ភ្នំពេញៈ ក្រុមហ៊ុន​ចិន​គ្រោង​នឹង​វិនិយោគ​លើ​ការកែច្នៃ និង​ការដាំដុះ​កប្បាស​នៅ​ខេត្ត​កំពង់ស្ពឺ​សម្រាប់​ផ្គត់ផ្គង់​រោងចក្រ​សម្លៀកបំពាក់​របស់​កម្ពុជា និង​ការនាំចេញ​។

លោក វី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ​បាន​ប្រាប់​ភ្នំពេញប៉ុស្ដិ៍​កាលពី​ថ្ងៃអាទិត្យ​ថា លោក​បាន​ជួប​ក្រុមហ៊ុន​ចិន​កាលពី​ថ្ងៃ​សុក្រ​នៅ​សាលាខេត្ត ដោយ​ពួកគេ​បានបង្ហាញ​ចំណាប់​អារម្មណ៍​ក្នុង​ការវិនិយោគ​លើ​ឧស្សាហកម្ម​កប្បាស​នៅ​កម្ពុជា​។

លោក​បាន​ថ្លែងថា​៖ «​ពួកគេ​ជា​ក្រុមហ៊ុន​ធំ​មួយ​មកពី​ប្រទេស​​ ចិន​ បាន​ធ្វើការ​សិក្សា​រួចហើយ​អំពី​សក្ដានុពល​នៅក្នុង​ខេត្ត​របស់ខ្ញុំ ដោយសារ​តែ​ពួកគេ​បាន​បញ្ចប់​ការពិភាក្សា​រួចហើយ​ជាមួយ​រដ្ឋបាល​ខេត្ត​អំពី​ផែនការ​របស់​ពួកគេ​។ ពួកគេ​នឹង​វិនិយោគ​រាប់លាន​ដុល្លារ​លើ​ផ្ទៃដី​ទំហំ​ ៣០ ០០០ ​ហិកតា​ ​នៅក្នុង​ខេត្ត​នេះ​»​។

លោក​បាន​ឲ្យ​ដឹងថា​ជាមួយ​ផែនការ​វិនិយោគ ក្រុមហ៊ុន​នេះ​នឹង​អញ្ជើញ​ក្រុមហ៊ុន​ចិន​មួយចំនួន​ផ្សេងទៀត​ដើម្បី​ចូលរួម​។ លោក​បន្តថា​៖ «​វា​ជា​គម្រោង​ដ៏ធំ​មួយ​នៃ​កសិឧស្សាហកម្ម​នៅក្នុង​ខេត្ត​របស់ខ្ញុំ​។ នៅពេលនេះ​យើង​មិនមាន​ដី​កសិកម្ម​ច្រើន​នោះទេ ដូច្នេះ​ពេល​ក្រុមហ៊ុន​នេះ​មក​វិនិយោគ​លើ​ការដាំដុះ​លើ​ផ្ទៃដី​ទំហំ ៣០ ០០០ ​ហិកតា មន្ទីរ​ខេត្ត​អាច​ជួយ​សម្រួល​ពួកគេ​ទិញ​ដី​ដោយផ្ទាល់​ម្ចាស់​ដី​»​។

ទោះបីជា​យ៉ាងណា​លោក​មិនអាច​ប្រាប់​ឈ្មោះ​ក្រុមហ៊ុន ពេលវេលា និង​ទុនវិនិយោគ​ពិតប្រាកដ​បានទេ ដោយសារ​តែ​លោក​មិន​មាន​ឯកសារ​នៅជាប់​ខ្លួន​។

បច្ចុប្បន្ន​សម្រាប់​កសិឧស្សាហកម្ម​នៅ​ខេត្តកំពង់ស្ពឺ​មាន​ផ្ទៃដី​ប្រហែល ៤៥ ០០០ ​ហិកតា សម្រាប់​ការដាំដុះ​អំពៅ និង ៤៥ ០០០ ​ហិកតា​ផ្សេងទៀត​សម្រាប់​ការដាំដុះ​ស្វាយ​។

លោក ងិន ឆាយ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​មិន​អាច​ទាក់ទង​សុំ​ការអត្ថាធិប្បាយ​បានទេ​កាលពី​ថ្ងៃអាទិត្យ​។

កាលពី​ខែកក្កដា​ឆ្នាំមុន ក្រុមហ៊ុន​ចិន​មួយ​មាន​ឈ្មោះ​ហៅថា Jiangsu Lianfa Textile ក៏បាន​គ្រោង​នឹង​វិនិយោគ​លើ​ឧស្សាហកម្ម​កែច្នៃ និង​ដាំដុះ​កប្បាស​ក្នុង​ខេត្តពោធិ៍សាត់​ផង​ដែរ ដើម្បី​កែច្នៃ​កំណាត់ និង​ការផ្គត់ផ្គង់​ដល់​រោងចក្រ​កាត់ដេរ​របស់​កម្ពុជា​។ ក្រុមហ៊ុន​នេះ​បាន​ទទួល​ការធ្វើ​តេស្ដ​បឋម​ប្រកប​ដោយ​ជោគជ័យ​រួចហើយ​នូវ​ដំណាំ​នេះ និង​កំពុង​ត្រៀម​ធ្វើតេស្ដ​លើក​ទី​ ២ លើ​ផ្ទៃដី​ទំហំ​ ១៨០ ​ហិកតា​ នៅ​ស្រុក​បាកាន ខេត្ត​ពោធិ៍សាត់​។

ឧស្សាហកម្ម​កប្បាស​របស់​ប្រទេស​កម្ពុជា​បាន​ធ្លាក់ចុះ​ក្នុង​អំឡុង​របប​ខ្មែរក្រហម នៅពេល​ធនធាន​កសិកម្ម​ស្ទើរតែ​ទាំងអស់​ត្រូវបាន​ទុក​សម្រាប់តែ​ការផលិត​ស្រូវ​។ នៅ​ចន្លោះ​ឆ្នាំ​ ១៩៦៥ និង​ឆ្នាំ​ ១៩៧៥ ឧស្សាហកម្ម​ដែល​បាន​បង្កើតឡើង​ដោយ​ប្រទេស​បារាំង​ផ្ទៃដី​ដំណាំ​នេះ​រាប់ពាន់​ហិកតា​ត្រូវ​បាន​ប្រមូលផល​ជា​រៀងរាល់​ឆ្នាំ​។ ដំណាំ​នេះ​ត្រូវបាន​កសិករ​កម្ពុជា​បោះបង់ចោល​ចាប់តាំងពី​ឆ្នាំ ១៩៨៥៕LA