
គម្រោងសាងសង់ត្រូវបានបង្ហាញនៅជិតទីក្រុង ព្រះសីហនុ កាលពីដើមសប្តាហ៍នេះ។ ហេង ជីវ័ន
ភ្នំពេញៈ ក្រុមហ៊ុនសេវាកម្សាន្ត និងកាស៊ីណូ Suncity Group ដែលចុះបញ្ជីក្នុងផ្សារហ៊ុនក្រុងហុងកុង បានសម្រេចកិច្ចព្រមព្រៀងដៃគូយុទ្ធសាស្រ្តជាមួយក្រុមហ៊ុនចុះបញ្ជីនៅកម្ពុជាឈ្មោះ Golden Sun Sky Entertainment ដើម្បីសហការដំណើរគម្រោងបង្កើតរីសតមួយនៅខេត្ត ព្រះសីហនុក្នុងទឹកប្រាក់ ៣៦០ លានដុល្លារ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ Suncity Group។
យោងតាមឯកសារនៅផ្សារហ៊ុនហុងកុង (HKEX) ដៃគូយុទ្ធសាស្ដ្រនេះ រួមមានការផ្ដល់សេវាពិគ្រោះយោបល់ និងសេវាគ្រប់គ្រងរមណីយដ្ឋានពាណិជ្ជកម្មចម្រុះលើផ្ទៃក្រឡាសាងសង់ប្រហែល ៦៥០ ០០០ ម៉ែត្រក្រឡាដែលគ្រោងនឹងដាក់ឲ្យប្រតិបត្តិការត្រឹមចុងឆ្នាំ ២០១៩។
លោក Chau Cheok Wa ប្រធានក្រុមហ៊ុន Suncity Group បានថ្លែងនៅក្នុងសេចក្ដីប្រកាសព័ត៌មានថា៖ «ក្រុមហ៊ុនជឿជាក់ថាការចូលក្នុងកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ដ្រ នឹងពង្រីកទីតាំងឈរជើងរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា បន្ថែមលើគម្រោងរមណីយដ្ឋានពាណិជ្ជកម្មចម្រុះនៅក្នុងប្រទេស វៀតណាម»។
ក្រុមហ៊ុន Golden Sun Sky បានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មកម្ពុជា កាលពីខែមីនា ឆ្នាំ ២០១៧ ជាមួយនឹងអាជីវកម្មសណ្ឋាគារ និងរមណីយដ្ឋាន។ អាសយដ្ឋានរបស់ក្រុមហ៊ុននេះនៅក្នុងការចុះបញ្ជីមានទីតាំងនៅភូមិលេខ ៦ សង្កាត់លេខ ៤ នៅក្រុងព្រះសីហនុ។
លោក សេង ថៃឡេង ពាណិជ្ជករដែលគេមិនធ្លាប់ស្គាល់បានចុះឈ្មោះជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ប៉ុន្តែលេខទូរស័ព្ទដែលដាក់សម្រាប់ទាក់ទងនោះមិនអាចទាក់ទងបានទេ។
លោក យន្ត មីន អភិបាលខេត្តព្រះសីហនុបានឲ្យដឹងកាលពីម្សិលមិញថា លោកដឹងពីគម្រោងវិនិយោគរបស់ Golden Sun Sky ប៉ុន្តែមិនបានផ្ដល់កន្លែងជាក់លាក់ និងដំណើរការរបស់គម្រោងនេះទេ។
លោកបានបន្តថា បច្ចុប្បន្នមានរមណីយដ្ឋាន ៣០ និងកាស៊ីណូ ៤០ នៅខេត្តព្រះសីហនុដែលភាគច្រើនជាការវិនិយោគរបស់ចិន៕LA