ភ្នំពេញៈ ក្រុមហ៊ុន​ថ្មី​ចំនួន ២ ​របស់​ចិន​បាន​សម្រេច​វិនិយោគ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ (PPSEZ) លើ​ផែ្នក​បច្ចេកវិទ្យា​អេឡិចត្រូនិក ទោះបី​ជា​ពេលនេះ​ជំងឺ​កូវីដ ១៩ នៅតែ​បន្ត​រីក​រាលដាល​ក៏ដោយ​។

PPSP គឺជា​ក្រុមហ៊ុន​នៅ​ពីក្រោយ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ (PPSEZ) ដែលជា​សួន​ឧស្សាហកម្ម​មាន​ផ្ទៃដី​ទំហំ ៣៥៧ ​ហិកតា ស្ថិត​នៅក្នុង​ខណ្ឌ​កំបូល ជាយ​ទីក្រុង​ភ្នំពេញ​។

សេចក្ដី​ប្រកាស​ព័ត៌មាន​សប្តាហ៍​មុន​បាន​ឲ្យ​ដឹងថា ជំងឺ​កូវីដ ​១៩ បាន​បង្ក​ជា​ក្តីបារម្ភ​ដ៏ធំ​សម្រាប់​រដ្ឋាភិបាល និង​ប្រជាជន​ជុំវិញ​ពិភពលោក ប៉ុន្តែ​ក្រុមហ៊ុន​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​បាន​បន្ត​ដំណើរ​ទៅមុខ​ជាធម្មតា និង​មាន​មួយ​ចំនួន​កំពុង​ពង្រីក​បន្ថែម​ផងដែរ​។

លិខិត​ខាងលើ​បាន​បន្តថា ការសម្លឹង​មើល​អំពី​អត្ថប្រយោជន៍​ដែល​ប្រទេស​កម្ពុជា​ផ្ដល់​ដល់​ក្រុម​វិនិយោគិន និង​ឱកាស​ប្រកប​ដោយ​សក្ដានុពល​បាន​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ចិន​ចំនួន​ ២ ចូលមក​វិនិយោគ​នៅក្នុង PPSEZ​។

SEIKAWA (Cambodia) Technology Co., Ltd គឺជា​ក្រុមហ៊ុន​ផលិត​គ្រឿងបន្លាស់​ប្លាស្ទិក​សម្រាប់​ឧបករណ៍​អគ្គិសនី និង​អេឡិចត្រូនិក​មកពី​ប្រទេស​ចិន​បាន​វិនិយោគ​លើ​ចង្វាក់​ផ្គត់ផ្គង់​មួយ​សម្រាប់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ជាន់ខ្ពស់​ដ៏ល្បី​របស់​ប្រទេស​ជប៉ុន​នៅក្នុង​ប្រទេស​កម្ពុជា​។

ចំណែក WCFO (Cambodia) Co., Ltd គឺជា​ក្រុមហ៊ុន​ចិន​មួយ​ផ្សេងទៀត ដែល​កំពុង​ផលិត​ឧបករណ៍​ហ្វាយប៊ឺអុបទិក និង​នាំ​ចេញ​ទៅ​ទិសដៅ​ប្រទេស​ជប៉ុន និង​អាមេរិក​។

ក្រុមហ៊ុន​ទាំង​ ២ ​បាន​សម្លឹង​ឃើញ​ប្រទេស​កម្ពុជា​ជា​មូលដ្ឋាន​ទិសដៅ​ថ្មី​មួយ​ដោយ​សារភាព​សម្បូរបែប​នៃ​កម្លាំង​ពលកម្ម​វ័យក្មេង​មាន​តម្លៃ​ទាប និង​មាន​ភាពអនុគ្រោះ​ច្រើន​ពី​បណ្ដា​ប្រទេស​អភិវឌ្ឍន៍ ជាពិសេស​ក្នុង​ស្ថានការ​ជម្លោះ​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​ប្រទេស​ចិន​។

លោក លឹម ហេង អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃអាទិត្យ​ថា ការវិនិយោគ​របស់​ប្រទេស​ចិន​នៅពេល​ថ្មីៗ​នេះ​នៅ​កម្ពុជា​កំពុង​ទទួល​បាន​អត្ថប្រយោជន៍​ពី​រដ្ឋាភិបាល​របស់​ប្រទេស​ចិន​នៃ​គម្រោង​ខ្សែក្រវាត់​ ១ ផ្លូវ​ ១ ​។ លោក​បន្តថា កម្ពុជា​ក៏​កំពុង​ទទួល​អត្ថប្រយោជន៍​ពី​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​ចិន​ផង​ដែរ ជាពិសេស​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា ចិន នឹង​ត្រូវ​ចុះហត្ថលេខា​ក្នុង​ពេល​ឆាប់ៗ​នេះ​។

លោក​បញ្ជាក់ថា​៖ «​ក្រុមហ៊ុន​ទាំង ២ ​នេះ​នឹង​ស្វែងរក​ឱកាស​នេះ​ ដើម្បី​​វិនិយោគ​នៅ​ប្រទេស​យើង ដើម្បី​ផលិត និង​នាំ​ចេញ​ទៅ​ប្រទេស​ចិន អាមេរិក អឺរ៉ុប និង​បណ្ដា​ប្រទេស​អាស៊ាន​ផងដែរ​។ យើង​រីករាយ​ដែល​មាន​ក្រុម​វិនិយោគិន​ជាច្រើន​ចូលមក​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​»​។

លោក ហាក់ សេរី អ្នកគ្រប់គ្រង​ផ្នែក​បម្រើ​សេវា​អតិថិជន​នៅ PPSP បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ខែ​ឧសភា ថា PPSP មាន​ក្រុមហ៊ុន​សរុប ១០៨ ដែល​ប្រតិបត្តិការ​នៅក្នុង PPSEZ​។ លោក​បន្តថា​៖ «​បច្ចុប្បន្ន​គម្រោង​ពេញ​អស់ហើយ​។ យើង​កំពុង​គ្រោង​នឹង​ពង្រីក​ទៅកាន់​តំបន់​ផ្សេងទៀត​»​។

PPSP បាន​រាយការណ៍​ថា PPSEZ មាន​ទំហំ​ពាណិជ្ជកម្ម ១,១៣៩ ពាន់​លាន​ដុល្លារ​ កាលពី​ឆ្នាំមុន កើន​ ១៤ ​ភាគរយ ​ធៀប​នឹង​ឆ្នាំ​ ២០១៨​។

ទិន្នន័យ​ក្រសួង​សេដ្ឋកិច្ច​បង្ហាញ​ថា កម្ពុជា​បាន​នាំចេញ​ទំនិញ​តម្លៃ ២,៦៨ ​ពាន់​លាន​ដុល្លារ ​តាមរយៈ​តំបន់​សេដ្ឋកិច្ច​ពិសេស​កាលពី​ឆ្នាំមុន កើន​ ២៧ ​ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០១៨​។

បច្ចុប្បន្ន​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន ៥៤ ​ទីតាំង ​កំពុង​ដំណើរការ​នៅ​កម្ពុជា និង​មាន​ក្រុមហ៊ុន ៤៦៥ កំពុង​ប្រតិបត្តិការ​ដោយ​បង្កើត​ការងារ​ជាង ១០០ ០០០ ​កន្លែង​៕ LA