ភ្នំពេញៈ ក្រុមហ៊ុនដែលបានប្រកាសសាងសង់ផ្លូវដែកមានតម្លៃ ៩,៦ ពាន់លាននៅកម្ពុជា កាលពីឆ្នាំ ២០១៣ បានត្រឡប់មកវិញហើយនៅពេលនេះដោយបានប្រកាសថា ពួកគេ «អាច» សម្លឹងទៅមើលការសាងសង់គម្រោងផ្លូវដែកផ្សេងទៀត ប៉ុន្តែមិនបានលើកឡើងពីការចាប់ផ្ដើមសាងសង់ផ្លូវដែក ដែលខ្លួនបានលើកឡើងកាលពីមុនឡើយ។
កាលពីខែមករា ឆ្នាំ២០១៣ ក្រុមហ៊ុន China Railway Group Limited បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយក្រុមហ៊ុន Cambodia Iron & Steel Mining Industry Group (CISMIG) ដើម្បីសាងសង់ផ្លូវដែកថ្មីមួយខ្សែមានស្ថានីយរង់ចាំ ១១ កន្លែងព្រមទាំង រោងចក្រដែកថែប នៅក្នុងខេត្ត ព្រះវិហារ ដែលការវិនិយោគនេះមានតម្លៃ ៩,៦ ពាន់លានដុល្លារអាមេរិក។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុននៅពេលនេះផ្លូវដែកនេះមានប្រវែង ៤០៥ គីឡូម៉ែត្រចាប់ពីតំបន់រុករករ៉ែខេត្តព្រះ វិហារ កាត់តាមខេត្តភាគខាងត្បូងដូចជា ខេត្តកំពង់ធំ ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺហើយចុងបញ្ចប់ខេត្តកោះកុង។ វានឹងមិនតភ្ជាប់ជាមួយខ្សែផ្លូវដែកដែលមានស្រាប់របស់ក្រុមហ៊ុន Toll Royal Railways នោះទេ។
តាមផែនការនេះ ក្រុមហ៊ុនត្រូវចាប់ផ្ដើមការសាងសង់របស់ខ្លួនកាលពីឆ្នាំមុន ប៉ុន្តែលោក Li Changjin ប្រធានក្រុមហ៊ុន China Railway បានប្រាប់កាសែត South China Morning Post កាលពីខែមេសា ថា ការងារលើខ្សែផ្លូវដែកមានប្រវែង៤០០គីឡូម៉ែត្រនេះត្រូវបានពន្យារពេលដោយសារតែបញ្ហាការផ្ដល់មូលនិធិ។
យោងតាមសេចក្ដីប្រកាសព័ត៌មានបានពីក្រសួងពាណិជ្ជកម្ម លោក Lu Bo ប្រធានរបស់ក្រុមហ៊ុន China Railway International Group ជួបជាមួយលោក ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្មកាលពីថ្ងៃពុធដើម្បីស្នើសុំឲ្យរដ្ឋាភិបាលជួយគាំទ្រ និងស្វែងរកការសិក្សារកលទ្ធភាពដើម្បីសាងសង់ផ្លូវដែកនេះនៅក្នុងប្រទេសកម្ពុជាដោយឈរលើគោលការណ៍ សាងសង់ ប្រតិបត្តិ ផ្ទេរ (B.O.T)។ ប៉ុន្តែមិនមានគម្រោងជាក់លាក់ត្រូវបានលើកឡើងនៅក្នុងសេចក្ដីប្រកាសព័ត៌មាននេះទេ។
លោក ស៊ុន ចាន់ថុល បានជំរុញឲ្យក្រុមហ៊ុននេះដាក់សំណើទាក់ទងនឹងផែនការគម្រោងសាងសង់នេះឲ្យក្រសួងសាធារណការ និងដឹកជញ្ជូន និង ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដើម្បីសុំការពិនិត្យសម្រេច។ លោក កែន រដ្ឋា អ្នកនាំពាក្យមិនអាចទាក់ទងសុំធ្វើអត្ថាធិប្បាយបានទេកាលពីថ្ងៃព្រហស្បតិ៍។
លោក លី បូរិន ប្រធានផ្លូវដែករបស់ក្រសួងសាធារណការ និងដឹកជញ្ជូនថ្លែងថាលោកមិនបានជួបជាមួយក្រុមហ៊ុននេះទេ។ លោកបន្តថា៖ «ខ្ញុំធ្លាប់បានចូលរួមប្រជុំជាមួយពួកគេពីមុន ប៉ុន្តែនៅពេលនេះខ្ញុំមិនមានព័ត៌មានថ្មីអំពីក្រុមហ៊ុននេះទេ ហើយបន្ទាប់មកក្រុមហ៊ុននេះស្ងប់ស្ងាត់រហូត។ តាមដែលខ្ញុំដឹងថា ក្រុមហ៊ុននេះមិនមានប្រាក់គ្រប់គ្រាន់»។
លោក Zhang Chuan Li ប្រធាន CISMIG បានប្រាប់អ្នកយកសារព័ត៌មាននៅក្នុងពិធីចុះហត្ថលេខាលើ MoU ថា ក្រុមហ៊ុនបានទទួលដីសម្បទានពីរដ្ឋាភិបាល ១ ៣០០គីឡូម៉ែត្រការ៉េ ហើយ១០គីឡូម៉ែត្រការ៉េនឹងត្រូវសាងសង់រោងចក្រនៅខេត្តព្រះវិហារ។
លោក Ngou Tieng Lung តំណាងក្រុមហ៊ុនចិន Union Development គ្រប់គ្រងដីសម្បទាន ៤៥ ០០០ហិកតា នៅខេត្តកោះកុងប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីខែមេសាថា ក្រុមហ៊ុននេះនឹងពិបាកក្នុងការសាងសង់ផ្លូវដែកឲ្យផុតពីការឆ្លងកាត់ដីរបស់ខ្លួនដែលមានទីលានវាយកូនគោល និងរមណីយដ្ឋានប្រណីត៕PB