​របស់​យើង​ត្រូវ​​បាន​បញ្ចប់​យើង​បាន​រំពឹង​ថា​នឹង​នាំ​ចេញ​​ផលិតផល​កសិកម្ម​ប្រហែល​​ ៥០០ ០០០ ​តោន​​ក្នុង​មួយ​ឆ្នាំ​»​។

តំបន់​សេដ្ឋកិច្ច​ពិសេស​កសិកម្ម​ដែល​​មាន​ទីតាំង​នៅ​ក្នុង​ស្រុក​គងពិសី​ខេត្ត​កំពង់ស្ពឺ​លើ​ផ្ទៃ​ដី​ ៣០០ ​​ហិកតា​បាន​ទទួល​ការ​យល់​ព្រម​រួច​ហើយ​ពី​​ក្រុម​​ប្រឹក្សា​​អភិវឌ្ឍន៍​កម្ពុជា (​CDC)​ ចាប់​តាំងពី​ខែ​មិថុនា​ឆ្នាំ​នេះ​ដែល​​យោង​តាម​លោក Chen គម្រោង​នេះ​​នឹង​ត្រូវ​ការ​ពេល​​ ៥ ឆ្នាំ​ដើម្បី​បញ្ចប់​។ ​លោក​បន្ត​ថា​៖«​ក្រុមហ៊ុន​នេះ​នឹង​សហការ​ជាមួយ​កសិករ​ និង​ទិញ​​ផលិតផល​កសិកម្ម​របស់​ពួកគេ​»​។ ​

លោក​បាន​បន្ត​ថា​​៖ «​​ហើយ​ក្រុមហ៊ុន​នេះ​​ក៏​​មាន​​ដី​កសិកម្ម​សម្រាប់​ការ​ដាំដុះ​​ផលិតផល​កសិកម្ម​ផង​ដែរ​»​។

មិន​អាច​ទាក់ទង​មន្ត្រី CDC បាន​ទេ​កាលពី​ថ្ងៃ​ម្សិលមិញ។

នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ​ដែល​​មាន​​ការ​សន្យា​វិនិយោគ​ខ្ទង់​​ពាន់​លាន​ពី​​ក្រុមហ៊ុន​ចិន​ខណៈ​គម្រោង​ជាច្រើន​របស់​ក្រុមហ៊ុន​ចិន​ដែល​បាន​ប្រកាស​កន្លង​​មក​នៅ​មិន​ទាន់​ចេញ​រូបរាង​នៅ​ឡើយ​ទេ​ដូចជា​រោងចក្រ​កែច្នៃ​ដំឡូងមី​ជាដើម​ហើយ​ការ​​ប្រកាស​ពី​គម្រោង​ដ៏​មហិមា​ក្នុង​​វិស័យក​សិកម្ម​នេះ​កើតឡើង​​ចំ​ពេល​ដែល​វិស័យ​កសិកម្ម​កម្ពុជា​​​កំពុង​តែ​ត្រដាប​ត្រដួស​។

លោក វ៉េង​ សាខុន​ រដ្ឋមន្ត្រី​ក្រសួង​​កសិកម្ម​បាន​ឲ្យ​ដឹង​ថា​ក្រុមហ៊ុន Tian Rui ​​នឹង​ផ្ដោត​លើ​​ការ​បង្កើត​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ និង​ការ​អភិវឌ្ឍ​​កសិកម្ម​បង្កើត​ឃ្លាំង​ស្ដុក​​ផលិតផល​កសិកម្ម​ម៉ាស៊ីន​វេចខ្ចប់​សម្រាប់​នាំ​ចេញ​បង្កើត​​បណ្ដាញ​សម្រាប់​ទីផ្សារ​អន្តរជាតិ​ជាដើម។ ​

លោក​ថ្លែង​ថា​​៖ «ខ្ញុំ​គិត​ថា​នេះ​ជា​ការ​វិនិយោគ​​ដ៏ធំ​​នៅក្នុង​វិស័យ​កសិកម្ម​​របស់​កម្ពុជា​ប៉ុន្តែ​​នៅ​តែ​មាន​​​​បញ្ហា​ប្រឈម​ដូចជា​ការ​បង្ក​​បង្កើនផល​របស់​ប្រជាជន​ខ្មែរ​​នៅ​តែ​មាន​លក្ខណៈ​ប្រពៃណី​នៅ​ឡើយ»។​ ​

លោក​បន្ត​ថា​៖ «​ខ្ញុំ​គិត​​ថា​ការ​វិនិយោគ​របស់​ក្រុមហ៊ុន ​Tian Rui គឺ​បំពេញ​គ្រប់​ជ្រុងជ្រោយ​ដើម្បី​សម្រេច​បាន​ការ​នាំ​ចេញ​ប្រកប​ដោយ​ជោគជ័យ​»​។

លោក​បន្ត​ថា​៖ «​ក្រុមហ៊ុន​​មាន​យន្តការណ៍​ថ្មី​ដើម្បី​ផ្សព្វផ្សាយ​​ផលិតផល​កសិកម្ម​តាមរយៈ​ការ​ទិញ​ពី​កសិករ​ការ​បណ្ដុះ​បណ្ដាល​បច្ចេក​វិទ្យា​ដាំដុះ​»​។ លោក​បន្ថែម​ថា​ក្រុមហ៊ុន​បាន​សហការ​ជាមួយ​ផ្សារ​ទំនើប​នៅ​​​ចិន​សម្រាប់​ការ​លក់​​ផលិតផល​កសិកម្ម​របស់​កម្ពុជា​​នៅ​ចន្លោះ​ពី​ ២០​ ទៅ ​២៥ ​តោន​​ក្នុង​​មួយ​ខេត្ត​​ក្នុង​ប្រទេស​ចិន​។​

​​លោក​បញ្ជាក់​ថា​៖ «​នេះ​ជា​ក្ដីសង្ឃឹម​​របស់​ខ្ញុំ​ហើយ​ខ្ញុំ​នឹង​សហការ​ជាមួយ​ក្រុមហ៊ុន Tian Rui ដើម្បី​ឲ្យ​ការ​នាំ​ចេញ​​ដំណើរការ​ដោយ​រលូន​»​។

លោក យ៉ង ភារម្យ ទីប្រឹក្សា​ពាណិជ្ជកម្ម​របស់​អង្គការ​សេដាក​បាន​ឲ្យ​ដឹង​ថា​នោះ​ពិត​ជា​មាន​សារៈ​សំខាន់​​ក្នុង​ការ​ជួយ​វិស័យ​កសិកម្ម​ខណៈ​វិស័យ​នេះ​កំពុង​ស្ថិត​​ក្នុង​ការ​លំបាក​ទាំង​ទីផ្សារ ​​និង​ការ​ផលិត​។

លោក​ថ្លែង​ថា​៖ «​វា​ពិតជា​មាន​សារៈសំខាន់​​ក្នុង​ការ​ជួយ​ដល់​វិស័យ​កសិកម្ម​បើ​ពួកគេ​​វិនិយោគ​ពិតប្រាកដ​​លើ​វិស័យ​នេះ​»​។

លោក​​បន្ថែម​ថា​៖ «​រហូត​មក​ដល់​ពេល​​នេះ​យើង​ទទួល​ដំណឹង​​គម្រោង​ជាច្រើន​ដែល​កំពុង​ចូល​មក​ប៉ុន្តែ​​ពិបាក​​នឹង​ឃើញ​លទ្ធផល​ណាស់​វិស័យ​កសិកម្ម​​នៅ​តែ​​កំពុង​ស្ថិត​ក្នុង​ស្ថានការណ៍​ពិបាក​»។ ​

លោក​បន្ត​​ថា៖ «​ទឹកប្រាក់​​ ២ ​ពាន់​​លាន​ដុល្លារ​គឺជា​គម្រោង​ដ៏ធំ​បើ​ពួកគេ​ប្រើប្រាស់​​វា​ត្រឹមត្រូវ​ និង​ផ្ដល់​កម្ចី​ដល់​កសិករ​ខ្ញុំ​ជឿជាក់​ថា​វិស័យ​កសិកម្ម​នឹង​រស់​ប្រសើរ​ជាង​មុន​»​​៕ LA

អត្ថបទគួរចាប់អារម្មណ៍