ភ្នំពេញ: រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​ចិន​មាន​ចំណាប់អារម្មណ៍​វិនិយោគ​លើ​ការប្រមូលទិញ​ផ្លែឈើ​ស្រស់​ពី​កម្ពុជា​សម្រាប់​ការកែច្នៃ និង​វេចខ្ចប់​ដើម្បី​នាំចេញ​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន​។

លោក វេង សាខុន បាន​បញ្ជាក់​បែបនេះ​ក្រោយ​ជំនួប​ជាមួយ​លោក Wang Bingham អគ្គនាយក​ក្រុមហ៊ុន ធៀន ធៀន ដោយ​ពិភាក្សា​ពី​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​លើ​វិស័យ​កសិកម្ម​កាលពី​ថ្ងៃ​ចន្ទ​នៅ​ក្រសួង​កសិកម្ម​។

លោក សាខុន បាន​ឲ្យ​ដឹងថា គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​ដើរ​ស្របតាម​ផែនការ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​របស់​ក្រសួងកសិកម្ម​ក្នុង​ការជំរុញ​ផលិតកម្ម​ក្នុងស្រុក​តាមរយៈ​ការធ្វើ​ទំនើបកម្ម​កសិកម្ម ការកែច្នៃ វេចខ្ចប់ និង​នាំចេញ​ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​ស្វាគមន៍ និង​គាំទ្រ​ដល់​ក្រុមហ៊ុន​ពាក់ព័ន្ធ​នឹង​គម្រោង​វិនិយោគ​ប្រមូល​ទិញ កែច្នៃ វេចខ្ចប់ និង​នាំចេញ​ផ្លែឈើ​ស្រស់​ពី​ប្រទេស​កម្ពុជា​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន​»​។

លោក Wang Bingham អគ្គនាយក​ក្រុមហ៊ុន ធៀន ធៀន បាន​សិក្សា​រួច​ហើយពី​គុណភាព​នៃ​ផលិតផល​ផ្លែស្វាយ មៀន ខ្នុរ ធុរេន ដូងក្រអូប និង​ក្រូចថ្លុង​របស់​កម្ពុជា ដោយ​លោក​ជឿជាក់​ថា​ផលិតផល​ទាំងនេះ​នឹង​ទទួល​បាន​ការគាំទ្រ និង​មាន​ទីផ្សារ​ខ្ពស់​នៅ​ប្រទេស​ចិន​ក្នុង​ពេល​នាំទៅ​ដល់​ទីផ្សារ​នោះ​។ បើតាម​លោក សាខុន​។

លោក​រដ្ឋមន្ត្រី​ក៏បាន​ស្នើ​ឲ្យ​ក្រុមហ៊ុន​រៀបចំ​ការចុះ​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ​ក្រសួង កសិកម្ម​ដើម្បី​ឲ្យ​ក្រសួង​មាន​លទ្ធភាព​ជួយ​សម្របសម្រួល​ក្នុង​ការធ្វើ​ផលិតកម្ម​តាម​កិច្ចសន្យា​ជាមួយ​សហគមន៍ ពិសេស នីតិវិធី​នៃ​ការនាំចេញ​។

លោក ហ៊ុន ឡាក់ នាយក​ក្រុមហ៊ុន Longmate Agriculture Co. ដែល​វិនិយោគ​លើ​ចម្ការ​ចេកអំបូង​លឿង​ទំហំ ១ ០០០ ​ហិកតា​ នៅក្នុង​ខេត្តកំពត ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​អង្គារ​ថា មុន​នឹង​ជួបពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម តំណាង​ក្រុមហ៊ុន​នេះ​បាន​មក​ជួប​លោក​ដើម្បី​ស្វែងយល់​អំពី​ចង្វាក់​ផលិតកម្ម​នៃ​ក្រុមហ៊ុន​លោក​។

លោក​និយាយ​ថា​៖ «​ខ្ញុំ​គិតថា​ក្រុមហ៊ុន​នេះ​នឹង​ជួយ​នាំយក​កសិផល​ពី​កម្ពុជា​ចូល​ទៅ​ទីផ្សារ​ប្រទេស​ចិន បើសិន​កសិផល​យើង​មាន​ស្តង់ដា​សមស្រប គុណភាព​ល្អ និង​តម្លៃ​ល្អ​»​។

លោក​បន្តថា តំណាង​ក្រុមហ៊ុន​នេះ​បាន​ចាប់អារម្មណ៍​លើ​ផ្លែស្វាយ ខ្នុរ ធុរេន និង​ក្រូចថ្លុង​របស់​កម្ពុជា​ក្នុង​ការនាំ​យក​ទៅ​លក់​នៅ​ទីផ្សារ​ប្រទេស​ចិន​។ លោក​សង្ឃឹមថា ផ្លែឈើ​ហូប​ផ្លែ​របស់​កម្ពុជា​កាន់តែ​ច្រើនឡើង​នឹង​អាច​នាំចេញ​ទៅកាន់​ប្រទេស​ចិន​តាមរយៈ​ក្រុមហ៊ុន​ធំ​របស់​ចិន ខណៈ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​កម្ពុជា-ចិន​ នឹង​សម្រេច​បាន​នៅក្នុង​ឆ្នាំនេះ​។

លោក​និយាយថា​៖ «​ខ្ញុំ​បាន​ត្រៀម​រៀបចំ​កសិដ្ឋាន​ស្វាយ ហើយ​ខ្ញុំ​នឹង​ចងក្រង​សហគមន៍​ស្វាយ ដើម្បី​ជួយ​លើ​បច្ចេកទេស និង​ផ្តល់​ធាតុ​ចូល​ឲ្យ​ពួកគាត់​។ យើង​នឹង​ធ្វើ​កិច្ចសន្យា​ជាមួយ​គាត់​ប្រមូល​ទិញ​ផ្លែស្វាយ​ស្រស់​ពី​ពួកគាត់ យកមក​វេចខ្ចប់​នាំ​ចេញ​ទៅ​ចិន​»​។

បច្ចុប្បន្ន​ផ្លែស្វាយ​ស្រស់ និង​ចេកអំបូង​លឿង​ដាំដុះ​នៅ​កម្ពុជា​បាន​ទទួល​សិទ្ធិ​ក្នុង​ការនាំចេញ​ដោយផ្ទាល់​ទៅ​ទីផ្សារ​ចិន​។

ទិន្នន័យ​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បង្ហាញ​ថា ប្រទេស​កម្ពុជា​បាន​នាំចេញ​ផលិតផល​កសិកម្ម​សរុប​ជាង ២,៦៨ លាន​តោន​ ក្នុង​រយៈពេល​ ៧ ​ខែ ឆ្នាំ​ ២០២០ ដោយមាន​ផលិតផល​កសិកម្ម​ចំនួន ៦១ មុខ​ទៅ​ ៥៩ ​ប្រទេស​៕ LA